Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​

spot_img

​ប្រទេស​វៀតណាម ​៖ ​បន្ទាប់ពី​បាន​ពិសារ​អាហារ​ពេលព្រឹក ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ និង​នាយករដ្ឋមន្ត្រី​វៀតណាម រួចមក នៅ​ព្រឹក​ថ្ងៃទី​១៣​កញ្ញា​នេះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម ង្វៀន សួន​ហ្វុក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម និយម​វៀតណាម​។​

​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​នោះ ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វុក មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដែល​បាល​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​បំផុត អញ្ជើញ​មក​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​លើ​ក​ទី​២៧ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី មានប្រសាសន៍​បន្ត​ថា វត្តមាន​របស់​សម្តេច​តេជោ បាន​ផ្តល់​នូវ​សារៈសំខាន់​ខ្លាំងណាស់ ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក ពិសេស​សុន្ទរកថា​របស់​សម្តេច ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ចពិភពលោក និង​បទ​អន្តរាគមន៍​ក្នុង​កិច្ចប្រជុំ​កំពូល​ពេញអង្គ ស្តី​ពី​ចក្ខុវិស័យ​ថ្មី​សម្រាប់​តំបន់​មេគង្គ គឺ​ពិតជា​មាន​អត្ថន័យ​និង​ខ្លឹមសារ​យ៉ាង​ជ្រាលជ្រៅ​បំផុត ពិសេស​ផ្តល់​នូវ​សារសំខាន់​ខ្លាំងណាស់​សម្រាប់​តំបន់​អាស៊ាន និង​ប្រទេស​ក្នុង​តំបន់​មេគង្គ​។​

​ជាមួយគ្នានេះ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម ក៏​បាន​ថ្លែង​នូវ​ការអបអរ​សារ​ទរ យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ទទួល​នូវ​ការតែងតាំង​សារជាថ្មី​ម្តងទៀត ក្នុង​ការ​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា បន្ទាប់​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ប្រព្រឹត្តិ​ទៅ កាលពី​ថ្ងៃ​ទី​២៩​កក្កដ​ឆ្នាំ​២០១៨​កន្លងទៅ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ជ័យជំនះ​ភ្លូក​ទឹក ភ្លូ​កដី ពី​ការបោះឆ្នោត​ដ៏​មាន​សារៈសំខាន់​បំផុត​នោះ​។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម ដែល​បាន​ផ្ញើ​នូវ​សារលិខិត​អបអរសាទរ​ជូន​ចំពោះ សម្តេច​ដែល​ទើប​ត្រូវបាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ត​ថា សម្តេច​ពិតជា​មាន​ការសប្បាយ​រីករាយ ក្នុង​ការ​បន្ត​ធ្វើការ​ជាមួយ​បណ្តា​មេដឹកនាំ​ទាំងអស់​របស់​អាស៊ាន ដើម្បី​បន្ត​បេសកកម្ម​របស់​យើង​ក្នុង​ការកសាង​សហគមន៍​អាស៊ាន​កាន់តែ​រឹងមាំ និង​រីកចម្រើន​ទៅមុខ​។​

​ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះដែរ ប្រមុខ​ដឹកនាំ នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា វៀតណាម បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ លើ​ការខិតខំ​បន្ត​ថែរក្សា​ការពារ​សន្តិភាព ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ​សម្រាប់​ប្រទេស​ទាំង​ពីរ ពិសេស​ការការពា​រ​សន្តិភាព ស្ថេរភាព សន្តិសុខ នៅតាម​តំបន់​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ សំដៅ​ប្រែក្លាយ​តំបន់​ព្រំដែន​ទៅជា​តំបន់​អភិវឌ្ឍ ការសំរួល​ពាណិជ្ជកម្ម​ឆ្លងដែន ទេសចរណ៍ អប់រំ កីឡា សុខាភិបាល និង​ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា វៀតណាម​។ ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ក៏​បាន​រិះរក​គ្រប់​មធ្យោបាយ​ក្នុង​ការជំរុញ​កំណើន ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំង​ពីរ​ឲ្យបាន​សំរេច​តាម​គោលដៅ​ដែល​មេដឹកនាំ​ទាំង​ពីរ​ចង់បាន​។ ទន្ទឹម​នឹង​នេះ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅ​លើ​ទំនាក់ទំនង​ទ្វេភាគី ពហុភាគី តំបន់ និង​អន្តរជាតិ ដែល​មាន​ការយកចិត្ត​ទុកដាក់​ដូចគ្នា​។​

​សម្តេច​ក៏​បាន​អបអរសាទរ ចំពោះ​ទិវា​ជ័យជម្នះ​២ កញ្ញា របស់​ប្រទេស​វៀតណាម​។ ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ ភាគី ទាំងពីរ​ក៏​បាន​ធ្វើការ​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់ ទៅ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំង​ពីរ ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​នៅពេល​ខាង​មុន ជាមួយគ្នា​នេះ​ភាគី​ទាំងពីរ​ក៏​បាន​ឯកភាពគ្នា ក្នុង​ការឈាន​ទៅ​បោះបង្គោល​ព្រំដែន​នៅ​ពេល​ខាងមុខ​។​

​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម ក៏ បាន​ជំរាបជូន​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ពី​ការយាង​ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចម៉ែ ស្តេច​យាង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ​ផង​ដែរ​។ សម្តេច​តេជោ ក៏​បាន​ទទួលយក​នូវ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម ក្នុង​ពេលខាងមុខ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា វៀតណាម​ផងដែរ​៕ ​ដោយ ​៖​ កូឡាប​

spot_img
×