Sunday, September 19, 2021

គួរ​​ឲ្យ​អាសូរ​! នារី​ម្នាក់​ចែករំលែក​ភស្តុតាង​​​ដ៏​ឈឺចាប់​​​របស់ខ្លួន​លើ​បណ្តាញ​សង្គម បន្ទាប់​រង​ការប៉ុនប៉ង​រំលោភ​ដោយ​បុគ្គលិក​សណ្ឋាគារ​

​ថ្មីៗ​នេះ នារី​ម៉ាឡេស៊ី​ម្នាក់​បាន​ចែករំលែក​ពីបទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​ខ្លាច​របស់​នាង នៅលើ​ហ្វេ​ស​ប៊ុ​ក នៅពេលដែល​នាង​ស្ទើរតែ​ត្រូវបាន​រំលោភ ដោយ​បុគ្គលិក​សណ្ឋាគារ​ម្នាក់ ដែល​បាន​ពុំ​ដឹងថា​បាន​គ្រប់គ្រង​ចូលទៅក្នុង​បន្ទប់​របស់​នាង​នៅ​ព្រឹក​ព្រលឹម​ដោយ​វិធី​ណា​? ។​

​ផ្អែក​តាម​ការ​ផុស​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដែល​កំពុង​ទទួល​ការចាប់អារម្មណ៍ នោះ​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល ៧ និង ២០ នាទី ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំមុន ។ នាង​បាន​កក់​បន្ទប់​សណ្ឋាគារ​៣​ថ្ងៃ សម្រាប់​ថ្ងៃ​ឈប់សម្រាក នៅឯ​រមណីយដ្ឋាន​មួយ​នៅក្នុង Langkawi ។ ប៉ុន្តែ ខណៈ​នាង​កំពុង​រីករាយ​ចិត្ត​យ៉ាងខ្លាំង​ជាមួយ​វិស្សមកាល​សម្រាក​លំហែកាយ នៅពេលនោះ នាង​ក៏បាន​ឆ្លងកាត់​បទពិសោធន៍​នៃ​ការរំលោភបំពាន​ដ៏​គួរ​ឲ្យ​ខ្លា​ចមួយ នៅក្នុង​បន្ទប់​សណ្ឋាគារ ។

​ខណៈ​នាង​ភ្ញាក់​ពី​គេង​នៅ​ម៉ោង ៧ ព្រឹក នៅ​ថ្ងៃទី​២ ហើយ​កំពុង​គេង​នៅលើ​គ្រែ​ស្ថិតក្នុង​សម្លៀកបំពាក់​ហាត់ប្រាណ សម្រាប់​រត់​កីឡា នៅពេលនោះ នាង​បាន​កត់សម្គាល់ឃើញ​ស្រមោល​មួយ ស្ថិតនៅ​ពី​ខាងក្រោយ​បន្ទះ​កញ្ចក់​មួយ នៅក្នុង​បន្ទប់​គេង​របស់​នាង ។​

​នាង​សរសេរថា​៖ «​ខ្ញុំ​បាន​សួរថា​តើ​អ្នកជា​នរណា​គេ​? នៅពេលនោះ ស្រាប់តែ​បុរស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​អត់​ពាក់អាវ និង​ស្លៀកខោ​ជើងវែង​បានបង្ហាញ​ខ្លួន​ភ្លាមៗ និង​រុញ​ខ្ញុំ​ទៅនឹង​គ្រែ ។ ខ្ញុំ​បានចាប់ផ្តើម​ស្រែក និង​ប្រឹង​តស៊ូ​រើ​បម្រាស់ ។ បុរស​នោះ បាន​ខ្ទប់មាត់​ខ្ញុំ ហើយ​ស្នើ​ឲ្យ​ខ្ញុំ​ឈប់​ស្រែក ។ ខ្ញុំ​ក៏​សួរ​គាត់​ថា តើ​អ្នក​ចង់បាន​អ្វី​ពី​ខ្ញុំ​? អ្នក​ចង់បាន​លុយ​មែន​?» ។​

​អ្វីៗ​ធ្វើ​ឲ្យ​នាង​រន្ធត់​កាន់​ខ្លាំង ខណៈ​បុរស​នោះ​និយាយថា «​ខ្ញុំ​ចង់បាន​នាង​» ហើយ​នាង​ចាប់ផ្តើម​ប្រតាយប្រតប់​ជាមួយ​គាត់ ។ នៅ​ចំណុច​មួយ​នោះ នាង​សូម្បីតែ​អាច​ដាល់​គាត់​១​ដៃ​ចំ​ច្រមុះ​រហូត​ចេញឈាម ។ សំណាង​ណាស់ ដោយសារ​វាយតប​តរបស់​នាង មាន​ឥទ្ធិពល​ខ្លាំង​នៅលើ ជាហេតុ​ធ្វើ​ឲ្យ​បុរស​នេះ​រុញ​នាង​ចូល​បន្ទប់ទឹក ហើយ​បិទទ្វារ ដើម្បី​បាន​ឱកាស​រត់គេចខ្លួន ។​

​នាង​បាន​ទូរស័ព្ទ​ទៅកាន់​កន្លែង​ទទួលភ្ញៀវ ឲ្យ​ជួយសង្គ្រោះ ហើយ​ពួកគេ​ក៏បាន​បញ្ជូន​ឡាន (buggy) មួយ​ទៅកាន់​បន្ទប់​របស់​នាង ដែល​បើក​ដោយ​បុរស​ម្នាក់​ដែល​មើលទៅ​គួរ​ឲ្យ​កត់សម្គាល់​ដូច​អ្នក​វាយប្រហារ​រប​ស់​នាង ។ នាង​បានចេញ​ក្រៅ​នៅវេលា​ម៉ោង ៨ និង ៣០ នាទី ហើយ​អ្នកបើកបរ​តែមួយ បាន​ជូន​នាង​វិល​ត្រឡប់មក​បន្ទប់​រប​ស់​នាង​វិញ ទីកន្លែង​ដែល​នាង​ចាប់ផ្តើម​ខ្ចប់ និង​នាំយក​កម្រាល​ប្រឡាក់​ឈាម​ទៅជា​មួយ​នាង ដើម្បី​ធ្វើជា​ភស្តុតាង ។​

​នាង​បាន​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស Kuala Teriang ដើម្បី​ប្តឹង​នៅវេលា​ម៉ោង​ប្រហែល ១០ ព្រឹក ហើយ​ពួកគេ​បាន​បញ្ជូន​នាង​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ ។ សំណាង ដែល​នាង​ពុំ​រងរបួស​ណាមួយ នៅលើ​ខ្លួនប្រាណ​របស់​នាង ។​

​បន្ទាប់ពី​បើក​ស៊ើបអង្កេត​មិនយូរប៉ុន្មាន ប៉ូលីស​បាន​ឈានទៅ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​អ្នកបើកបរ buggy របស់​សណ្ឋាគារ ។ ប៉ូលីស​និយាយថា យុវជន​អាយុ ១៧ ឆ្នាំ នោះបាន​សារភាព បន្ទាប់ពី​សាកសួរ​ចម្លើយ​មួយសន្ទុះ​ធំ ប៉ុន្តែ គាត់​បាន​បដិសេធថា គាត់​ប៉ុនប៉ង​រំលោភ​នាង​ទេ ។​

​នាង​និយាយថា​៖ «​ប៉ូលីស​បាន​ប្រាប់​ខ្ញុំ​ថា ជនសង្ស័យ​រូបនោះ​បាន​សារភាពថា បំណង​របស់គាត់​ចូលទៅក្នុង​បន្ទប់ គឺ​ដើម្បី​រំលោភ​ខ្ញុំ ប៉ុន្តែ នៅពេល​គាត់​ដឹងថា នាង​ភ្ញាក់​ដឹងខ្លួន គាត់​ក៏បាន​លាក់ខ្លួន​នៅក្នុង​បន្ទប់​ខ្ញុំ​តែម្តង ។ គាត់​បាន​យក​សោរ​ទៅកាន់​បន្ទប់​របស់ខ្ញុំ​ពី​កន្លែង​រក្សាទុក ហើយ​បាន​ដោះ​អាវយឺត​របស់គាត់​ចេញ ព្រោះ​គាត់​មិន​ចង់​ឲ្យ​គេ​ស្គាល់​ថា​ជា​បុគ្គលិក​សណ្ឋាគារ​» ៕ ចន្ទី (worldofbuzz)​