Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា​ខាង​មុខ​

spot_img

​ភ្នំពេញ ៖ រដ្ឋសភា បាន​ចេញ​សេចក្តីជូនដំណឹង កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ថា រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ខាងមុខ ដើម្បី​ផ្តល់​សុពលភាព​ដល់​សមាជិក​ថ្មី​ទាំង​៣៨​រូប ដែល​មក​ជំនួស​អ្នក​ដែល​លាលែង ពី​តំណាងរាស្ត្រ​ចេញ​ទៅ​បំពេញ​ការងារ​តាម​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា​។​

​បើ​តាម​សេចក្តីជូនដំណឹង លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បានបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ខាង​មុខ​រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋភា ដើម្បី​ធ្វើ​ការសម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​បេក្ខជន​ជាប់ឆ្នោត តំណាងរាស្ត្រ​ចំនួន​៣៨​រូប នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។​

​បើ​តាម​ប្រសាសន៍​ឯកឧត្តម ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន​នៃ​រដ្ឋសភា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការផ្តល់​សុពលភាព​ដល់​សមាជិក​រដ្ឋសភា​ថ្មី​ទាំង ៣៨​រូបនេះ ក្រោយ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រេច​ទទួលស្គាល់ រួចរាល់​តាម​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មុន​បញ្ជូន​បញ្ជី​ឈ្មោះ​មក​កាន់​រដ្ឋសភា​។ បន្ទាប់មកទៀត លេខាធិការដ្ឋាន​រដ្ឋសភា​នឹង​រៀបចំ​ឱ្យ​តំណាង​រា​ស្ត្រី​ថ្មី​ទាំង ៣៨​រូបនេះ ទៅ​ចូល​ស្បថ​ចូលកាន់​តំណែង​នៅ​ព្រះបរមរាជវាំង តាម​នីតិវិធី​ច្បាប់​ដែល​មានចែង ហើយ​នៅ ពេល​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កញ្ញា​ខាង​មុខ​ដែរ រដ្ឋសភា​នឹង​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ម្តងទៀត ដើម្បី​សម្រេច​ពី​របៀបវារៈ​បន្ត ដើម្បី​បញ្ចូល​សមាជិក​សភា​ថ្មី ក៏ដូចជា​សមាជិក​សភា​ចាស់​ចូល ទៅក្នុង​គណៈកម្មការ​នី​មួយៗ ដែល​ជា​សមាជិក​របស់​គណៈកម្មការ ក្នុង​បំណង​បែងចែក​ការ ងារ​ធ្វើ​ទៅ​តាម​គណៈកម្មការ​ជំនាញ​នី​មួយៗ​។ បន្ទាប់មក​នឹង​មាន​ការបោះឆ្នោត​ក្នុង គណៈកម្មការ ដើម្បី​ជ្រើស​លេខាធិការ​របស់​គណៈកម្មកា​រ​ជំនាញ ឬ​ជ្រើសរើស អនុប្រធាន គណៈកម្មការ​ជំនាញ​នី​មួយៗ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប បានឱ្យដឹងថា បេក្ខជន​តំណាង រាស្ត្រ​ថ្មី​ចំនួន​៣៨​រូប ដែល​ត្រូវបាន​ទទួលស្គាល់​នេះ គឺ​មាន​នៅ​មណ្ឌល​បាត់ដំបង​ចំនួន​២​រូប មណ្ឌល​កំពង់ចាម​ចំនួន​៤​រូប មណ្ឌល​កំពង់ឆ្នាំង​ចំនួន​៣​រូប មណ្ឌល​កំពង់ស្ពឺ​ចំនួន​៣​រូប មណ្ឌល​កំពង់ធំ​ចំនួន​១​រូប មណ្ឌលកណ្តាល​៥​រូប មណ្ឌល​ក្រចេះ​ចំនួន​១​រូប មណ្ឌល​រាជធានី​ភ្នំពេញ​ចំនួន​៤​រូប មណ្ឌល​ព្រៃវែង​ចំនួន​៥​រូប មណ្ឌល​ពោធិ៍សាត់​ចំនួន​៣​រូប មណ្ឌល​ព្រះសីហនុ​ចំនួន​២​រូប មណ្ឌល​កែប​ចំនួន​១​រូប មណ្ឌល​តាកែវ​ចំនួន​១​រូប មណ្ឌល​ឧត្តរមានជ័យ​ចំនួន​១​រូប និង​មណ្ឌល​ត្បូងឃ្មុំ​ចំនួន​២​រូប​៕ ដោយ​៖​កូឡាប​

spot_img
×