Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុម​ការងារ​បច្ចេកទេស​ត្រីភាគី​លើក​ទី​២ ដើម្បី​ពិភាក្សា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា ផ្នែក​វាយ​ន​ភ​ណ្ឌ​

spot_img

​ភ្នំពេញ ​៖ នា​ថ្ងៃ​សុក្រ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​រៀបចំ​កិច្ចប្រជុំ ក្រុម​ការងារ​បច្ចេកទេស​ត្រីភាគី​លើក​ទី​២ ដើម្បី​ពិភាក្សា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា ផ្នែក​វាយ​ន​ភ​ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៩ ក្រោម​ការដឹកនាំ​របស់​លោក ហេង សួរ អនុប្រធាន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ប្រឹក្សា​ការងារ​។​

​លោក ហេង សួរ បាន​ថ្លែងថា ក្រុម​ការងារ​បច្ចេកទេស​បាន​បន្ត​កិច្ច​ពិភាក្សា និង​លើក​ឡើង​ពី​គោលជំហរ​របស់​ខ្លួន នៃ​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​យក​មក​ចរចា​ក្នុង កិច្ចប្រជុំ​កម្រិត​បច្ចេកទេស​នេះ​។ លោក ហេង សួរ ក៏​បាន​សម្របសម្រួល​កិច្ចប្រជុំ​ពិភាក្សា និង​លើក​ឡើង​ពី​ចំណុច​មួយចំនួន សម្រាប់​អោយ​ភាគី​ទាំងពីរ​ធ្វើការ​ពិចារណា ដើម្បី​ឲ្យ​ការចរចា​នេះ​ទទួលបាន​នូវ​តួលេខ ប្រាក់​ឈ្នួល​អប្បបរមា​មួយ ដែល​ប្រកប​ដោយ​លក្ខណៈ​វិទ្យាសាស្ត្រ និង​អាច​ទទួលយកបាន​ពី​គ្រប់ភាគី នឹង​ដើម្បី​ផ្តល់​ជា​មូលដ្ឋាន ដល់​គណៈកម្មការ​​​ប្រឹក្សា​ការងារ ក្នុង​ការប្រជុំ​សម្រេច នៅ​ដើមខែ​តុលា​ខាងមុខ​។ ដោយសារ​តួលេខ​ដែល​បាន​លើកឡើង មិនទាន់​មាន​ការឯកភាព​ជា​ឯកច្ឆន្ធ ដូច្នេះ​ភាគី​នី​មួយៗ នឹង​ទុក​ឱកាស​សម្រាប់ ការពិភាក្សា​ផ្ទៃក្នុង​ម្តងទៀត មុន​នឹង​យកមក​ពិភាក្សា​បន្ត នៅក្នុង​ក្រុម​ការងារ​បច្ចេកទេស នៅ​សប្តាហ៍​ក្រោយ​។​

​លោក ហេង សួរ អនុប្រធាន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ប្រឹក្សា​ការងារ បានបញ្ជាក់​ថា យន្តការ​នេះ ត្រូវបាន​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៤ ដើម្បីឱ្យ ភាគី​តំណាង​និយោជក ភាគី​តំណាង​កម្មករ​និយោជិត (​សហជីព​) និង​ភាគី​តំណាង​រាជរដ្ឋាភិបាល បង្ហាញ​អំពី​គោលជំហរ​របស់​ខ្លួន ដោយ​ផ្អែក​លើ​លក្ខណៈវិនិច្ឆ័យ ក្នុង​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា ដែល​ទទួល​បាន​ការឯកភាព​គ្នា​កន្លងមក និង​ត្រូវបាន​កំណត់​ដោយ​ច្បាប់​។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ បានឲ្យដឹងថា កាលវិភាគ​នៃ​ការចរចា​ប្រាក់​ឈ្នួល អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌកាត់​ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៩ គឺមាន​៤​ដំណាក់កាល​។ ដំណាក់កាល​ទី​១ ក្នុង​ខែ​សីហា ឆ្នាំ​២០១៨ ជា​ការចាប់ផ្ដើម​ពិភាក្សា ប្រាក់​ឈ្នួល​អប្បបរមា ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នី​មួយៗ និង​ជា​លក្ខណៈ​ទ្វេភាគី​។ ដំណាក់កាល​ទី​២ គឺ​ខែ​កញ្ញា ឆ្នាំ​២០១៨ ជា​ការចាប់ផ្ដើម ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ជា​លក្ខណៈ​ត្រីភាគី​។ ដំណាក់កាល​ទី​៣ គ្រប់​ភាគី​ទាំងអស់ ត្រូវ​ប្រើ​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម ដូច​ជា​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការចំណាយ ក្នុង​ការរស់នៅ និង​លក្ខណៈ​វិនិច្ឆ័យ​បែប​សេដ្ឋកិច្ច ដូចជា ផលិតភាព ភាព​ប្រកួតប្រជែង​របស់ ប្រទេស ស្ថានភាព​ទីផ្សារ​ការងា​រ និង​កម្រិត​ចំណេញ​របស់​វិស័យ ក៏ដូចជា​បន្ទាត់​ភាពក្រីក្រ សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុង​ការពិភាក្សា ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​។ ដំណាក់កាល​ទី​៤ គ្រប់​ភាគី​ទាំងអស់ ផ្ដោត​លើ​ទិន្នន័យ និង​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដោយ​យោង​លើ​លក្ខណៈវិនិច្ឆ័យ​ទាំង​៧ ដូច​បាន​កំណត់​ក្នុង​មាត្រា​៥ នៃ​ច្បាប់​ស្ដី​ពី​ប្រាក់​ឈ្នួល អប្បបរមា ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការសម្របសម្រួល​ផ្ទៃក្នុង និង​ប្រកាន់​ជំហរ​រួមមួយ​។ ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភ​ណ្ឌ កាត់ដេរ​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៨​នេះ​គឺ ១៧០​ដុល្លារ​ក្នុង​១​ខែ ដោយ​មិន​ទាន់​គិត​ពី​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត​៕ ដោយ​៖​កូឡាប​

     

spot_img
×