Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​បាក់​អគារ​នៅ​ផាប់​ស្ទ្រី​ត​មាន​មនុស្ស​ស្លាប់​និង​របួស​នោះ គឺ​ម្ចាស់​សំណង់ និង​អ្នកម៉ៅការ នឹង​ប្រឈមមុខ​ផ្លូវច្បាប់​

spot_img

​លោក លី សំរិទ្ធ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ទាក់ទង​នឹង​បញ្ហា​បាក់​រលំ​អគារ​នៅ​តំបន់​ផាប់​ស្ទ្រីត​ក្នុងក្រុង​សៀមរាប កាលពី​វេលា​ម៉ោង​០០​និង​៤៥​នាទី​រំលង​អាធ្រា​ត្រ ចូល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លងមកនេះ ដែល​បណ្ដាលឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​និង មនុស្ស​៤​នាក់​ផ្សេងទៀត​បាន​រងរបួស​នោះ អ្នក​ដែល​ធ្វើ គឺជា​អ្នកទទួលខុសត្រូវ នោះ​គឺ​ម្ចាស់​សំណង់ និង​អ្នកម៉ៅការ នឹង​ប្រឈមមុខ​ផ្លូវច្បាប់​ដោយសារ​ការ​ធ្វេសប្រហែស​របស់​ពួកគេ ជាង​នេះ​ទៅទៀត​នោះ គឺ​ម្ចាស់​សំណង់​ត្រូវ​ប្រឈម​ខ្លាំងជាងគេ ព្រោះ​ត្រូវ​រង​បណ្ដឹង​ពី​ជនរងគ្រោះ ហើយ​ក្នុងនោះ​ខេត្ត​ក៏​ជា​ដើមបណ្ដឹង​ផងដែរ ដោយសារ​លួច​ជួសជុល​សំណង់​មិន​សុំ​ច្បាប់ ។ នេះ​បើ​តាម​ការផ្សព្វផ្សាយ​របស់​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​។​

​លោក លី សំរិទ្ធ មានប្រសាសន៍​ទៀត​ថា ដើម្បី​បង្ការ​នឹង​ហេតុការណ៍​នេះ លើក​ក្រោយ​ទៀត រដ្ឋបាលខេត្ត បាន​ចេញ​សេចក្តីណែនាំ និង​ពេលខ្លះ​មាន​ជា​បញ្ញត្តិ ដើម្បី​ហាម​ប្រាណ​ម្ចាស់​សំណង់​ចាស់ៗ នៅ​ផាប់​ស្ទ្រីត មិន​ឱ្យ​ប្រើប្រាស់ ឬ​ជួសជុល​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ ជាដើម ហើយ​យើង​នឹង​ពិនិត្យមើល​ថា តើ​អគា​រណា​អាច​ប្រើ​បាន អគារ​ណា​ត្រូវ​ផ្អាក ដើម្បី​ជួសជុល ព្រោះថា បើ​វា​ប៉ះពាល់ មិន​ត្រឹមតែ​អាយុជីវិត​មនុស្ស​ទេ តែ​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ផង​ដែរ តើ​អ្នកណា​គេ​នឹង​មកលេង​កន្លែង ដែល​បាក់​សង្កត់​មនុស្ស​នោះ ។​

​លោក លី សំរិទ្ធ មានប្រសាសន៍​បន្ថែម​ទៀត​ថា ក្នុង​កិច្ចប្រជុំ​កម្រិត​បច្ចេកទេស​មួយ កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ ដែល​មាន​ការ​ចូល​រួម​ពី​ក្រសួង​រៀបចំ​ដែនដី​ផង​នោះ រដ្ឋបាល​ខេត្ត​បាន​ប្រាប់ ពី​បំណង​ចង់​បង្កើត​គណៈកម្មការ ត្រួតពិនិត្យ​សំណង់​អគារ នៅ​ផាប់​ស្ទ្រីត​នេះ ពិតប្រាកដ​មែន ប៉ុន្តែ​វា​គ្រាន់តែ​ជា​ការស្នើសុំ​ទៅ​ក្រសួង តាមរយៈ​លោក ឡៅ រិទ្ធ សីហា រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ដឹកនាំ​កិច្ចប្រជុំ​នៅ​ថ្ងៃ​នោះ ហើយ​លោក​ក៏​មិន​ទាន់​ដឹងថា ថ្នាក់ដឹកនាំ​ក្រសួង​សម្រេច​យ៉ាងណា​នៅឡើយ​។​

​គួររំលឹកថា មានប្រសាសន៍ នៅក្នុង​កិច្ចប្រជុំ​ដោះស្រាយ បញ្ហា​ដួលរលំ​ហាង​ស៊ុប​នាគ នៅ​សាលាខេត្ត​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា​នេះ លោក ឡៅ រិទ្ធ​សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើកឡើង​ថា សំណង់​ភាគ​ច្រើន​​នៅក្នុង​តំបន់​ផ្សារ​ចាស់ ក្រុង​សៀមរាប ជា​សំណង់​មាន​វ័យ​ចំណាស់ បាន​សាងសង់ឡើង នៅក្នុង​សម័យ​អាណានិគម​បារាំង ដែល​សំណង់​បែបនេះ ត្រូវបាន​ចុះបញ្ជី​ទៅក្នុង​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ហើយ​ការជួសជុល​សំណង់​បែបនេះ គឺ​ចាំបាច់​ត្រូវតែ​មាន​ការពិនិត្យ​ច្បាស់លាស់ ពី​មន្ត្រី​ជំនាញ​ផ្នែក​សំណង់ និង​ជាង​ជួសជុល​ក៏​ត្រូវមាន​ជំនាញ​ច្បាស់លាស់​ដែរ ប៉ុន្តែ​សម្រាប់​ការជួសជុល​ហាង​ស៊ុប នាគ នេះ គឺ​ម្ចាស់​ហាង​លួច​ធ្វើ ដោយ​មិន​មាន​ការសុំ​អនុញ្ញាត ពី​ជំនាញ​ណា​ទាំងអស់ ដូច្នេះ​ម្ចាស់ ហាង​ត្រូវតែ​ទទួលខុសត្រូវ ចំពោះ​ហេតុការណ៍​នេះ​។​

​លោក ទិត ខេមរា ប្រធាន​នាយកដ្ឋាន​សំណង់ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូរិយោដី បានឲ្យដឹងថា តាម​ការត្រួតពិនិត្យ ស្លាកស្នាម​នៃ​ការដួលរលំ​នេះ សំណង់​អគារ​ហាង​ស៊ុប​នា​គនេះ អាច​ធ្លាប់បាន​គេ​ជួសជុល​ចំនួន​៣​ឬ​៤​ដង រួចមកហើយ ព្រោះ​ឃើញ​មានការ​ចាក់​បេតុង ចាក់​ប្លង់​សេ ជាន់​ទី​១ ជាន់​ទី​២ និង​ការរុះរើ​ដំបូល​ចាស់​ជាដើម ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×