Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ស្តីទី ៖ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ពង្រឹង​ការងារ​គ្រប់គ្រង គណបក្សនយោបាយ

spot_img

​ភ្នំពេញ ​៖ សម្ដេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង គណបក្សនយោបាយ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង​ពង្រឹង​ការតាមដាន ការអនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ តាម​ច្បាប់​ជា​ធរមាន និង​លក្ខន្តិកៈ​។​

​សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន អគ្គនាយក អគ្គាធិការ និង​បំពាក់​ឋានន្ដរស័ក្ដិ ថ្នាក់​នាយ​ឧត្តមសេនីយ៍ ជូន​នាយ​នគរបាលជាតិ​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ​។ ពិធី​នេះ​រៀបចំ​ឡើង​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ដោយ​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម ស ខេង បានប្រកាសថា គណបក្ស​ណា​ដែល​ចង់​ផ្លាស់ប្ដូរ​ប្រធាន ត្រូវតែ​ធ្វើ​សមាជ ឬ​មហាសន្និបាត ដើម្បី​ស្រប​ទៅ​ច្បាប់​ដែល​បាន​កំណត់ មិនមែន​ផ្ញើ​ត្រឹម​លិខិត​មក​ក្រសួង​មហាផ្ទៃ​តែ​មួយ​មុខ​នោះ​ទេ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា ប្រសិនបើ​គណបក្ស​មួយ​មិនបាន​ធ្វើ​សមាជ ឬ​មហាសន្និបាត ដើម្បី​បោះឆ្នោត ផ្លាស់ប្ដូរ​ប្រធាន​គណបក្ស​ថ្មី​នោះ​ទេ គេ​មិន​មែន​ហៅ​ថា​ផ្លាស់ប្ដូរ​ស្រប​តាម​ផ្លូវ​ច្បាប់​ឡើយ គេ​ហៅថា ការធ្វើ​បក្ស​ប្រហា​រ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​ឧបមា​ថា កាលណា​ចង់​ដូរ​ប្រធាន​បក្ស ត្រូវតែ​មាន​សមាជ ឬ​មហាសន្និបាត ហើយ​មហាសន្និបាត​ធ្វើ​របៀប​មិច អ្នកណា​កោះហៅ ឬ​បោះឆ្នោត​លើកដៃ ឬ​បោះឆ្នោត​ជាសំងាត់​។ ប៉ុន្ដែ​ដល់​ពេល​គាត់​ធ្វើ គាត់​មិន​ធ្វើ​ចឹង គាត់​ចេញ​ក្រដាស​មួយ ដូរ​ប្រធាន​បក្ស​។ នេះ​គេ​ហៅ​ថា​ធ្វើ​បក្ស​ប្រហា​រហើយ ដែល​ថ្មីៗ​នេះ​មាន​គណបក្ស​មួយ​ធ្វើ​ចឹង រហូត​មាន​អ្នក​មិន​សុខចិត្ត​ស្រែក​មក​ក្រសួងមហាផ្ទៃ ឲ្យជួយ​មើល​”​។​

សម្ដេច ស ខេង បាន​មានប្រសាសន៍ថា មិន​ដូច​ការគ្រប់គ្រង​អង្គភាព​ណាមួយ​នោះទេ ក្រសួងមហាផ្ទៃ គ្រាន់តែ​ទទួល​ការ​ពិនិត្យ​តាម​សំណើរ របស់​គ្រប់​បណ្ដា​គណបក្ស​នយោបាយ ដើម្បី​ឲ្យស្រប​តាម​រដ្ឋធម្មនុញ្ញ ច្បាប់​ស្ដីពី​គណបក្សនយោបាយ ច្បាប់​ស្ដីពី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ស្រប​តាម​ច្បាប់​បទដ្ឋាន​ដទៃ​ផ្សេង​ទៀត ដែល​កំពុងតែ​មាន​ជា​ធរមាន នៅក្នុង​ប្រទេស​កម្ពុជា​៕ ដោយ​ ៖ ​កូឡាប​

     

spot_img
×