Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេជោ ហ៊ុន សែន ជួប​ក្រុមហ៊ុន​វិនិយោគ​ធំៗ​ចិន​ចំនួន ៨

spot_img

​ប្រទេស​ចិន ​៖ នៅ​រសៀល​ថ្ងៃ​ទី ១១ កញ្ញា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​បន្ត​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ធំៗ​ចិន​ចំនួន​៨ ដូចជា ក្រុមហ៊ុន 1)Xiaomi Corporation, 2)Zhejiang Geely Holding Grou, 3)CHINT Group Co., Ltd, 4)Dongming Petrochemical Group, 5)Futong Group Co., Ltd, 6)Hollry Group, 7)ENN Group Holding Limited, នឹង 8)China Minseng Investment group​។​

​ក្រុមហ៊ុន​ទាំង​នេះ​ស្ថិត​ក្នុង​សហព័ន្ធ​សភា​ពាណិជ្ជកម្ម​ចិន ដែល​ក្នុងនោះ​គឺ​មាន​ក្រុមហ៊ុន​ភាគច្រើន​បាន និង​កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ជាង​១០​ឆ្នាំ​មកហើយ​លើ​វិស័យ​កសិកម្ម​, កំពង់ផែ ថាមពល​, វា​រី​អគ្គីសនី​។ តំណាង​ក្រុមហ៊ុន​ទាំងអស់​មាន​ការ​កក់ក្តៅ​ដែល​សម្តេច​បាន​អញ្ជើញ​ទៅ​ចូលរួម​សម្ពោធ និង​បន្ត​ការគាំទ្រ​លើកទឹកចិត្ត​ដល់​ពួកគេ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​អំពី​ការគាំទ្រ​ចំពោះ​ក្រុមហ៊ុន​ទាំងចាស់​ទាំងថ្មី ដែល​មាន​បំណង​វិនិយោគ​នៅ​កម្ពុជា​។ ទន្ទឹមនឹងនោះ​ដែរ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​លើកទឹកចិត្ត ដល់​ក្រុមហ៊ុន​ទាំងអស់​ក្នុង​ការវិនិយោគ​នៅ​កម្ពុជា ដោយ​គ្មាន​ការរើសអើង​ឡើយ​។​

​បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​កិច្ចសន្ទនា​តុមូល ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ចិន​រួច​ហើយ​មក នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ឆ្លើយ​នូវ​សំណួរ​មួយចំនួន ដែល​លើកឡើង​ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន​៦ របស់​ចិន ដែល​កំពុង​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​។​

​ជាមួយ​នឹង​សំណួរ​ដែល​លើកឡើង​ដោយ​ក្រុមហ៊ុន​ទាំង​៦ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ការគូសបញ្ជាក់​យ៉ាង​មុតមាំ​ថា​រាជរដ្ឋាភិបាល​ថ្មី​នីតិកាល​ទី​៦ ដែល​ដឹកនាំ​ដោយ​សម្តេច​ផ្ទាល់ នឹង​បន្ត​ជំរុញ​លើកទឹកចិត្ត និង​ផ្តល់​នូវ​ការ​គាំពារ​ខ្ពស់​ចំពោះ​អ្នក វិនិយោគទុន​បរទេស​ទាំងអស់ ក្នុងនោះ​រាប់​ទាំង​វិនិយោគទុន​ចិន​ដែល​មាន​វត្តមាន​នៅ​ទីនេះ និង ដែល​មាន​គម្រោង​ទៅ​បណ្តាក់​វិនិយោគ​ក្នុងប្រទេស​កម្ពុជា នៅ​ថ្ងៃ​អនាគត​ផង​ដែរ​។ ជាមួយ​នឹង​ការលើកឡើង​នោះដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​គូស បញ្ជាក់ដល់​អ្នកវិនិយោគ​ទុន​ចិន ពី​គម្រោង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ស្នើ​ដល់​រដ្ឋាភិបាល​ចិន ក្នុង​ការផ្តល់​កម្ចីសម្បទាន​ដល់ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ក្នុងប្រទេស​កម្ពុជា ដែល​ក្នុងនោះ​មាន​ការតភ្ជាប់​ផ្ទៃ​ក្នុង​ប្រទេស និង​ការតភ្ជាប់​ជាមួយនឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក៏ដូចជា​ការតភ្ជាប់​ទៅកាន់​ប្រទេស ចិន តាមរយៈ​ផ្លូវទឹក ផ្លូវគោក និង​ផ្លូវអាកាស​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ទៅកាន់​បណ្តា​ក្រុមហ៊ុន​ចិន កុំ​មាន​ការភ័យខ្លាច​ទៅ​លើ​ការ​លុប​កុងត្រា ចាស់​ណាមួយ ពី​សំណាក់​ក្រុមហ៊ុន​វិនិយោគទុន តែ​ផ្ទុយទៅវិញ​រាជរដ្ឋាភិបាល​ថ្មី នីតិកាល​ទី​៦​ក្រោម​ការដឹកនាំ​ដោយ​ផ្ទាល់​ពី​សម្តេច​តេជោ សម្តេច​នឹង​បន្ត​ការពារ​នូវ​រាល់​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ទាំងអស់ ក្នុងប្រទេស​កម្ពុជា​។​

​ឆ្លៀត​នៃ​ការ​ថ្លែង​សុន្ទរកថា​នោះដែរ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​បាន​បន្ត​ធ្វើ​ការអំពាវនាវ​ដល់​បណ្តា​ក្រុមហ៊ុន​វិនិយោគ​ចិន​ទាំងអស់ ត្រូវ​បន្ត​មក​បណ្តាក់ទុន ក្នុងប្រទេស​កម្ពុជា​ឲ្យបាន​កាន់តែ​ច្រើនឡើង ព្រោះ​កម្ពុជា​នៅ​មាន​សក្តានុពល​ជាច្រើន ក្នុង​ការវិនិយោគ ដើម្បី​ជម្រុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ថែម​ទៀត​។​

​នៅ​ព្រឹក​ថ្ងៃទី​១១​កញ្ញា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចសន្ទនា​តុមូល​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធំៗ​នៃ​ប្រទេស​ចិន​ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា​ចំនួន​៦​។ កិច្ច សន្ទនា​នេះ​ក៏​មាន​ការចូលរួម​ពី លោក ឈិន ចូ​វ អនុប្រធាន នៃ​ក្រុមប្រឹក្សា​ជម្រុញ​ពាណិជ្ជកម្ម អន្តរជាតិ ចិន លោក ឈិន វូ អភិបាល​តំបន់​ស្វយ័ត​ក្វាង​ស៊ី រួម​ទាំង​តំណាង​ក្រុមហ៊ុន ព្រមទាំង​មាន​អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ​ជាច្រើន​រូប​ផងដែរ​។​

​លោក ឈិន វូ អភិបាល​តំបន់​ស្វយ័ត​ជនជាតិជ័​ង​ក្វាង​ស៊ី ក៏ដូចជា​ប្រជាជន​ចិន បានចាត់ទុក សម្តេច​តេជោ គឺជា​មិត្ត​ចាស់​និង​ជា​មិត្ត​ដ៏​ល្អ​ទុកចិត្ត​បាន​របស់​ប្រទេស និង​ប្រជាជន​ចិន​។ សម្តេច​តេជោ គឺ​ជា​មេដឹកនាំ​អាស៊ាន​មួយរូប ដែល​មាន​វត្តមាន​អញ្ជើញ​មក​ចូលរួម​ពិ​ព័​រណ៌​ចិន​-​អាស៊ាន និង​វេទិកា​ធុរកិច្ច​ចិន​-​អាស៊ាន ច្រើន​ជាង​គេ​នៅ​ទីក្រុង​ណាន​នី​ង​។​

​សម្តេច​តេជោ ហ៊ុន សែន ស្វាគមន៍​និង​អបអរសាទរ​ចំពោះ​កិច្ចសន្ទនា​តុមូល​ជាមួយ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ក្នុង​ការជំរុញ​ពាណិជ្ជ កម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ជំរុញ​ការវិនិយោគ​ពី​ប្រទេស​ចិន​ទៅ​កាន់​កម្ពុជា​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ក្នុងរយៈពេល ២០ ឆ្នាំ​ចុងក្រោយ​នេះ គឺ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ ដែល​ជា​កត្តា​កំណត់​ឲ្យមាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ទទួលបាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់ គឺ​ប្រមាណ ៧,៦% ចន្លោះ​ឆ្នាំ ១៩៩៤-២០១៥ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ ៦ ក្នុងចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​នៅលើ​ពិភពលោក​។ នៅ​ឆ្នាំ ២០១៧ អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ទទួលបាន ៧% ហើយ​រំពឹង​ថា​កំណើត​សេដ្ឋកិច្ច​នឹង​ខ្ពស់ជាង ៧% នៅ​ឆ្នាំ ២០១៨ នេះ​។ សម្រាប់​រាជរដ្ឋា ភិបាល​អាណត្តិ​ទី ៦ នៃ​រដ្ឋសភា កម្ពុជា​នៅតែ​បន្ត​ធានាឲ្យបាន​នូវ​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ធានាបាន​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​ដ៏​ល្អ​ប្រសើរ​សម្រាប់​វិនិយោគិន​បរទេស ជាពិសេស វិនិយោគិន​ពី​ប្រទេ​សចិ​ន​។

ដោយឡែក​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន ក៏​មាន​ការកើនឡើង​គួរឲ្យ​កត់សម្គាល់​ក្នុងរយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយ​បាន​កើនឡើង​ដល់ ៥,៨ ប៊ី​លាន​ដុល្លារ​អាមេរិក តាម​ស្ថិតិ​ឆ្នាំ ២០១៧ គឺ​កើនឡើង​ប្រមាណ ២២% ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​។

សម្រាប់​ការវិនិយោគ​ពី​ប្រទេស​ចិន​មាន​ការកើនឡើង​គួរឲ្យកត់សម្គាល់ រយៈពេល​បី​ឆ្នាំ​កន្លងទៅនេះ ដោយ​បាន​កើនឡើង​ពី​ប្រមាណ ៩០០ លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០១៦ ដល់ ១,៦ ប៊ី​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០១៧ និង​ក្នុង​រយៈពេល ៧ ខែ​ដើមឆ្នាំ ២០១៨ នេះ​បាន​កើន​ដល់ ២,៨ ប៊ី​លាន​ដុល្លារ​អាមេរិក​។ អ្នកទេសចរ​ចិន​ទៅ​ទស្សនា​កម្ពុជា​វិញ បាន​កើនឡើង​ដល់ ១,៣ លាន​នាក់ ហើយ​មាន​ក្រុមហ៊ុន​អាកាសចរណ៏​ចិន​ចំនួន ១៦ ក្រុមហ៊ុន​កំពុង​ប្រតិបត្តិ​ការហោះហើរ​ត្រង់​ពី​ចិន​ទៅ​កម្ពុជា​។ លើសពីនេះ​ទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ទេសចរណ៏​រវាង​ប្រទេស​ទាំង​ពីរ ក្រុមហ៊ុន​អាកាសចរណ៍ AirChina នឹង​បើក​ជើងហោះហើរ​ត្រង់​ពី​ប៉េកាំង​ទៅ​ភ្នំពេញ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​កម្ពុជា​មាន​សក្តានុពល​វិនិយោគ​ធំៗ លើ​វិស័យ​អាទិភាព​ជាច្រើន​របស់​រា​ជ​រដ្ឋាភិបាល ដូចជា​វិស័យ​កសិកម្ម​, ក​សិ​-​ឧស្សាហកម្ម​, ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​ឧស្សាហកម្ម​, ឧស្សាហកម្ម​នាំចេញ រ៉ែ និង​ថាមពល​,​ទេសចរណ៍ និង​វិស័យ​ហិរញ្ញវត្ថុ​ជា​ដើម​។ វិស័យ​អាទិភាព និង​ប្រកបដោយ​សក្តានុពល​ទាំងនេះ នៅ​មិនទាន់​មាន​ការអភិវឌ្ឍ ពេញលេញ​នៅឡើយ ដោយ​រង់ចាំ​ការវិនិយោគ​ដោយ​ផ្ទាល់​ពី​វិនិយោគិន​បរទេស ជាពិសេស​វិនិយោគិន និង​សហគ្រិន​ពី​ប្រទេស​ចិន​។ ជាមួយនឹង​បរិបទ​តំបន់​ដែល​កំពុង​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស និង​បន្ត​កំណើនសេដ្ឋកិច្ច​ខ្ពស់​រាជរដ្ឋាភិបាល​តែងតែ​បុរេ​សកម្ម​ក្នុង​ការកែទម្រង់​, ការរៀបចំ និង​ការដាក់ចេញ​នូវ​ផែនការ​, គោលនយោបាយ​សេដ្ឋកិច្ច និង​គោ​លន​យោ​បាល​វិនិយោគ​, និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រឹង និង​ទន់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​វិស័យ​ឯកជន​, ជា​ពិសេស​ធ្វើ​យ៉ាងណា​ជំរុញ​អោយ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​កា​ន់​តែ​ល្អប្រសើរ​ឡើង​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើសុំ​អោយ​ភាគី​ចិន​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​និង​កាលានុវត្តភាព​វិនិយោគ​ដែល​មាន​នៅ​កម្ពុជា និង​ជួយ​ជំរុញ​ឲ្យ​វិនិយោគិន​ដទៃៗ​ទៀត​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​យើង​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×