Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​សំរាម​ចោទ​ម្ចាស់​ហាង Jasmine ផ្លូវ​ផែ​៥០២ ក្រុងព្រះសីហនុ មិន​បង់ថ្លៃ​ប្រមូល​សំរាម​៩​ខែ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ក្រុមហ៊ុន​ទទួល​សិទ្ធិ​ប្រមូល​សំរាម​ផ្តាច់មុខ ប្រចាំ​ក្រុង​ព្រះសីហនុ បាន​ចោទ​ម្ចាស់​ហាង ដែល​មាន​ថៅកែ​ជា​ជន​បរទេស​មួយ​កន្លែង ថា​បាន​គេចវេស​មិន​ព្រម​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​អស់​រយៈពេល​ចំនួន​៩​ខែ​កន្លង​មក​ហើយ​។​

បុគ្គលិក​តំណាង​ក្រុមហ៊ុន​សំរាម​ឈ្មោះ ខេ​.​អែ​ស​.​ដាប់​បិល​យូ​.​អ៊ឹម (KSWM) បានឲ្យដឹងថា ដោយសារតែ​ម្ចាស់​ហាង​ខាងលើ មិន​ព្រម​បង់ថ្លៃ​សេវា​ប្រមូល​សំរាម ប្រចាំខែ​ចំនួន ៩​ខែ​មកនេះ ទើប​នៅ​រសៀល​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្រុម​ការងារ​ចម្រុះ រួមមាន​៖ សមាសភាព​មន្ត្រីរដ្ឋបាល​ក្រុងព្រះសីហនុ មន្ត្រី​មន្ទីរ​បរិស្ថាន និង​តំណាង​ក្រុមហ៊ុន​សំរាម បាន​ចុះ​ផ្ទាល់​ដល់​ហាង Jasmine មាន​ទីតាំង​នៅ​ជាប់​ផែ​ទូក​ទេសចរណ៍​ឆ្នេរ​អូរ​ឈើទាល តាម​បណ្តោយ​ផ្លូវ​៥០២ ស្ថិតក្នុង​ភូមិ​៤ សង្កាត់​៤ ក្រុង​~​ខេត្ត​ព្រះសីហនុ​។​

តំណាង​ក្រុមហ៊ុន​សំរាម បន្តថា គោលបំណង ចុះ​ជួប​ម្ចាស់​ហាង​ខាងលើ ដើម្បី​សម្របសម្រួល​ឲ្យ​ម្ចាស់​ទីតាំង ឬ​ម្ចាស់​ហាង​ខាងលើ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម ដែល​ម្ចាស់​ទីតាំង​នេះ មិន​បាន​បង់អស់​រយៈ​ពេល​៩​ខែ​កន្លង​មក​ហើយ គិត​ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

ផ្តើម​ពី​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន​ប្រមូល​សំរាម KSWM បានបញ្ជាក់​ថា មូលហេតុ ដែល​ម្ចាស់​ទីតាំង​ខាងលើ មិន​ព្រម​បង់ថ្លៃ​សេវា​ប្រមូល​សំរាម ដោយសារ​តែ​ការចរចារ រវាង​ក្រុមហ៊ុន​ជាមួយ​ម្ចាស់​ហាង​Jasmine ដែល​មាន​ថៅកែ​ជា​ជនជាតិ​ទួ​គី​ខាងលើ មិន​ឯកភាព​គ្នា លើ​តម្លៃ​សេវា​ប្រចាំខែ នៃ​ការប្រមូល​សំរាម ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម​ទាមទារ ឬ​តម្រូវឲ្យ​បង់​នោះ​..​។​

យ៉ាងនេះក្តី អ្នកយក​ព័ត៌មាន cen.com.kh ប្រចាំ​ខេត្ត​ព្រះសីហនុ មិនទាន់​មាន​ប្រភព​ទាក់ទង​ម្ចាស់​ហាង Jasmine ដើម្បី​ស្នើសុំ​ការបំភ្លឺ​ជុំវិញ​បញ្ហា​មិន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​ខាងលើ បានទេ នៅ​ល្ងាច​ថ្ងៃទី​១៩ ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ​៕ ដោយ​៖ ដែន សីមា​

spot_img
×