Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកា​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​តំបន់​អាស៊ី ដើម្បី​ដោះស្រាយ​វិស័យ​អប់រំ​ពិភពលោក​មួយ​ឲ្យ​កាន់តែ​ល្អប្រសើរ​

spot_img

ភ្នំពេញ​៖​វេទិកា​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​តំបន់​អាស៊ី​AUPF ប្រចាំ​ឆ្នាំ​លើក​ទី​១៦ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន មាន​ការចូលរួម​ពី​សាកលវិទ្យាល័យ​ធំៗ​ចំនួន​៦៨ មកពី​ប្រទេស កម្ពុជា ហ្វីលីពីន ជប៉ុន អង់គ្លេស ថៃ បង់​ក្លា​ដែស ចិន ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង ម៉ាឡេស៊ី ប៉ូឡូញ តៃវ៉ាន់ និង​ឥណ្ឌា​ជាដើម ដែល​សាកលវិទ្យាល័យ Philippines Normal University (PNU) ប្រទេស​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​រៀបចំ​។​

​វេទិកា​ប្រចាំឆ្នាំ​លើក​ទី​១៦​នេះ ប្រតិភូ​សាកលវិទ្យាល័យ ឯកទេស នៃ​កម្ពុជា CUS បាន​ចូលរួម​ក្នុង​វេទិកា ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ តំបន់​អាស៊ី (Asian University Presidents Forum, AUPF) នៅ​សណ្ឋាគារដួ​ស៊ីតថានី​(Dusit Thani Hotel) នា​ទីក្រុង​MANILA ប្រទេស​ហ្វីលីពីន បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ “​នវានុវត្តន៍ និង​ការរំពឹងទុក​៖ ដំណោះស្រាយ​វិស័យ​អប់រំ​ដើម្បី​ពិភពលោក​មួយ​ឲ្យ​កាន់តែ​ល្អប្រសើរ (Innovation and Foresight: Education Solutions for a Better World)” ដែល​ដឹកនាំ​ដោយ លោក​បណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង​។​

​លោក​បណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង នៃ​សាកលវិទ្យាល័យ ឯកទេស នៃ​កម្ពុជា CUS បាន​ថ្លែងថា វេទិកា​ប្រចាំឆ្នាំ​លើក​ទី​១៦​នេះ មាន​គណៈប្រតិភូ​និង​វាគ្មិន​នានា បាន​ធ្វើ​ការផ្លាស់ប្តូរ និង​ចែករំលែក​បទពិសោធន៍​គ្នា លើ​ប្រធានបទ​រណប សំខាន់ៗ​មួយចំនួន រួមមាន​ដូចជា ដំណោះស្រាយ​ប្រព័ន្ធ​បច្ចេកវិទ្យា ដំណោះស្រាយ​ទៅ​លើ​ការបង្រៀន និង​ការរៀន ព្រមទាំង​ប្រធានបទ​រណប​ចុងក្រោយ​គឺ ដំណោះស្រាយ​ស្តីពី​គោលការណ៍​អភិបាលកិច្ច​នៃ​ការអប់រំ (Technology Solutions, Teaching and Learning Solutions, Governance and Policy Solutions)​។​

លោក​បណ្ឌិត សឿ យ៉ាន បាន​បន្តថា ជា​លទ្ធផល​ប្រតិភូ ទទួលបាន​ផ្លែផ្កា​ធំធេង ពី​អង្គ​វេទិកា តាមរយៈ​ការផ្លាស់ប្តូរ ចែករំលែក​បទពិសោធ​ន៍​ជារួម និង​ដោយឡែក​ជាមួយ​ប្រតិភូ បណ្តា​សាកលវិទ្យាល័យ​ដៃគូ​ទាំងនោះ និង​បាន​ចុះ​អនុស្សរណៈ​យោគយល់ សហប្រតិបត្តិការ ជាមួយ​ដៃគូ​ថ្មីៗ មួយ​ចំនួន​បន្ថែម​ទៀត​។ បច្ចុប្បន្ន​សាកលវិទ្យាល័យ ឯកទេស នៃ​កម្ពុជា មាន​៨​ទីតាំង គឺ​២​ទីតាំង នៅ​រាជធានី​ភ្នំពេញ និង​៦​ទីតាំង​ទៀត នៅតាម​បណ្តា​ខេត្ត រួមមាន ខេត្ត​កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និង​ខេត្ត​កំពត​។ និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​ចំនួន ៣១.៨២៦​នាក់ និង​និស្សិត​កំពុង​សិក្សា​កើនឡើង ដល់​ប្រមាណ ១៦.០០០ នាក់ នា​បវេសនកាល​ថ្មី​ខាងមុខនេះ​។ ដោយ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អ្នកសិក្សា ព្រមទាំង​បាន​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ការពង្រឹង​គុណភាព​ពី​មួយ​ថ្ងៃ​ទៅមួយថ្ងៃ និង​អនុវត្ត​ដោយ​ច្បាស់លាស់​នូវ​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​អប់រំ​សំដៅ​ធ្វើឲ្យ​សម្រេច​នូវ បេសកកម្ម​នៃ​ការបណ្តុះបណ្តាល​ប្រកបដោយ​គុណភាព សមត្ថភាព​វិជ្ជាជីវៈ បុគ្គលិកលក្ខណៈ​ល្អ​ប្រពៃ ដោយ​ឈរ​លើ​មូលដ្ឋាន​ដ៏​រឹងមាំ​ទាំង​នេះ​ទើប សាកលវិទ្យាល័យ​បន្ត​ទទួល​បាន​កំណើន​អត្រា​ចុះឈ្មោះ​ចូលរៀន​និស្សិត​ថ្មី​ជាង​៤១% ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ​។ ជាពិសេស​ព្រឹត្តិការណ៍ ដ៏​មាន​សារសំខាន់​នាពេល​ថ្មីៗ កន្លងទៅនេះ ក្នុង​កម្មវិធី​ប្រគល់​សញ្ញាបត្រ ជូន​ដល់​និស្សិត ជ័យលាភី​ចំនួន ៥.៨០៨ នាក់ កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​បំផុត សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ​៖​កូឡាប​

spot_img
×