Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល បញ្ហា​ប្រឈម​នានា នឹង​ត្រូវបាន​ដោះស្រាយ​ជា​ប្រព័ន្ធ ដើម្បី​ធានា​ថា ការគ្រប់គ្រង​ហិរញ្ញវត្ថុ​

spot_img

​ភ្នំពេញ ​៖ លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Holger van Eden ទីប្រឹក្សា​មូលនិធិ​បូរិយ​វត្ថុ​អន្តរជាតិ (IMF) និង​សហការី អំពី​លទ្ធផល​នៃ បេសកកម្ម​ត្រួតពិនិត្យ​ការអនុវត្ត​គម្រោង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (Financial Management Information System – FMIS) និង​ផ្លាស់ប្តូរ​ទស្សនៈ​នៃ​ការអនុវត្ត​គម្រោង FMIS នា​ថ្ងៃ​ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។​

​ថ្លែង​ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ លោក​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ចំពោះ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដែល​បាន​ផ្តល់​ជំនួយ​បច្ចេកទេស លើ​ការត្រួតពិនិត្យ និង​គាំទ្រ​សមត្ថភាព​សម្រាប់​ការអនុវត្ត​គម្រោង FMIS ដើម្បី​ធានា​ថា ការអនុវត្ត​សម្រេច​បាន​តាម​គោលដៅ ដែល​បាន​ដាក់ចេញ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ នៃ​ការអនុវត្ត គម្រោង FMIS ជំហាន​ទី​២ និង​ស្រប​តាមឧ​ត្ត​មានុ​វត្តន៍​អន្តរជាតិ​។​

​លោក Holger van Eden សម្តែង​ការអបអរ​សារ​ទ​ចំពោះ​វឌ្ឍនភាព នៃ​ការអនុវត្ត​គម្រោង FMIS និង​បាន​ជម្រាបជូន លោក​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី អំពី​លទ្ធផល​បេសកកម្ម​នៅ​កម្ពុជា ទាំង​៤​លើក​កន្លងមក ដែល​ក្នុងនោះ មាន​ចំណុច​ដែល​ត្រូវ​ដោះស្រាយ ក្នុង​រយៈពេល​ខ្លី និង​មធ្យម ដូចជា ការពង្រឹង និង​កែលម្អ​ប្រព័ន្ធ FMIS ទាំង​សមាសធាតុ​ស្នូល និង​ចំណាត់​ថ្នាក់​ថវិកា​, មុខងារ​របស់​អ្នកប្រើប្រាស់ និង​ការរៀបចំ​ឡើងវិញ នៃ​នីតិវិធី​ការងារ​។​

​លោក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​គូសបញ្ជាក់ និង​សង្កត់ធ្ងន់ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​បន្ត​ពង្រឹង​លើ​ការងារ គ្រប់គ្រង​គម្រោង FMIS ដោយ​ត្រូវ​ពង្រីក​ប្រព័ន្ធ​ដល់​គ្រប់​ក្រសួង​-​ស្ថាប័ន និង​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រាជធានី​-​ខេត្ត ព្រមទាំង​រៀបចំ​នីតិវិធី​ការងារ សម្រាប់​គម្រោង FMIS ឲ្យស្រប​តាម​ដំណើការ​បរិបទ​ថវិកា​ថ្មី និង​លំហូរ​ការងារ នៃ​ក្រសួង​ស្ថាប័ន​។​

​ទន្ទឹមនេះ ដើម្បី​ធ្វើឲ្យ​នីតិវិធី​ការងារ ទៅ​អនាគត​កាន់តែ​មាន​ភាពសាមញ្ញ និង​ងាយស្រួល​ទាំង​ការងារ​អនុវត្ត​ថវិកា និង​ប្រព័ន្ធ FMIS រាជរដ្ឋាភិបាល​កម្ពុជា បានដាក់ឲ្យ​អនុវត្តយុ​ទ្ធសា​ស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា ២០១៨-២០២៥ ព្រមទាំង​បាន​និង​កំពុង​រៀបចំ ផែនការ​សកម្មភាព​លម្អិត​នៃ​យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា ២០១៨-២០២៥ រៀបចំ​យុទ្ធសាស្ត្រ នៃ​ការ​ទម្រង់​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈ និង​យុទ្ធសាស្ត្រ នៃ​ការកែទម្រង់ ប្រព័ន្ធ​ថវិកា​ថ្នាក់ក្រោម​ជាតិ ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៨ ខាងមុខនេះ​។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​គូសបញ្ជាក់​ទៀត​ថា តាមរយៈ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ខាងលើនេះ បញ្ហា​ប្រឈម​នានា នឹង​ត្រូវបាន​ដោះស្រាយ​ជា​ប្រព័ន្ធ ដើម្បី​ធានា​ថា ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ មាន​ប្រសិទ្ធភាព ស័ក្តិ​សិទ្ធ​ភាព គណនេយ្យភាព និង​តម្លាភាព​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×