Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាន​ស្នើ​ឱ្យ​គម្រោង ACT ដាក់បញ្ចូល​នូវ​បញ្ហា​ផ្សេងៗ ដើម្បី​ធានា​ឱ្យ​កាន់តែ​ប្រសើរឡើង សម្រាប់​កម្មករ​និយោជិត​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ជំនួប​ពិភាក្សា​ការងារ ជាមួយ​ប្រតិភូ​តំណាង​ពាណិជ្ជ នាម​សម្លៀកបំពាក់​ល្បីៗ លើ​ពិភពលោក លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​ស្នើ​ឱ្យ​គម្រោង ACT ដាក់បញ្ចូល​នូវ​បញ្ហា​ផ្សេងៗ ដើម្បី​ធានា​ឱ្យ​កាន់តែ​ប្រសើរឡើង សម្រាប់​កម្មករ​និយោជិត​នៅ​កម្ពុជា ដូចជា ការធានា​ឱ្យ​និយោជក និង​អ្នកបញ្ជា​ទិញ​ទាំងឡាយ គាំទ្រ​មក​ដល់​កម្មវិធី​របប​សន្តិសុខ​សង្គម ដែល​ទាក់ទង​នឹង​ការ​ធានារ៉ាប់រង​ហានិភ័យ​ការងារ ការថែទាំង​សុខភាព ហើយ​នៅ​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​នឹង​ដាក់ឱ្យអនុវត្ត​នូវ​របប​សោធន​និវត្ត​។ លោក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឱ្យ​បញ្ចូល​កម្មវិធី​ផ្សេងទៀត ដូចជា គម្រោង​សុវត្ថិភាព​ចរាច​រណ៍ បញ្ហា​អនាម័យ និង​សុខភាព ដើម្បី​ទប់ស្កាត់​ករណី​ដួលសន្លប់ ចំពោះ​កម្មករ​និយោជិត ក្នុង​រោងចក្រ​នានា ជាដើម​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានបញ្ជាក់​ថា នៅ​អំឡុង​ពេល​នេះ ម្ចាស់​ពាណិជ្ជ​នាម (​ម៉ាក​យីហោ​) សម្លៀក​បំពាក់​ល្បីៗ​លើ​ពិភពលោក រួម​ជាមួយ​ភាគី​រាជរដ្ឋាភិបាល និយោជក និង​សហជីព ក៏ដូចជា​ភាគី​ពាក់ព័ន្ធ កំពុង​ពិភាក្សា​​គ្នា​លើ​គម្រោង​បង្កើត​អនុសញ្ញា​រួមមួយ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​កាន់​ប្រសើរឡើង​នូវ​វិស័យ​កាត់ដេរ ក្នុងនោះ​ការធានា​ការបញ្ជា​ទិញ​ផលិតផល​កាត់ដេរ​ពី​កម្ពុជា ក៏​ជា​គោលបំណង​សំខាន់​មួយ​ដែរ​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់​យ៉ាង​ដូច្នេះ ធ្វើឡើង​នៅ​ក្រោយ​ជំនួប​ពិភាក្សា​ការងារ ជាមួយ​ប្រតិភូ​តំណាង​ពាណិជ្ជ នាម​សម្លៀកបំពាក់​ល្បីៗ លើ​ពិភពលោក ដឹកនាំ​ដោយ​លោក Frank Hoffer នាយក​ប្រតិបត្តិ​គំនិត​ផ្ដួចផ្ដើម នៃ​គម្រោង​សកម្មភាព​ដើម្បី​ការប្រែប្រួល​ផ្នែក​លក្ខ​ខណ្ឌ​ការងារ ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ (ACT) នា​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង​ការងារ​។​

​លោក​អ៊ិត សំហេង បានឱ្យដឹងថា ការពិភាក្សា​គ្នា​នៅ​ថ្ងៃនេះ គឺ​ផ្តោត​ទៅលើ​អ្វី​ដែល​ជា​វឌ្ឍនភាព​របស់​គម្រោង ACT ដែល​បាន​អនុវត្ត​ក្នុង​រយៈពេល​កន្លងមក​នោះ​។ គោលដៅ​នៃ​គម្រោង​នេះ គឺ​ដើម្បី​ធ្វើឱ្យ​មាន​កិច្ចព្រមព្រៀង​រួមគ្នា​មួយ ឬ​ហៅ​ថា «​អនុសញ្ញា​រួម​» នៅក្នុង​ក្របខណ្ឌ​រោងចក្រ និង​នៅក្នុង​វិស័យ (​លើ​ក្របខណ្ឌ​រោងចក្រ​)​។​

​ចំពោះ​ការពិភាក្សាគ្នា​អំពី​អនុសញ្ញា​រួម​នេះ គឺ​ធ្វើ​យ៉ាងណា​ទាក់ទាញ​ដៃគូ​ពាក់ព័ន្ធ​នានា ចូលរួម​ឱ្យបាន​កាន់តែ​ច្រើន រួមទាំង​អ្នក​បញ្ជា​ទិញ​ទាំងឡាយ​ផងដែរ ពីព្រោះ​ប្រសិនបើ​មាន​ការឯកភាព​ក្នុង​ការរៀបចំ​អនុសញ្ញា​រួម​នេះ អ្នក​បញ្ជា​ទិញ​ក៏​ត្រូវ​ធានា​ថា​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ ជាមួយ​អ្នកផ្គត់ផ្គង់​នៅ​ប្រទេស​កម្ពុជា រយៈពេល​វែង​ត​ទៅ​មុខ​ទៀត អាច​រហូតដល់ ៤​ឆ្នាំ ឬ ៥​ឆ្នាំ ឬ​ច្រើន​ជាង​នេះ​។​

លោក​អ៊ិត សំហេង បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា ទៅ​ថ្ងៃ​អនាគត គម្រោង ACT នេះ នឹង​បន្ត​ការពិភាក្សា​គ្នា​បន្តទៅទៀត ដើម្បី​ឈាន​ទៅ​សម្រេចបាន​នូវ​ការចុះ​អនុសញ្ញា​រួមមួយ ដូច​មាន​រៀបរាប់​នៅ​ខាងលើ​។​

​គួរ​ជម្រាប​ថា គម្រោង ACT គឺជា​កិច្ចព្រមព្រៀង​ថ្មី​មួយ​រវាង​ម្ចាស់​ម៉ាក​កម្រិត​ពិភពលោក​មួយ​ចំនួន អាជីវករ​លក់រាយ និង​សហជីព​មួយចំនួន ដើម្បី​ផ្លាស់ប្តូរ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ និង​កាត់ដេរ និង​សម្រេចបាន​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ​និយោជិត តាមរយៈ​ការចរចា​ជា​សមូហភាព​នៅ​ថ្នាក់​វិស័យ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការគាំទ្រ​ក្នុង​ការកែសម្រួល​បែបបទ​នៃ​ការបញ្ជាទិញ និង​ម្ចាស់​ម៉ាក​។​

​គោលបំណង​របស់ ACT គឺ​ការប្តេជ្ញាចិត្ត​កម្រិត​អន្តរជាតិ ក្នុង​ការសម្រេច​ឱ្យបាន​ប្រាក់​ឈ្នួល​សមរម្យ​នៅក្នុង​វិស័យ​មួយ ដោយ​បាន​បង្កើតឱ្យមាន​ជា​ក្រប​ខណ្ឌ​មួយ ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ រួមមាន ម្ចាស់​ម៉ាក និង​អាជីវករ​លក់រាយ សហជីព រោងចក្រ សហគ្រាស និង​រាជរដ្ឋាភិបាល អាច​អនុវត្ត​ទំនួល​ខុស​ត្រូវ និង​តួនាទី​របស់​ខ្លួន ក្នុង​ការសម្រេច​ឱ្យបាន​ប្រាក់​ឈ្នួល​សមរម្យ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×