Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកកម្ពស់​បរិយាកាស​វិនិយោគ ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​

spot_img

​សៀមរាប​ ៖ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ចាត់ទុក​វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា នៅ​ខេត្ត​សៀមរាប ជា​ការលើកកម្ពស់​បរិយាកាស​វិនិយោគ ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា កាន់តែ​ល្អ និង​មាន​ការទាក់ទាញ​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ មានប្រសាសន៍​បែប​នេះ ក្នុង​ពិធី​បើក​វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​លើក​ទី​១ ក្រោម​ប្រធានបទ ឱកាស​ការវិនិយោគ​ទេសចរណ៍​នៅ​កម្ពុជា ដែល​បាន​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ​សុខា​ល័យ​អង្គរ ក្នុង​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​។​

​លោក ថោង ខុន បាន​មានប្រសាសន៍ថា វេទិកា​វិនិយោគ​ទេសចរណ៍​កម្ពុជា​លើក​ទី​១​នេះ ជា​វេទិកា​នៃ​ការជួបជុំ​គ្នា​រវាង​វាគ្មិន​ជាតិ និង​អន្តរជាតិ​សំខាន់ៗ មក​ពី​ស្ថាន​ប័ន​រដ្ឋ ដៃគូ​អភិវឌ្ឍ ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ទាំង​ក្នុងប្រទេស តំបន់ និង​អន្តរជាតិ ដែល​មានចំណេះដឹង និង​បទពិសោធន៍​អនុវត្ត​ល្អៗ​ក្នុង​វិស័យ​វិនិយោគ ដើម្បី​ចែករំលែក​បទពិសោធន៍​លើ​ប្រធានបទ​សំខាន់ៗ ដូចជា .១. និន្នាការ​នៃ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ ២. គោលនយោបាយ​គាំទ្រ​វិនិយោគ​របស់​រាជរដ្ឋាភិបាល ៣. ទស្សនៈ វិនិយោគិន និង​វិស័យ​ឯកជន​លើ​ការវិនិយោគ​ទេសចរណ៍ និង ៤. វេទិកា​ពិភាក្សា និង​ផ្តល់​អនុសាសន៍ ដើម្បី​លើកកម្ពស់​បរិយាកាស​វិនិយោគ ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា កាន់តែ​ល្អ និង​មាន​ការទាក់ទាញ​ថែម​ទៀត ។​

​លោក ថោង ខុន មានប្រសាសន៍​ទៀត​ថា វិស័យ​ទេសចរណ៍ ជា​វិស័យ​មួយ​ដ៏​មាន​សក្តានុពល សម្រាប់​ការវិនិយោគ តាម​យន្តការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​នេះ ដើម្បី​គាំទ្រ និង​ជួយ​សម្រួល​ដល់​ការវិនិយោគ របស់​វិស័យ​ឯកជន រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​បរិយាកាស​វិនិយោគ ងាយស្រួល​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រាប់​ធ្វើ​ជា​ច្រក​ចេញចូល​តែមួយ ក្នុង​ការងារ​វិនិយោគ​ធំៗ​ទាំងអស់ ហើយ​ក្រសួង​សាមី​ដើរតួនាទី​គាំទ្រ លើ​ផ្នែក​បច្ចេកទេស​តាម​គម្រោង​នីមួយៗ ហើយ​បន្ថែម​លើ​យន្តការ​ច្រកចេញចូល​តែ​មួយ រាជរដ្ឋាភិបាល បាន​បង្កើត​ជា​គោលនយោបាយ​មួយ ដោយ​ប្រើ​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ដើម្បី​ជំរុញ​ការវិនិយោគ​រវាង​រដ្ឋ និង​ឯកជន ដូច្នេះ​តាមរយៈ​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​នេះ រដ្ឋ​អាច​ផ្តល់ ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដូច​ជា​កោះ បឹង​ធម្មជាតិ សមុទ្រ ឧទ្យាន​ជាតិ ឬ​សម្បត្តិ​ទាំងឡាយ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ដល់​ដៃគូ​វិនិយោគឯកជន ដើម្បី​ធ្វើ​ការនិយោគ ហើយ​ប្រាក់​ចំណូល ដែល​បានមកពី​ការ វិនិយោគ ត្រូវបាន​បែងចែក ជាមួយ​រដ្ឋ តាម​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀងគ្នា ។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ មានប្រសាសន៍​បន្ថែម​ទៀត​ថា នៅក្នុង​យុទ្ធសាស្ត្រ​ទាក់ទាញ និង​ត្រៀម​ទទួល​ទេសចរ​អន្តរជាតិ ចំនួន​១៥​លាន​នាក់ ក្នុង​ឆ្នាំ​២០៣០ ព្រម​ជាមួយ​នឹង​ផែនការ​ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍ​គោលដៅ ទេសចរណ៍​ដែល​មាន​ស្រាប់ យើង​ក៏​ត្រូវការ​ឲ្យមាន​ការវិ​និយោគ លើ​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ បន្ថែមទៀត ដូចជា ទីក្រុង​ទេសចរណ៍​ស្អាត និង​បៃតង​ថ្មី​ទំនើប តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​តំបន់ឆ្នេរ កោះ មជ្ឈមណ្ឌល​វិស្សមកាល និង​កីឡា​ទេសចរណ៍ រមណីយដ្ឋាន តំបន់​ទេសចរណ៍​​ផ្ទះ​ទី​២ និង​ទេសច​រវ័យ​ចំណាស់ សួន​កម្សាន្ត​របស់​កុមារ​នៅ​តំបន់​ទេសចរណ៍ ទេសចរណ៍​សត្វព្រៃ ហាង​លក់ទំនិញ​ទំនើបៗ ភោជនីយដ្ឋាន​លំដាប់​ខ្ពស់ សណ្ឋាគារ​ប្រណីតៗ​លំដាប់​ផ្កាយ​៤ ផ្កាយ​៥ ខណៈ​បច្ចុប្បន្ន យើង​មាន​បន្ទប់​សណ្ឋាគារ ប្រមាណ​៤​ម៉ឺន​៥​ពាន់​បន្ទប់​រួច​ហើយ ក្នុងនោះ បន្ទប់​សណ្ឋាគារ​ផ្កាយ​៤ និង​ផ្កាយ​៥ មានតែ​២​ម៉ឺន​៥​ពាន់​បន្ទប់​ប៉ុណ្ណោះ រួម​ជាមួយនឹង​ការវិនិយោគ លើ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ កំពង់ផែ ទេសចរណ៍ និង​អាកាសយានដ្ឋាន នៅ​តំបន់​គោលដៅ​ទេសចរណ៍​មួយចំនួន គឺជា​កត្តា​មូលដ្ឋាន​ចាំបាច់​យ៉ាងសំខាន់ ដែល​ពុំ​អាច​ខ្វះ​បាន​៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×