Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ជំរុញ​មន្ត្រី​ពង្រឹង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​

spot_img

​ភ្នំពេញ ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ ខិតខំ​ពង្រឹង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ដែលជា​ឯកសារ​គោលនយោបាយរ​បស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​នាំមក​នូវ​វឌ្ឍនភាព និង​សមិទ្ធផល​ថ្មីៗ ជូន​ប្រជាជន និង​ប្រទេស​កម្ពុជា​ទាំងមូល​។​

​លោក​រដ្ឋមន្ត្រី បាន​លើក​សំណើ​នេះ នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​លើកដំបូង​របស់​ក្រសួង​ពាណិជ្ជកម្ម សម្រាប់​អណត្តិ​​ទី​​៦ នៃ​រាជរដ្ឋាភិបាល ដែល​រៀបចំឡើង​នៅ​ទីស្តីការក្រសួង កាលពី​រសៀល​ថ្ងៃ​ពុធ ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ដើម្បី​ផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ និង​ប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​ថ្មី របស់​ក្រសួង​ពាណិជ្ជកម្ម​។​

​នៅក្នុង​ឱកាស​នោះ​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានលើកឡើង​អំពី​សាវតា​សង្ខេប និង​សមិទ្ធផល​ផ្នែក​សង្គម​សេដ្ឋកិច្ច ដែល​ជា​ផ្លែផ្កា​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ទាំង​បី​ដំណាក់កាល និង​ខ្លឹមសារ​រួម​របស់​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​ជា​របៀប​វារៈ​គោល​នយោបាយ សម្រាប់​ជំរុញ​ការអនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​កំណើន​ការងារ និង​សមធម៌ ឆ្ពោះទៅ​រក​ចក្ខុវិស័យ​​កម្ពុជា​ឆ្នាំ​២០៥០ និង​ជា​មគ្គុទេសស​ម្រាប់​តម្រង់​ទិស​សកម្មភាព របស់​គ្រប់​តួអង្គ​ទាំងអស់​នៃ​រាជរដ្ឋាភិបាល​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាល​បាន​កំណត់​យក​ឤ​ទិភាព​ចំនួន ៤ គឺ​៖ ផ្លូវ ទឹក ភ្លើង និង​មនុស្ស ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស ដែល​លំដាប់​នៃ​ឤ​ទិភាព​ទាំងអស់នេះ ត្រូវបាន​ផ្លាស់ប្តូរ​ទៅតាម ដំណាក់កាល​នីមួយៗ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​។ សម្រាប់​នីតិកាល​ទី ៦​នេះ រាជរដ្ឋាភិបាល បន្ត​ផ្តោត​ការយកចិត្តទុកដាក់​លើ​វិស័យឤ​ទិ​ភាពទាំង ៤ ដដែល ដោយ​តម្កល់ “​មនុស្ស​” ជា​ឤ​ទិភាព​ទី​១ វិញ​។​

​លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏​បាន​ជម្រាបជូន​អំពី​ការងារ​អាទិភាព ដែល​ក្រសួង​ពាណិជ្ជកម្ម​ត្រូវ​បន្ត​អនុវត្តន៍ ដើម្បី​ពង្រឹង​សមត្ថភាព​កម្ពុជា សំដៅ​ជំរុញ​ការធ្វើសមាហរណកម្ម​ទៅ​ក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក ជាពិសេស​ការត្រៀមខ្លួន សម្រាប់​ទប់ទល់​ផល​ប៉ះ​ពាល់​នានា ដែល​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម និង​ការប្រែប្រួល​នៃ​សេដ្ឋកិច្ច​ពិភពលោក​។​

​សូមជម្រាបថា នៅ​មុំ​ទី​២ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ស្តីពី​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការពង្រឹង​ភាព​ប្រកួតប្រជែង ក្រសួង​ពាណិជ្ជកម្ម នៅតែ​ដើរតួ​យ៉ាង​សំខាន់ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ដែល​មានចែង​នៅក្នុង​មុំ​ទី​៣ ស្ដីពី​ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋ​កិច្ច​ឌីជីថល និង​ការចាប់យក​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ជាពិសេស​លើ​ការងារ​ជំរុញ និង​ការបង្កើត​មូលដ្ឋាន​គតិយុត្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ឌីជីថល តួយ៉ាង​ដូចជា​៖ ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក (E-Commerce) ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នក​ប្រើ​ប្រាស់ និង​វិសោធនកម្ម​ច្បាប់ ព្រមទាំង​បទបញ្ញត្តិ​ពាក់ព័ន្ធ ដែល​គាំទ្រ និង​ជំរុញ​ការរីកចម្រើន និង​ការពារ​ហានិភ័យ​នៅក្នុង​វិស័យ​នេះ​៕ ​ដោយ ​៖ ​កូឡាប​

 

spot_img
×