នេះជាខណៈពេលដ៏ចលាចលមួយ នៅពេលដែលខ្យល់គួចលាយឡំផ្គររន្ទះដ៏សាហាវ បានវាយប្រហារពិធីមង្គលមួយ ដែលបានធ្វើឡើងនៅក្នុងទីក្រុង Marikina ដែលកើតឡើងបន្ទាប់ពីព្យុះកំណាច Mangkhut ។
ព្រឹត្តិការណ៍នេះត្រូវបានកត់ត្រា និងបង្ហោះលើអ៊ិនធើរណែត ដោយអ្នកប្រើប្រាស់ហ្វេសប៊ុក និងជាងថតរូបអាពាហ៍ពិពាហ៍ឈ្មោះ Von Eric Espina កាលពីថ្ងៃទី១៤ ខែកញ្ញា នៅតំបន់មរតក Kapitan Moy នៅក្នុងប្រទេសហ្វីលីពីន ។
តាមរយៈវីដេអូឃ្លីប កូនកំលោះឈ្មោះ Randy Manaois អាយុ ២៩ ឆ្នាំ និងកូនក្រមុំឈ្មោះ Jennifer អាយុ ២៨ ឆ្នាំ ត្រូវបានឃើញកាន់ដៃបណ្តើរគ្នា ជាមួយស្នាមញញឹម ដើរឆ្លងកាត់កម្រាលព្រំក្រហម ទៅកាន់កន្លែងកាត់នំ ខណៈសាច់ញាតិ និងភ្ញៀវប្រុសស្រីចូលរួមឈរអមសងខាងផ្លូវទះដៃអបអរ និងភ្លេងតន្ត្រីបន្លឺឡើងយ៉ាងរំភើបរីករាយបំផុត ។
ប៉ុន្តែ ខណៈឈានដល់ជិតឆាកតន្ត្រី ពួកគេស្រាប់តែក្រឡេកទៅខាងក្រោយ ជាមួយទឹកមុខភ្ញាក់ផ្អើលជាខ្លាំង ។ ហើយប៉ុន្មានវិនាទីក្រោយមក ស្រាប់តែស្នូរផ្គររន្ទះលាន់លឺយ៉ាងខ្លាំង ដូចជាវាយកម្ទេចបង្អួច និងបានបណ្តាលឲ្យបន្ទប់សាលពិធីទាំងមូលត្រូវងងិតឈ្លប់តែម្តង ដោយសារតែភ្លើងអគ្គិសនីត្រូវបានកាត់ផ្តាច់ ។
ខណៈពេលដ៏ចលាចលនោះ មនុស្សអាចត្រូវបានលឺស្រែកទៅកាន់គ្នា ឲ្យរក្សាភាពស្ងប់ស្ងាត់ និងកុំភ័យស្លន់ស្លោ ជាភាសាហ្វីលីពីន ។
លោក Jerus L Faelden ភ្ញៀវម្នាក់នៅក្នុងពិធីមង្គលការនេះ បានបង្ហោះវីដេអូខ្លីមួយ នៅលើហ្វេសប៊ុករបស់គាត់ ដើម្បីបង្ហាញផលវិបាកនៃខ្យល់គួចដ៏កម្រនេះ ។
ទោះយ៉ាងណា វាពុំបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ៕ ចន្ទី