Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជា​ឲ្យ​កាយ​ដី​ដែល​ក្រុមហ៊ុន​យាយ​ភូ ចាក់​រំលោភ ចូល​ឆ្នេរ​នៅ​ចំណុច​ព្រែកត្រែង

spot_img

​ខេត្ត​ព្រះសីហនុ ៖ នៅ​រសៀល​ថ្ងៃ​ទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៨ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ បាន​នឹង​កំពុង​ដឹកនាំ​បញ្ជា​ឲ្យ​កាយ​ដី​ដែល​ក្រុមហ៊ុន​លោកស្រី​ឧកញ៉ា ជឹង សុភាព ហៅ​យាយ​ភូ ចាក់​រំលោភ ចូល​ឆ្នេរ​នៅ​ចំណុច​ព្រែកត្រែង កាលពីពេល​កន្លង​មក​ថ្មីៗ​នេះ ។​

​ពាក់ព័ន្ធ​ករណី​ចំណាត់ការ​ក្តៅៗ មជ្ឈដ្ឋា​នានា ក៏ដូចជា​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​ប្រកាស​គាំទ្រ​ចំណាត់ការ​របស់ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី ពេញទំហឹង ដោយ​តាម​បទបញ្ជា​ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ បានបញ្ជាក់​ថា សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ពិនិត្យ​សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ នៅ​ចំណុច​ឆ្នេរ​ព្រែកត្រែង ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យ​កាយ​ដី​នោះ​ចេញ​វិញ​ភ្លាមៗ ដោយ​ធ្វើយ៉ាងណា​ឱ្យ​ឆ្នេរ​ធម្មជាតិ​នេះ ឱ្យ​នៅ​ដូចដើម​។

​បន្ទាប់​ពី​ទទួលបាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​នេះ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា នៅ​រសៀល​ថ្ងៃ​នេះ​តែម្ដង បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស និង​មន្ដ្រី​ពាក់ព័ន្ធ​ទាំងអស់ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង និង​អាច​ឈាន​ដល់​ការកាយ​ដី​ដែល​ចាក់​រំលោភ​ចូល​ឆ្នេរ​នោះ​ចេញ​តែម្ដង​។​

​សូមបញ្ជាក់​ថា លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ ធ្លាប់​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ដែល​កំពុង​អភិវឌ្ឍន៍ នៅ​តំបន់ឆ្នេរ​ព្រែកត្រែង កំពុង​តែ​បំពាន​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ឆ្នេរ ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល និង​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ ដោយ​អនុញ្ញាត​ឲ្យ​រា់​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ ត្រូវ​មាន​ចម្ងាយ​យ៉ាងហោចណាស់​១០០​ម៉ែត្រ ឬ​ឆ្ងាយ​ជាង​នេះ​។​

​លោក​រដ្ឋមន្ដ្រី បាន​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​មិន​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​នោះ បំផ្លាញ​ឆ្នេរ​ដ៏​ស្រស់ស្អាត និង​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​នោះទេ​។ តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ស្ថិត​ក្នុង​គម្រោង​ធនាគារ អភិវឌ្ឍន៍អាស៊ី ADB កំពុង​តែ​រៀបចំ​ធ្វើ​ផ្លូវ​នៅតាម​តំបន់ឆ្នេរ​បន្ថែមទៀត ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​កម្សាន្ដ ពី​សំណាក់​ភ្ញៀវទេសចរ​ផង​ដែរ​។​

ក្រុមហ៊ុន​ដែល​បាន​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង នៅ​ខេត្ត​ព្រះសីហនុ គឺជា​ក្រុមហ៊ុន​របស់ លោកស្រី ជឹង សុភាព ហៅ​យាយ​ភូ​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×