Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រាប់​ប្រជាពលរដ្ឋ ឲ្យ​បន្ដ​ជឿ​ទុកចិត្ដ​លើ​រាជរដ្ឋាភិបា​ល លើ​មន្ទីរពេទ្យ​គន្ធបុប្ផា សេវា​របស់​មន្ទីរពេទ្យ នៅតែ​មាន​ស្ដង់ដារ​

spot_img

​ភ្នំពេញ ​៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ប្ដេជ្ញា​ថា នឹង​បន្ដ​ធានា​រក្សា​នូវ​និរន្ដរភាព ប្រតិ​បត្ដិកា​ររបស់​មន្ទីពេទ្យគ​ន្ធ​បុប្ផា ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ដូច​ដើម ទោះបីជា​បាត់បង់​លោក​សាស្ដ្រាចារ្យ Beat Richner ដែល​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ។​

​ក្នុង​ឱកាសលោក​ឧបនាយករដ្ឋមន្ដ្រី ដឹកនាំ​គណៈប្រតិភូ ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ចំពោះ​មរណភាព របស់​ស្ថាបនិក​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​កម្ពុជា លោក​សាស្ត្រាចារ្យ បេអា​ត រិច​ឈ្នឺ​រ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​។ លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​បាន​បង្កើតឡើង ដោយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន នៅតែ​បន្ដ​ទ្រទ្រង់​រក្សា​ការពារ ស្ដង់ដា​គុណភាព​នៃ​សេវា​សុខាភិបាល របស់​មន្ទីរពេទ្យ​នៅ​ដដែល ។​

​លោក​ឧបនាយករដ្ឋមន្ដ្រី បាន​ថ្លែង​ទៀតថា ក្នុងនាម​ជា​ប្រធាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា យើង​ប្ដេជ្ញា​ថា នឹង​បន្ដ​ធានា​រក្សា​នូវ​និរន្ដរភាព ប្រតិ​បត្ដិកា​ររបស់​មន្ទីពេទ្យគ​ន្ធ​បុប្ផា ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ដូច​ដើម​។ ដោយ​កន្លងមក យើង​ធ្លាប់​ធ្វើការ​ជាមួយ​លោក​សាស្ដ្រាចារ្យ បេអា​ត រិច​ឈ្នឺ​រ ច្រើនដង​មក​ហើយ ដើម្បី​ពិភាក្សា​គ្នា ពី​ការរៀបចំ​មន្ទីរពេទ្យ​នេះ ឲ្យ​ធានាបាន​នូវ​និរន្ដរភាព​នៃ​ការងារ និង​កិច្ចសហប្រតិបត្ដិការ ហើយ​ធ្វើឲ្យ​មន្ទីរពេទ្យនេះ ឲ្យ​ស្ថិតនៅក្រោម​ការទទួលខុ​សត្រូវ​របស់​កម្ពុជា ដើម្បី​ប្រជាជន និង​កុមារ​កម្ពុជា​។ ដូចនេះ ខ្ញុំ​គិតថា វិញ្ញាណក្ខន្ធ​របស់ លោក​នឹង​សោយ​សុគតិភព​បាន​ហើយ ដោយសារតែ​បំណងប្រាថ្នា​របស់​លោក អាច​សម្រេចបាន តាមរយៈ​រាជរដ្ឋាភិបាល បាន​ផ្ដល់​ការយកចិត្ដទុកដាក់​ខ្ពស់ ក្នុង​ការរៀបចំ និង​កែសម្រួល​ការដឹកនាំ និង​រក​នូវ​ហិរញ្ញប្បទាន ដើម្បី​គាំទ្រ​ដល់ កិច្ចសហប្រតិបត្ដិការ របស់​មន្ទីរពេទ្យ​គន្ធបុប្ផា តាម​ការ​ដែល​លោក Beat Richner ស្រមៃ​ចង់បាន​។ ក្រុមការងារ​ដែល​ធ្លាប់​ធ្វើ​ការងារ​ជិត​សិទ្ធ​ជាមួយ លោក​វេជ្ជបណ្ឌិត Beat Richner ហើយ​ពេលនេះ យើង​ក៏​ប្ដេជ្ញា​ចិត្ដ​រួម​គ្នា​ខ្ពស់ ក្នុង​ការរក្សា​ស្ដង់ដារ​គុណភាព នៃ​សេវា​សុខាភិបាល របស់​មន្ទីរពេទ្យ នឹង​បន្ដ​កិច្ចសហការ​ជាមួយ​មូលនិធិ​គន្ធបុប្ផា​ស្វីស និង​មន្ទីរពេទ្យ​គន្ធបុប្ផា​កម្ពុជា ដើម្បី​បន្ដ​ជួយ​ដោះស្រាយ​ផ្នែក​ហិរញ្ញប្បទាន ។ សម្រាប់​ក្រសួង​សុខាភិបាល និង​មន្ទីរពេទ្យ​គន្ធបុប្ផា​ផ្ទាល់ នឹង​បន្ដ​ការងារ​ផ្នែក​បច្ចេកទេស ដើម្បី​រក្សា​ស្ដង់ដារ​នៃ​ការគ្រប់គ្រង ស្ដង់ដា​នៃ​សេវា​សុខាភិបាល ធានា​ថា​មិនឲ្យ​មាន​ការធ្លាក់ចុះ​នូវ​គុណភាព​នោះទេ នឹង​បន្ដ​ឲ្យមាន​ការកែលម្អរ​កាន់​តែប្រ​សើរ​បន្ថែមទៀត ។​

​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បន្ដ​ជឿ​ទុកចិត្ដ​លើ​រាជរដ្ឋាភិបា​ល លើ​មន្ទីរពេទ្យ​គន្ធបុប្ផា សេវា​របស់​មន្ទីរពេទ្យ នៅតែ​មាន​ស្ដង់ដារ​សេវាសាធារណៈ ស្ដង់ដារ​នៃ​ការគ្រប់គ្រង​មន្ទីរពេទ្យ ហើយ​នឹង​ការធានា​នូវ​និរន្ដរភាព​នៃ​ប្រតិ​បត្ដិកា​រ​មន្ទីរពេទ្យ មិន​ត្រូវបាន​បាត់បង់​នោះទេ មានតែ​ការពង្រឹង​បន្ថែមទៀត ហើយ​សូមឲ្យ​ប្រជាពលរដ្ឋ ទាំងអស់​គ្រប់​ស្រទាប់វណ្ណៈ បន្ដ​គាំទ្រ នូវ​កិច្ច​ប្រតិ​បត្ដិកា​ររបស់​មន្ទីរពេទ្យ​នេះ​, ហើយ​ផ្នែក​ហិរញ្ញប្បទាន គឺ​គាំទ្រ​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា តាមរយៈ​ការចូលរួម​វិភាគទាន ជា​សមាជិក​តាម​ប្រភេទ ដែល​មាន​បច្ចុប្បន្ន​នេះ​និង​មាន​បន្ដទៀត ជា​សមាជិក​កិត្ដិយស និង​សមាជិក​គាំទ្រ ដែល​មូលនិធិ​គន្ធបុប្ផា​កម្ពុជា នឹង​នៅតែ​បន្ដធ្វើ ដើម្បី​កៀរគរ​ហិរញ្ញប្បទាន មក​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×