Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួងមហាផ្ទៃ ទៅ​ចរចា​ជាមួយ​លោក កឹម សុខា ក្នុង​ពន្ធនាគារ គឺ​ផ្ទេរ​ការឃុំខ្លួន ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង មក​ជា​ការឃុំខ្លួន នៅក្នុង​ផ្ទះ​របស់​លោក​វិញ​

spot_img

​ភ្នំពេញ ​៖ ក្នុង​ពិធី​ជួបជុំ ជាមួយ​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​អាទិត្យ នៅ​ខេត្ត​ព្រៃវែង សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​ថ្លែងឲ្យដឹងថា សម្តេច​ជា​អ្នករៀបចំ​ផ្ទេរ​ការឃុំខ្លួន អតីត​មេដឹកនាំ​បក្សប្រឆាំង លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង មក​ជា​ការឃុំខ្លួន​នៅក្នុង​ផ្ទះ​របស់​លោក​វិញ ។​

​សម្តេច​ក្រឡាហោម បាន​ថ្លែងថា ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ពុំ​បាន​ចែង​អំពី​ការឃុំខ្លួន​នៅ​ក្នុងផ្ទះ​នោះទេ ប៉ុន្តែ លោក​ថា រូបលោក និង​មន្ត្រី​ក្រសួង​មហាផ្ទៃ​ដទៃទៀត បាន​ជជែក​គ្នា និង​សម្រេច​រៀបចំ​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិតនៅក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ​។​

​សម្តេច ស ខេង ថ្លែង​បន្តទៀតថា លោក​បាន​ចាត់តាំង​ឲ្យ​មន្ដ្រី​ក្រសួង​មហាផ្ទៃ ទៅ​ចរចា​ជាមួយ​លោក កឹម សុខា ក្នុង​ពន្ធនាគារ និង​ប្រាប់​ឲ្យ​ចុះ​លេខា​លើ​សេចក្ដីព្រាង​លិខិត​មួយ ដែល​ត្រូវ​បាន​ដឹងថា លោក កឹម សុខា បាន​ស្នើ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យជួយ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​រូប​លោក​អំឡុង​ពេល​ត្រូវបាន​ដាក់ឲ្យ​ស្ថិតនៅក្រោម​ការឃុំ​ខ្លួន​ក្នុង​ផ្ទះ​នេះ​។ សម្តេច​ក្រឡាហោម បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​អញ្ចឹង​រឿង កឹម សុខា ឥឡូវនេះ យើង​យក​មក​ទុក​នៅ​នឹង​ផ្ទះ​។ ច្បាប់​យើង ច្បាប់ព្រហ្មទណ្ឌ​ហ្នឹង​ណា អត់​អនុញ្ញាត​ឲ្យ​ឃុំខ្លួន​នៅផ្ទះ​ទេ អត់​មាន​ហេ​។ គេ​ថា ឃុំខ្លួន​នៅក្នុង​ដែនដី​ណាមួយ​ជា​កំណត់​។ អញ្ចឹង​ធ្វើ​ម៉េច​អា​លូ​វ​? ចន្លោះ​ដែរ អ្នក​សរសេរ​ច្បាប់ព្រហ្មទណ្ឌ​ហ្នឹង អត់​មាន​ឃុំខ្លួន​នៅ​ផ្ទះ​។ ដល់​អញ្ចឹង រក​វិធី ខ្ញុំ​ថា អា​ឡូ​វ​ព្រាង​ឲ្យ​ហើយ​ទៅ ឲ្យ ប៉ាវ ហមផាន យក​ទៅ​ព្រាង​ឲ្យ​ហើយ កាន់​ពី​ហ្នឹង​ទៅ ទៅដល់​ចរចា​ជាមួយនឹង កឹម សុខា ខ្លួនឯង ព្រោះ ផាន ទៅ​យក​ម៉ោ​។ ដល់​ហើយ​សរសេ​រហ្មង សរសេរថា ដោយ​បញ្ហា​សន្តិសុខ​អី​អញ្ចឹង​ទៅ ខ្ញុំ​សូម​ស្នើ​អគ្គស្នងការ​នគរបាល​ជាតិ ជួយ​រៀបចំ​ការពារ​សន្តិសុខ សវុត្ថិភាព​សម្រាប់​ខ្ញុំ​។ យើង​យក​ទៅ ផាន គេ​យក​ទៅ​ចរចា ចរចា គេ​ឯកភាព ឯកភាព ប៉ុន្តែ យើង​អត់​យក​អា​ក្រដាស​វ៉ៃ​ពុម្ព​ហើយ​ទៅ​ទេ អក្សរ​ហើយ​ទៅ​ទេ អូស​ពី​កុំព្យូទ័រ​ទៅ​ទេ គឺ​ឲ្យ​សរសេរដៃ​”​។​

​បន្ទាប់ពី​លោក​កឹម សុខា បាន​មកដល់​ផ្ទះ​ជួបជុំ​ជាមួយ​គ្រួសារ ប៉ុន្តែ​លោក​កឹម សុខា មិនបាន​ជួប​អ្នកគាំទ្រ​របស់​លោក​ទេ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ រូប​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​ចែកចាយ​ពី​ការជួបជុំ​ជាមួយ​សាច់ញាតិ ដោយ​ក្នុង​នោះ បណ្តាញ​សង្គម​ហ្វេ​សប៊ុក បានសរសេរថា ឆ្នាំង​ចាស់ បាយ​ឆ្ងាញ់ ធម្មតា​មាន់​ថ្មី យើង​ក៏​ថ្មី គេ​ក៏​ថ្មី គ្មាន​ពេល​អី​មក​ដេក​អោប​ខ្មោច​យើង​ទេ !!! ខ្ញុំបាទ​សង្ឃឹម​ជឿជាក់ថា​លោកពូ កឹម សុខា នឹង​ប្រើប្រាស់​ជីវិតចុងក្រោយ ជាមួយ​អ្នក​មីង​ខ្ញុំ ដើម្បី​សាង​គុណ សង​ទោស ដែល​ខុស​កន្លងមក ចំពោះ​ជាតិ ប្រជាជន នឹង​នឹង​ក្រុមគ្រួសារ ។ រីឯ​បញ្ហា នយោបាយ​ពូ​ឈប់សម្រាក​ចុះ កុំ​ឲ្យ​ប្រទេស​កម្ពុជា ធ្លាក់​ចូល​មាត់ជ្រោះ​សង្គ្រាម ដែល​អង្គា​ម​ដោយ​មហិច្ឆតា​បរទេស ។ សំឡេងឆ្នោត​ប្រជារាស្ត្រ ឆ្នាំ​២០១៨ បញ្ជាក់​យ៉ាង​ច្បាស់​ថា គេ​លែង​ត្រូវការ​ពួក​រៀន​យុទ្ធ​សាស្ត្រ​​​សង្គ្រាម ពី​បរទេស​ហើយ គឺ​ពួកគាត់​ជឿជាក់​លើ​ការដឹកនាំ ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស​ក្រោម​ការ​ដឹកនាំ​ដ៏​អស្ចារ្យ របស់ បិតា សន្តិភាព សម្ដេច​តេជោ ហ៊ុន​សែន​។ ចំណែក​លោក​មុត ចន្ថា នាយក​ខុទ្ទកាល័យ​លោក​កឹម សុខា បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​ថា ក្ដី​សុខ​បំផុត ដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា ចង់​នៅ​ក្បែរ​ម្ដាយ ។ ថ្ងៃនេះ លោកយាយ បាន​ជួប​នឹង​លោក​ប្រធាន កឹម សុខា ដែល​បែក​គ្នា​មួយ​ឆ្នាំ មិន​បាន​ឃើញ​មុខ​កូន​។ លោកយាយ អាយុ ៩០ ឆ្នាំ​ហើយ ជូនពរ​លោក​យាយ នឹង​ក្រុម​គ្រួសារ​លោក​ពូ អោយ​ជួបតែ​សំណាងល្អ​។ ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ និង​រំភើប​ណាស់ ដែល​បាន​ឃើញ ឯកឧត្តម កឹម សុខា បាន​ជួបជុំ​ជាមួយ​អ្នក​ម្តាយ​ជាទីគោរព និង​ភរិយា ជា​ទី​ស្រឡាញ់​របស់លោក​។​

សូម​គោរព​ជូនពរ​លោក​យាយ និង​លោក​ប្រធាន ព្រមទាំង​អ្នក​មីង មាន​សុខភាព​ល្អ​ពេញបរិបូរណ៍ និង​អាយុ​យឺនយូរ​។​

​សូម​ជំរាប​ថា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិឲ្យ​នៅ​​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយ​ដឹក​ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ ព្រំដែន​កម្ពុជា​វៀតណាម មក​ផ្ទះ​របស់​លោក​វិញ កាលពី​វេលា​ម៉ោង​៣​ព្រឹក ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​បញ្ហា​សុខភាព​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×