Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុន​មួយថ្ងៃ​ការផ្លាស់ប្តូរ​គណៈ​គ្រប់គ្រង​សាលា​ព្រះស៊ីសុវត្ថិ​, គ្រូ និង​សិស្ស តវ៉ា ប្រឆាំងនឹង​ថ្នាក់លើ​របស់ខ្លួន​

spot_img

​ភ្នំពេញ ​៖ លោកគ្រូ អ្នកគ្រូ និង​សិស្ស អ្នក​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បាននាំគ្នា​ផ្តិតមេដៃ​តវ៉ា​ប្រឆាំង​ដាច់ខាតនូវ​ការដក​លោកនាយក​គ្រប់គ្រង​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​ការដាក់បញ្ចូល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ទៅជា​សាលា​ជំនាន់​ថ្មី ដែល​ហៅ​កាត់ NGS គឺ​ប្រៀប​ដូច​ទៅនឹង​សាលា​ឯកជន​មួយ កើត​ឡើងលើ​វិទ្យាល័យ​មួយ​នេះ​។​

​ការតវ៉ា​នេះ​ហាក់បីដូចជា​ប្រឆាំងនឹង​ថ្នាក់លើ​របស់ខ្លួន គឺ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ខណៈដែល​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង ដោយ​ប្រកាស​អញ្ជើញ​គណៈនាយក លោកគ្រូ អ្នកគ្រូ ទាំងអស់​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ចូលរួម​ប្រជុំ​ស្តីពី ការប្រកាស​សមាសភាព​គណៈ​គ្រប់គ្រង បណ្តោះអាសន្ន​នៅ​វិទ្យាល័យ ព្រះស៊ីសុវត្ថិ នា​ថ្ងៃទី​១៩​ខែកញ្ញា ក្រោម​អធិបតីភាព​លោក បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​។​

​ការដាក់បញ្ចូល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទៅជា​សាលា​ជំនាន់​ថ្មី ដែល​ហៅ​កាត់ NGS គឺ​សាលា​ព្រះស៊ីសុវត្ថិ មាន​ពីរ​វេន​គឺ សាលា​ជំនាន់​ចាស់ និង​សាលា​ជំនាន់​ថ្មី ហើយ​ការ​វាយ​ជួង​គឺ​វាយ​ពីរដង ។ សាលា​ជំនាន់​ចាស់ វាយ​ជួង​ចូលរៀន​នៅ​ម៉ោង​៧​ព្រឹក រីឯ​សាលា​ជំនាន់​ថ្មី វាយ​ជួង​ចូលរៀន​នៅ​ម៉ោង​៧​និង​៣០​នាទី ហើយ​ក្នុង​បំពាក់​ទៅដោយ​បរិក្ខារ​ទំនើប និង​មាន​បំពាក់​ម៉ាស៊ីនត្រជាក់ ជាដើម​។​

​មានការ​ភ្ញាក់ផ្អើល​មិន​សុខចិត្ត ពី​លោកគ្រូ​អ្នកគ្រូ​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ពេលឮ​ដំណឹង​ថា ត្រូវ​ដក​លោកនាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ មូល ស៊ុយ​ហេង​ដោយ​គ្មាន​មូលហេតុ​។​

​សិស្ស​ម្នាក់​បាន​និយាយថា សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ជា​សាលា​ដែល​សល់​ពី​ជំនាន់​ព្រះបាទ ស៊ីសុវត្ថិ មកម្ល៉េះ មិន​ត្រូវយក​សាលា​នេះ ឲ្យ​ទៅជា​សាលា​ឯកជន​នោះ​។​

​សិស្ស​និស្សិត​ដែល​ធ្លា​ប់រៀន​នៅ​សាលា​បន្តថា នៅតែ​បន្ត​ការតវ៉ា បើសិន​មិនមាន​ការដោះស្រាយ រឿង​ដក​លោកគ្រូ​នាយក នឹង​ផ្ទេរ​សាលា​នេះ ទៅជា​សាលា​ឯកជន​។​

​ប៉ុន្តែ​មហាជន​បាន​លើកឡើងថា ការផ្លាស់ប្តូរ​នាយក​សា​លា គឺជា​សិទ្ធិ​និង​តួនាទី​របស់​ក្រសួង​អប់រំ មិនមែន​គ្រូ និង​សិស្ស ជា​អ្នកសម្រេច​នោះទេ ហើយ​ការតវ៉ា​នោះ នឹង​នាំ​ឲ្យ​មាន​បញ្ហា​កាន់តែ​ធំ​និង​ធ្ងន់ធ្ងរ ចំពោះ​នាយក​សាលា​ស៊ីសុវត្ថិ ។ ប្រភព​ដដែល​បន្តថា ការតវ៉ា​នេះ អាចជា​ល្បិច​របស់លោក​មូល ស៊ុយ​ហេង ដើម្បី​បាន​ខ្លួន​នៅ​ធ្វើជា​នាយក​សាលា​នេះ បាន​ទៅ​ញុះញង់​ឲ្យ​គ្រូ និង​សិស្ស លើក​បដា​តវ៉ា ដើម្បី​ការពារ​តំណែង​របស់ខ្លួន​។​

​លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ រាជធានី បាន​អញ្ជើញ​លោកគ្រូ អ្នកគ្រូ ចូលធ្វើការ​ពិភាក្សា​នៅ​ខាងក្នុង​បន្ទប់​វិញ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ការចរចា​គ្នា​យ៉ាងណា​នោះ មិនទាន់​ទំលាយ​ឲ្យ​ដឹង​នូវឡើយ​ទេ ។​

​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គណនី Phosthey Kouy បាន​លើកឡើងថា យើង​មិន​ចង់​បាត់បង់​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​របស់​យើង​។​

​សុខៗ មក​ឮថា​ចង់​ផ្លាស់ប្តូ​រដាក់​ជា NGS (​សាលា​ជំនាន់​ថ្មី​) គិតថា NGS និង​ល្អ​ប៉ុនណា​ទៅ អស្ចារ្យ​ប៉ុនណា​ទៅ បានជា​ចង់​មក​លុបបំបាត់ វិទ្យាល័យ​របស់​ពួកយើង​។ សុំ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ដក​សាលារៀន​ជំនាន់​ថ្មី​ចេញទៅ​។ លើសពីនេះទៅទៀត សូម​លោក​ពិចារណា​ឡើងវិញ នូវ​ការដែល​លោក​ចង់​ដក​លោកនាយក មូល ស៊ុយ​ហេង ចេញ​។ ពួកយើង​មិន​ឯកភាព​ដាច់ខាត​។ ឱ​! វិទ្យាល័យ​ខ្ញុំ​អើយ តើ​អ្នកនឹង​ក្លាយទៅជា​យ៉ាងណា​? ។​

​ចំណែក​គណនី Heng Seyha បានសរសេរថា ក្នុងនាម​ជា​អតីត​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ខ្ញុំ​មាន​កិត្តិយស ដោយបាន​ប្រាប់​សិស្ស​ទាំងអស់ ឱ្យជួយ​ប្រឆាំងនឹង​ជំនាន់​ថ្មី Schoool (NGS) ដែល​បាន​បង្កើតឡើង​អស់​រយៈពេល 3 ឆ្នាំ​រួចមកហើយ និង​បានទទួល​នូវ​លក្ខណៈសម្បត្តិ របស់​សាលា​បន្តិច​ម្តងៗ ។ យើងទាំងអស់គ្នា កំពុង​ប្រមូល​សិស្ស​ចាស់ និង​បច្ចុប្បន្ន នៃ​សាលារៀន​ម៉ោង 6:30 ព្រឹក​ថ្ងៃស្អែក​។​

​ក្រសួង​អប់រំ​យុវជន​និង​កីឡា សម្រេច​ដក​លោក មូល ស៊ុយ​ហេង នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដោយសារ​ក្នុង​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ មានការ​បង្រៀន​ស្ដង់ដារ​២ គឺ​សាលា​ជំនាន់​ចាស់ និង​សាលា​ជំនាន់​ថ្មី ក្នុង​បរិវេណ​សាលា​តែមួយ ដែល​ធ្វើ​ឲ្យ​មានការ​រើសអើង និង​មិន​ចុះសម្រុង​គ្នា​ទៅវិញទៅមក រវាង​សិស្ស​និង​សិស្ស ហើយ​គ្រូ​និង​គ្រូ​។​

​គឺ​ដាក់បញ្ចូល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ទៅជា សាលា​ជំនាន់​ថ្មី ដែល​ហៅ​កាត់ NGS គឺ​ប្រៀប​ដូច​ទៅនឹង​សាលា​ឯកជន​មួយ​កើត​ឡើងលើ​វិទ្យាល័យ​មួយ​នេះ​ផងដែរ ព្រោះ​ការសិក្សា​ត្រូវ​មានការ​បង់លុយ ដើម្បី​ទ្រទ្រង់​ដល់​គម្រោង​បង្កើត​សាលា​ជំនាន់​ថ្មី​នេះ​បន្ត​ទៅមុខទៀត​។​

​ក្រសួង​អប់រំ យុវជន និង កីឡា តាមរយៈ​អ្នកនាំពាក្យ លើកឡើងថា រហូតដល់​ល្ងាច ថ្ងៃទី​១៨ កញ្ញា​នេះ ក្រសួង​មិនទាន់​ទទួលបាន​ញត្តិ តវ៉ា​ពី​ក្រុម​គ្រូបង្រៀន​ទាំងនោះ​នៅឡើយ​ទេ ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៩ កញ្ញា ក្រសួង​អប់រំ នឹង​ពិនិត្យ​ដោះស្រាយ​លើ​ការតវ៉ា​នេះ ។​

​ក្រុម​គ្រូបង្រៀន នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បាន​លើកឡើងថា សាលា​ជំនាន់​ថ្មី​បានធ្វើ​ឲ្យ​សិស្ស និង​សិស្ស គ្រូ និង គ្រូ និង​គណៈ​គ្រប់គ្រង មានការ​រើសអើង​គ្នា នឹង​គ្នា ។ ក្រុម​គ្រូបង្រៀន ក៏បាន​ស្នើ​សូម​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​កុំ​ឲ្យ​មានការ​បង្កើត​សាលា​ក្នុង​សាលា ( សាលា​ជំនាន់​ថ្មី ព្រោះ​សាលា​ជំនាន់​ថ្មី​បានធ្វើ​ឲ្យ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង ) ។ ក្រុម​គ្រូបង្រៀន អ្នក​តវ៉ា​ក៏បាន​ទាមទារ​ឲ្យ​ក្រសួង​អប់រំ ត្រូវតែ ដក​សាលា​ជំនាន់​ថ្មី ចេញពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ជាដាច់ខាត ។​

​ជាមួយគ្នា​នោះ ក្រុម​គ្រូបង្រៀន អ្នក​តវ៉ា​ក៏បាន​លើកឡើងថា “ ការបង្កើត​សាលា​ជំនាន់​ថ្មី នៅក្នុង​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ធ្វើ​ឲ្យ​បាត់បង់ បេតិកភណ្ឌ​ជាតិ ។ ក្នុងនោះ​ការបង្កើត សាលា​ក្នុង​សាលា គឺ​ដូច​បង្កើត​រដ្ឋ ក្នុង​រដ្ឋ ” ។​

​ក្រៅពី​ការតវ៉ា​ជំទាស់ នឹង​ការបង្កើត​សាលា​ជំនាន់​ថ្មី នៅក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ លោកគ្រូ អ្នកគ្រូ ក៏បាន​តវ៉ា​នឹង​ការប្រកាស​តែងតាំង សមាសភាព គណៈ​គ្រប់គ្រង​បណ្តោះអាសន្ន នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ពោលគឺ​ក្រុម​គ្រូបង្រៀន ប្រឆាំងនឹង​ការដក​លោក មួល ស៊ុយ ហេង ចេញពី​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ផងដែរ ។​

​ជុំវិញ ការតវ៉ា​របស់​គ្រូបង្រៀន​ជាច្រើន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នា រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ត្រូវបាន​លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង អប់រំ យុវជន និង កីឡា​បាន​ឲ្យ​ដឹងថា ក្រសួង​មិនទាន់​បានទទួល​ញត្តិ​តវ៉ា​ណាមួយ​នៅឡើយ​ទេ គ្រាន់តែ​បានដឹងថា មាន​គ្រូបង្រៀន​មួយចំនួន នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បាន​លើក​បដា​តវ៉ា ៕​ ដោយ​ ៖ ​កូ​ឡាប​

spot_img
×