Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដំណើរ​ឆ្ពោះ​ទៅរក​ការបង្កើត វិទ្យាស្ថាន​បច្ចេកវិទ្យា​សំណង់ នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច នៅ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​សំណង់​កូរ៉េ (KICT) ដែល​មាន​ទីតាំង នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​។​

​លោក Sung Heon Han ប្រធាន​វិទ្យាស្ថាន KICT បាន​ណែនាំ​គណៈប្រតិភូ ឱ្យ​ស្គាល់​បច្ចេកវិទ្យា​សំណង់ ធំៗ​របស់​កូរ៉េ ប្រព័ន្ធ​លើក​កម្ពស់​សុវត្ថិភាព​សំណង់ និង​ចរាចរណ៍ និង​ប្រព័ន្ធ​គ្រប់គ្រង​សម្ភារៈ​ការដ្ឋាន​។​

​ជាមួយគ្នា​នេះ​ផង​ដែរ KICT បាន​ចែករំលែក​ពង្រាង​ផែនការ​គាំទ្រ ការបង្កើត “​វិទ្យាស្ថាន​បច្ចេកវិទ្យា​សំណង់​កម្ពុជា​-​កូរ៉េ​(C-KICT)”​។ C-KICT​នេះ​នឹង​ដើរតួនាទី​ជា​មូលដ្ឋានគ្រឹះ សម្រាប់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កម្ពុជា ក្នុង​ការធានា​ឱ្យបាន​នូវ​ស្ដង់ដារ​គុណភាព នៃ​សំណង់ នៅ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​បញ្ហា​ប្រឈម នាពេល​បច្ចុប្បន្ន​ពាក់ព័ន្ធ នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ របស់​កម្ពុជា ផងដែរ​។ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ គ្រោះថ្នាក់​ចរាចរ នាពេល​បច្ចុប្បន្ន ដែល​បង្កឡើង​ដោយ​កត្តា​មនុស្ស និង​ចំណុច​ខ្មៅ បាន​សម្លាប់​មនុស្ស​ប្រមាណ ៥ នាក់ និង​បង្ក​របួសស្នាម ពី​២០​ទៅ​៥០​នាក់ ក្នុង​មួយ​ថ្ងៃ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​កត់សម្គាល់​ថា​៖ កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង នូវ​ស្តង់ដារ នៃ​ការស្ថាបនា ផ្លូវថ្នល់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ និង​រក្សា​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ឱ្យមាន​ភាព រឹងមាំ និង​ប្រើប្រាស់​ជាប់​បាន​យូរ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថា​៖ ជាពិសេស បច្ចេកវិទ្យា​ជួសជុល​ផ្លូវថ្នល់​មាន​សារសំខាន់​ណាស់ ដោយសារ​តំបន់​ភាគខាងត្បូង នៃ​ប្រទេស​ដូចជា​៖ ខេត្ត​កំពត ខេត្ត​កែប ក្រុងព្រះសីហនុ និង​ខេត្ត​កោះកុង មាន​ភ្លៀង​ធ្លាក់​ជោគជាំ​នៅ​រដូវវស្សា​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​សំណូមពរ​ឱ្យ KICT ពន្លឿន​ការបង្កើត​វិទ្យាស្ថាន C-KICT ក្នុង​រយៈពេល​២​ឆ្នាំ ឬ​ឆាប់ៗ​តាម​ដែល​អាច​ធ្វើទៅបាន​។​

KICT គឺជា​វិទ្យាស្ថាន​របស់​រដ្ឋាភិបាល​កូរ៉េ មាន​ជំនាញ​ឯកទេស​ខាង​ការស្រាវជ្រាវ និង​វិស្វកម្ម​សំណង់​។ KICT មាន​បុគ្គលិក​ជំនាញ​ថ្នាក់បណ្ឌិត​ជាង ៩០០ ដែល​មាន​ជំនាញ​ផ្សេងៗ​គ្នា​ទាក់ទង​នឹង​ការសាងសង់​។​

KICT បាន​បង្កើត​ស្តង់ដារ​សំណង់​កូរ៉េ​សម័យ​ទំនើប និង​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការ​យោគ យល់​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

       

spot_img
×