Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ឃឹម​អី​ទៀត បើ​លទ្ធ​ផល​ប្រឡង​បាក់​ឌុប ប្រកាស​ពីរ​ដង ហើយ​ទម្លាក់​កំ​ហុស​លើ​កំព្យូ​ទ័រ

spot_img

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ ក្រសួងអប់រំយុវជននិងកីឡា បានចាប់ផ្តើមប្រកាសលទ្ធផល​ថ្មី​​​​ ជាលើកទី២ សម្រាប់​ថ្នាក់​វិទ្យា​សាស្ត្រ​​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨។

សូមបញ្ជាក់ថា៖ ក្រសួង​ប្រកាស​ផ្សាយ​តែ​បញ្ជី​រាយ​នាម ​​បេក្ខជន​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ ​ដែល​ជាប់​តែ​ប៉ុណ្ណោះ។ សម្រាប់​ថ្នាក់​វិទ្យា​សាស្ត្រ​សង្គម​ មិន​មាន​ការ​ប៉ះពាល់​ទេ។

គណៈគម្មការកោលវិសល្បវិច័យ បានរកឃើញថា ដំណើការបូកស្រង់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រ មានបញ្ហាបច្ចេកទេស​ដែល​បាន​ប៉ះ​ពាល់​​​​ដល់ពិន្ទុវិញ្ញាសាគណិតវិទ្យារបស់ថ្នាក់វិទ្យាសាស្រ្ត ក្នុងមណ្ឌលមួយចំនួន ដោយសារកម្មវិធីកុំព្យូទ័រ មិនបាន​បូក​ស្រង់​ពិន្ទុមុខ​វិជ្ជា​គណិតវិទ្យារបស់បេក្ខជនចំនួន ៧៤០ បន្ទប់។ បន្ទាប់ពីដោះស្រាយបញ្ហាបច្ចេកទេសរួច លទ្ធផលនៃការប្រឡងមានដូចតទៅ ៖

បេក្ខជនជាប់សរុប ៧៦.០៣៤នាក់ ត្រូវជា ៦៧,០៧ភាគរយ។ បេក្ខជនជាប់និទ្ទេស A មានចំនួន​ ៤០៨នាក់ និទ្ទេស B ចំនួន​២.២២២​នាក់ និទ្ទេស C ចំនួន ៦.០៥១នាក់ និទ្ទេស D ចំនួន ១៥.១៨០នាក់ និងនិទ្ទេសE ចំនួន៥២.១៨៣នាក់។ ក្រសួងអប់រំ នឹងចេញ​លទ្ធផល​ប្រឡងថ្មី សម្រាប់ថ្នាក់វិទ្យាសាស្រ្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ លើទំព័រហ្វេសប៊ុកនៃក្រសួង និងនៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០១៨ នៅតាមមន្ទីរអប់រំយុវជននិងកីឡា។

ជាមួយករណីកំហុសបច្ចេកទេសលើលទ្ធផលប្រឡងរបស់បេក្ខជននេះ បណ្តាញសង្គមហ្វេសប៊ុក បានសរសេររថា ក្រសួងអប់រំ​ យុវ​ជន​ និង​ កីឡា​ រកឃើញជន​ប្រព្រឹត្តកំហុស ក្នុងការកែវិញ្ញាសាបេក្ខជន​ប្រឡងបាក់ឌុបឃើញហើយ​ ។​ ឆ្លើយដាក់តែលើ​ Computer និង​ កំហុសបច្ចេកទេសទៅ​ មន្ត្រីអប់រំរួចខ្លួនទាំងអស់​ ។ ជនបង្ក ដែលត្រូវបានវែកមុខរកឃើញនាពេលគឺកុំព្យូទ័រ ដែល​ធ្វើឲ្យការ​ប្រឡង​មាន​ការតវ៉ា​ ដូច្នេះសូមសមត្ថកិច្ចត្រូវតែមានវិធានការជាបន្ទាន់ ចាប់កុំព្យូទ័រដាក់គុក។

បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានសរសេរថា មានសិស្សស្រីម្នាក់ ធ្លាក់សម្លាប់ខ្លួនរួចទៅហើយ​ ហើយមានឈ្មោះជាប់វិញ​នៅ​ថ្ងៃ​នេះ តើអ្នកណាទទួលខុសត្រូវ ?​ ចំណែក ឈ្មោះ Hun Som Rith SP បានសរសេរថា បានត្រឹមតែសោកស្តាយ តែ​ជីវិត​មនុស្ស​មិន​អាច​​យកអ្វីមកទិញបាន បើសិនលទ្ធផល ក្មេងស្រីដែលសម្លាប់ខ្លួន ដោយសារប្រឡងធ្លាក់ បែរជាជាប់វិញ មន្ត្រីដែលពាក់ព័ន្ធ គួរតែ​សុំលាឈប់ពីក្រសួង ឬនាយកដ្ឋានឲ្យអស់ទៅ។ ឈ្មោះ Ly Bunna បានបញ្ចេញមតិថា នេះដោយសារមានសិស្សធ្វើការតវ៉ា បើគ្មាន​ទេរឿងទាំងនេះ ត្រូវកប់បាត់ ហើយបេក្ខជនត្រូវរៀនត្រួតថ្នាក់មួយឆ្នាំទៀត ដោយឥតប្រយោជន៍ ម៉្យាងទៀតការប្រឡងឆ្នាំកន្លងទៅ មិនដឹងយ៉ាងម៉េច បើឆ្នាំនេះ ទើបតែបែកធ្លាយថ្មីៗ ។ វិន័យតឹងរ៉ឺងណាស់ចំពោះបេក្ខជនប្រឡង បើមានកំហុសក្រសួង ឱ្យធ្លាក់​ដោយ​ស្វ័យ​ប្រវតិ្ត ចុះកំហុសរបស់ក្រសួងធំប៉ុនមេឃ តើអ្នកណាទទួលខុសត្រូវ?។ ចឹងសុំឱ្យក្រសួងមើលឃើញ កំហុសខ្លួនឯងខ្លះផង កុំ​ឃើញ​តែកំហុសអ្នកដទៃ។ គណនីហ្វេសប៊ុក Bunnarith Kuch បានសរសេរថា រដ្ឋមន្រ្តីអប់រំ គាត់ខិតខំបានល្អ កន្លងមក តែដើម្បីជាគំរូ នូវកង្វះការត្រួតពិនិត្យនេះ លោកនិងមន្រ្តីមួយចំនួនទៀត ត្រូវតែលាលែងពីតំណែង ជាគំរូដល់ស្ថាប័នផ្សេងទៀតផង។ តើហ៊ានទេ?។

ចំណែក បេក្ខជន ឆាយ លីអាន បាន​ធ្លាក់​មុខ​វិជ្ជា​គណិត ក្នុង​ការ​ប្រកាស​លទ្ធផល​លើក​ទី​១ បាន​រៀបរាប់ទាំង​​អារម្មណ៍​រំភើប​ថា ខ្លួន​កំពុង​ត្រៀម​ប្រឡង​ចូល​រៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (តិចណូ) លើ​មុខ​ជំនាញ​វិស្វកម្ម។ គោល​ដៅ​បន្ទាប់​ទៀត​ប្រសិន​បើ​មាន​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍ ​ទៅ​បរទេស លី​អាន គ្រោង​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឬ​ប្រទេស​ចិន។ លទ្ធផល​លើក​ទី​១ និង​ពេល​នេះ លីអាន ប្រាប់​ថា​ ខុស​គ្នា​ដូច​មេឃ និង​ដី។ លើក​ទី១ ​លីអាន បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង អស់​សង្ឃឹម តែ​ពេល​នេះ​ខ្លួន​រីក​រាយ​​នឹង​លទ្ធផល​ដែល​ក្រសួង​កែប្រែ​ថ្មី​នេះ។ មុនការស៊ើរើនេះ បេក្ខជនដែលធ្លាប់ជាប់លេខ២ ក្នុងការសិស្សពូកែគណិតឆ្នាំ២០១៥ និងលេខ១ឆ្នាំ២០១៨រូបនេះ បានទទួលត្រឹមនិទ្ទេសD ប៉ុណ្ណោះ។

គណនីហ្វេសប៊ុក Doung David បានបញ្ចេញថា ធ្វើ​អ៊ីចឹង ​ទើប​វា​យុត្តិធម៌​សម្រាប់​គ្នា​។ គ្នា​យំ​ឡើង​អស់​ទឹក​ភ្នែក ​ចង់​ពាក់​កណ្ដាល​ទន្លេ​មេគង្គ​ហើយ។​ យ៉ាងណា​ក៏​អរគុណ​ដល់​លោក​គ្រូ ​អ្នកគ្រូ​ ដែល​ធ្វើ​ការ​នៅ​ក្នុង​ក្រសួង​អប់រំ​ទាំងអស់​ ដែល​បាន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ ជូន​ប្អូន​ៗ​សិស្សានុសិស្ស​បាន​យ៉ាង​លឿន។​

ចំណែកផេកហ្វេសប៊ុកឈ្មោះ IMan-KH បានបញ្ចេញនូវសាររបស់ខ្លួនថា ធ្វើការងារដូចអាចម៍ភេ ធ្វើការ​ងារ​គ្មានទំនួលខុសត្រូវ ហើយ​តាំងមកទម្លាក់កំហុស ដាក់បន្ទុកឲ្យកុំព្យូទ័រ ដែលជាម៉ាស៊ីនមិនចេះនិយាយបកស្រាយ។ ធាតុពិត គឺកំហុសរបស់មនុស្ស ប៉ុន្តែ ដើម្បីលើកមុខលើកមាត់ មនុស្ស ទើបទម្លាក់រឿងនេះ ឲ្យម៉ាស៊ីនកុំព្យូទ័រទទួលខុស ហើយក្រុមបក្ខខ្លួនឯងរួចខ្លួន។

នេះបើសិនជាគ្មានការតវ៉ា ម្ល៉េះអនាគត សិស្សខំរៀនរាប់ពាន់នាក់ ត្រូវបានបំផ្លាញដោយសារទឹកប៊ិច របស់មន្ត្រីក្រសួងអប់រំ ដែលធ្វើ​ការ​​​ខ្ជីរខ្ជារ។ ធម្មតាម៉ាស៊ីនកុំព្យូទ័រ វាត្រូវតែដំណើរការ ជាមួយមនុស្ស ក្រោមការត្រួតពិនិត្យ និងបញ្ជាដោយមនុស្ស ហេតុនេះ មុននឹង​សម្រេចលទ្ធផល បែបណា គឺមនុស្សជាអ្នកផ្ទៀងផ្ទាត់ និងចុះហត្ថលេខា លើកិច្ចការដែលកុំព្យូទ័រ បញ្ចេញលទ្ធផលមកក្រៅ។

កុំព្យូទ័រក៏ត្រូវការឲ្យមនុស្សពិនិត្យ និងកែប្រែកំហុស របស់វាផងដែរ បើក្រសួងធ្វើការពឹងលើកុំព្យូទ័រ តើចាំបាច់មានអស់លោកឯងនេះ បើកប្រាក់ខែធ្វើអ្វី? ម្តេចមិនបើកប្រាក់ខែឲ្យកុំព្យូទ័រ?។

ចំណែក ឈ្មោះ Yim Sinorn បានលើកឡើងថា បើនិយាយពីទំនួសខុសត្រូវវិញ រដ្ឋមន្រ្តីអប់រំ ត្រូវធ្វើការសុំទោសជាសាធារណៈ និងត្រូវលាលែងពីតំណែង។

ផេកហ្វេសប៊ុក មរតក ជាតិ បានលើកឡើងថា ជនដែលធ្វើឱ្យមានការកំហុសដ៏ធ្ងន់ធ្ងរ នៃការបូកសរុបលទ្ធផលការប្រឡងបាក់ឌុប ត្រូវបានចាប់ខ្លួនហើយ….!!!​ អាងតែគ្នាមិនចេះនិយាយ ដាក់កំហុសលើគ្នារហូត តែមិនដឹងធ្វើម៉េចទេ នេះកម្មរបស់ឯង…!!! ចំណែកមន្ត្រីក្រសួង ដែលកាន់ការផ្នែកនេះ ទំនងជាមិនមានវាសនាដូច Computerនេះឡើយ…!!!។

ផេក okmean Alexandra បានបញ្ចេញនូវសាររបស់ខ្លួនថា នរណាៗក៏និយាយពីរឿងនេះដែរ គេ (បេក្ខជន ឆាយ លីអាន ) តួឯក​នៃ​ប្រធានបទ “លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០១៨” ។ គេជាមេទ័ពដឹកនាំនាវាអប់រំកម្ពុជា ទៅ​កាន់​ត្រើយ​យុត្តិធម៌ គេជាយុវជនទេវតា កែប្រែវាសនាពីនិទ្ទេស D ‌មក ‌A ។ គេជាវាគ្មិនការទូតដ៏ពូកែ ពាំ​នាំពាក្យទៅកាន់ពិភពសារព័ត៌មាន ដោយជោគជ័យ ។ គេជានិមិត្តរូបនៃភាពជឿជាក់លើសមត្ថភាពបុគ្គល។

Sovann Heng បានសរសេរថា និយាយរួម ខុសមកពីអាកុំព្យូទ័រហ្នឹង! វាអត់ដឹងថា ​គេលោតទឹក ចងករដោយសារវាសោះ… អានេះវ៉ី!!! ។ តាម​ចិត្តខឹង ចង់តែ​ដោះ Hard Disk យកទៅហាលថ្ងៃ ។ កាច់ Ram បំពងខ្លាញ់។ ដក​ CUP លាយសាច់ចិញ្ច្រាំ​ឆាជាមួយមី។ ហើយអា Main Bord វិញត្រាំទឹក​ទុកឱ្យបាន​២ខែ ចាំស្រង់មកវិញប្រឡាក់គ្រឿងអាំងស៊ីឱ្យអស់! កុំឱ្យវាខូចពេក!!!!!!!!!!!!!៕ ដោយ ៖ កូឡាប

    

spot_img
×