Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​កៅស៊ូ​គ្រួសារ មាន​បញ្ហា​ប្រឈម​ជាខ្លាំង គួរឲ្យ​ព្រួយបារម្ភ

spot_img

​ភ្នំពេញ ​៖ លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ស្នើ​ឲ្យ​អង្គការ FAO សហការ​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​ជំនាញ នៃ​ក្រសួង ព្យាយាម​ឲ្យអស់​លទ្ធភាព ធ្វើ​យ៉ាងណា​ពង្រឹង​វិស័យ​កៅស៊ូ​ឡើងវិញ ប្រកបដោយ​ចីរភាព ខណៈ​ដែល​អង្គការ FAO បាននិងកំពុង​គាំទ្រ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស វិស័យ​កសិកម្ម​។

​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ពុធ ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក​រដ្ឋមន្ត្រី វេង សាខុន​បានអនុញ្ញាត​ឲ្យ​លោក​បណ្ឌិត Pierre-Marie Bosc មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម FAO ចូលជួប​សម្តែង​ការ គួរសម និង​ពិភាក្សា​ការងារ​ស្តីពី​ការរៀបចំ​បង្កើត​គម្រោង​ថ្នាក់​តំបន់​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ចំនួន​បី​គឺ ព្រះរាជាណាចក្រ​កម្ពុជា ព្រះរាជាណាចក្រ​ថៃ និង​ប្រទេស​មី​យ៉ាន់​ម៉ា​លើ​វិស័យ​កៅស៊ូ​។​

​ជា​កិច្ច​ចាប់ផ្តើម លោក​បណ្ឌិត Bosc បាន​ធ្វើ​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចអភិវឌ្ឍន៍ នៃ​សេដ្ឋកិច្ច​កម្ពុជា នាពេល​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​។ ចំពោះ​ជំនួប​នា​ថ្ងៃនេះ លោក​បណ្ឌិត​បាន​បញ្ជាក់ ជូន​លោក​រដ្ឋមន្ត្រី​ជ្រាបថា ដោយ​សង្កេត​ឃើញ​កសិក​រ​កៅស៊ូ​គ្រួសារ មាន​បញ្ហា​ប្រឈម​ជាខ្លាំង គួរឲ្យ​ព្រួយបារម្ភ ជាពិសេស​លើ​បញ្ហា​តម្លៃ​កៅស៊ូ​ធម្មជាតិ កំពុង​ធ្លាក់​ថ្លៃ ការប្រែប្រួល​អាកាសធាតុ និង​ទិន្នផល​ក៏​បាន​ថយចុះ អង្គការ FAO រួម​ជាមួយ​អង្គការ CIRAD បាន​ឯកភាព​រៀបចំ​បង្កើត​គម្រោង ថ្នាក់​តំបន់​ត្រីភាគី រវាង​ប្រទេស​កម្ពុជា ប្រទេស​ថៃ និង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​គម្រោង​នេះ ផ្តោត​ជា​សំខាន់​ទៅលើ​ប្រព័ន្ធ​សង្កេត​ការ សិក្សា​ស្រាវជ្រាវ និង​ពិ​ភាគ​ជា​លំអិត នៃ​លទ្ធផល​ដែល​ទទួលបាន នៃ​ប្រទេស​នី​មួយៗ ដើម្បី​ធ្វើ​ការប្រៀបធៀប និង​វាយតម្លៃ​អំពី​ស្ថានភាព ក៏ដូចជា​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ដាំ​ដុះ ការប្រមូល​ផល​ជ័រកៅស៊ូ និង​ធ្វើ​ការកែសម្រួល​។​

​នា​ឱកាស​នេះ​លោក​ម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ដល់​អង្គការ FAO ដែល​បាននិងកំពុង គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម​។ លោក​រដ្ឋមន្ត្រី ក៏​បាន​សម្តែង​នូវ​ភាព​គាំទ្រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​គម្រោង​ដែល​បាន​លើកឡើង​។ លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ការបង្កើន​សមត្ថភាព​មន្ត្រី​ជំនាញ និង​កសិករ​ដាំ​កៅស៊ូ ការកាត់បន្ថយ​ថ្លៃដើម និង​ពលកម្ម ការបង្កើន​ទិន្នផល ការធ្វើឲ្យ​ប្រសើងឡើង នៃ​គុណភាព​ជ័រកៅស៊ូ ការធានាបាន​នូវ​និរន្តរភាព នៃ​ដើម​កៅស៊ូ និង​ជា​ពិសេស​ការបង្កើន​ប្រាក់​ចំណូល​គ្រួសារ គឺជា​គន្លឹះ​ដ៏​សំខាន់ និង​គោលដៅ​របស់​ក្រសួង​។ ទន្ទឹមនឹងនេះ ដើម្បី​អនុវត្ត​គម្រោង​នេះ ទទួលបាន​ភាពជោគជ័យ លោក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​អង្គការ FAO សហការ​ជិតស្និទ្ធ ជាមួយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង ព្យាយាម​ឲ្យអស់​លទ្ធភាព ធ្វើ​យ៉ាងណា​ពង្រឹង​វិស័យ​កៅស៊ូ​ឡើងវិញ ប្រកបដោយ​ចីរភាព​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

spot_img
×