Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧកញ៉ា ទៀ វិចិត្រ និង​លោកស្រី សែម សុ​ភី បន្ត​ជួយ​ឧបត្ថម្ភ​គ្រែ​ចល័ត​សម្រាប់​អ្នកជំងឺ ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ -​ក្រុមគ្រូពេទ្យ និង​អ្នកជំងឺ ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ឬ​ហៅ​ពេទ្យ​ចំការចេក​ ​បាន​ថ្លែងអំណរគុណ​ចំពោះ ទឹកចិត្ត​សប្បុរសធម៌ របស់ លោក​ឧកញ៉ា ទៀ វិចិត្រ និង​ក្រុមគ្រួសារ ព្រមទាំង លោកស្រី សែម សុ​ភី និង​ក្រុមគ្រួសារ ក៏ដូចជា​សប្បុរសជន​ច្រើន​ទៀត ដែល​បាន​បន្ត​ជួយ​ផ្តល់​ជា​សម្ភារៈ​ផ្សេងៗ រួម​មាន​គ្រែ​ចល័ត​សម្រាប់​អ្នកជំងឺ និង​ថវិកា​ជាដើម មកដល់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​ជា​បន្តបន្ទាប់​មកនេះ​។​

លោក​វេជ្ជបណ្ឌិត សេង ណុង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា សប្បុរសជន​ខាងលើ​តែង​បាន​បន្ត​ជួយ​សម្ភារៈ​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ជា​បន្តបន្ទាប់​មក​នេះ ដោយ​កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ​មាន​ជួយឧបត្ថម្ភ​៖ គ្រែ​ចល័ត​សម្រាប់​អ្នក​ជម្ងឺ​សម្រាក​ព្យាបាល​ចំនួន ៧៨​គ្រែ និង​ពូក កម្រាលពូក​ចំនួន ៧៨​សម្រាប់ ព្រមទាំង​ដង​ព្យួរសេរ៉ូម​ចំនួន​៨០​ដើម មកកាន់​មន្ទីរពេទ្យ​បង្អែក​នេះ​។​

លោក​វេជ្ជបណ្ឌិត សេង ណុង បន្តថា សប្បុរសជន​ដែល​ផ្តល់​ជំនួយ​គ្រែ​ចល័ត​សម្រាប់​អ្នកជំងឺ​ខាងលើនេះ​រួមមាន​៖ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ឧបត្ថម្ភ​គ្រែពេទ្យ​ចល័ត​នេះ​ចំនួន​៥០​គ្រែ ស្មើ​ទឹកប្រាក់​៥០០០​ដុល្លា​រដ្ឋ​អាមេរិក​។​សប្បុរសជន​បន្ទាប់មក​ទៀត​គឺ លោកស្រី សែម សុ​ភី បាន​ឧបត្ថម្ភ​គ្រែ​ចំនួន ៧​គ្រែ និង​ដង​សេរ៉ូម​ចំនួន​៦៨​ដើម សរុប​ថវិកា​ជាង ២០០០​ដុល្លារ​សហរដ្ឋអាមេរិក ព្រមទាំង​សប្បុរសជន​មួយចំនួនទៀត ដែល​សប្បុរសជន​ខ្លះ​បាន​ជួយ​ឧបត្ថម្ភ​គ្រែ​មួយ ឬ​ពីរ ហើយ​សប្បុរសជន​ខ្លះទៀត​បាន​ជួយ​ឧបត្ថម្ភ​ជា​ដង​សេរ៉ូម​ជាដើម ទៅតាម​លទ្ធភាព និង​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន​..​។​

លោក​វេជ្ជបណ្ឌិត សេង ណុង ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា សម្ភារៈ​គ្រែពេទ្យ​ចល័ត​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​ជម្ងឺ ដែល​មក​សម្រាក​នៅ​ខាងក្រៅ​បន្ទប់​ពេទ្យ នៅពេល​មន្ទីរ​ទេ​ទ្យនេះ មាន​អ្នក​ជម្ងឺ​ច្រើន​មក​សម្រាក​ពេញ​អស់​ក្នុង​បន្ទប់​ពេទ្យ​នីមួយៗ​។​

នា​ឱកាស​នោះ​ដែរ លោកស្រី សែម សុ​ភី មានប្រសាសន៍ថា ក្នុងនាម​តំណាង​សប្បុរសជន លោកស្រី​រីករាយ​បន្ត​ជួយ​ឧបត្ថម្ភ​ជា​សម្ភារៈ និង​ថវិកា​ជាដើម មកកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​នេះ ទៅតាម​លទ្ធភាព​ជាក់ស្តែង ក្នុងន័យ​មនុស្សធម៌ បន្ទាប់ពី​បាន​ទទួលដំណឹង​ថា ខាង​មន្ទីរពេទ្យ​មាន​អ្នក​ជម្ងឺ​ច្រើន​រហូត​ដល់​ពេល​ខ្លះ​ខ្វះ​គ្រែ ដើម្បី​សម្រាក​ព្យាបាល​ជំងឺ​។​

ព្រម​ជាមួយគ្នានេះ លោកស្រី លឹម សា​មាន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ តាមរយៈ​មន្ទីរពេទ្យបង្អែក​ខេត្ត ក៏​បាន​ជូន​ជា​លិខិត​ថ្លែងអំណរគុណ ដល់​សប្បុរសជន ដើម្បី ជា​ការលើកទឹកចិត្ត​ដល់​ការផ្តល់​ជំនួយ​ឧបត្ថម្ភ​ខាងលើ​នេះ​ផង​ដែរ​៕ ដោយ​៖ ដែន សីមា​

    

spot_img
×