Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នៅ​ឆ្នាំ​២០១៨ ផលិតផល​សរុប​ក្នុងស្រុក​សម្រាប់​ប្រជាជន​ម្នាក់ៗ បាន​កើន​ជាង​៧​ដង បើ​ធៀប​នឹង​ឆ្នាំ​១៩៩២

spot_img

​ភ្នំពេញ ​៖ លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​និង​ជា​ទេសាភិបាល​របស់​កម្ពុជា​ប្រចាំ ADB បាន​ទទួល​ជួប​សវន​ការ​ការងារ​ជាមួយ​គណៈប្រតិភូ​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី (ADB) ​ដឹកនាំ​ដោយ​លោកស្រី កា​វ៉ា​វ៉ា​គី (Ms. Kawawaki) អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អាស៊ីអាគ្នេយ៍​របស់ ADB (Deputy Director General, Southeast Asia Department, ADB) ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​, នា​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ ​វេលា​ម៉ោង ១០:៣០ នាទី​, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​គោលបំណង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ លោកស្រី​កា​វ៉ា​វ៉ា​គី ត្រូវ​ជួប​សវនាការ​ការងារ ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​និង​ស្ថាបន័​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល ដើម្បី​ឧទេ្ទសនាម​លោកស្រី Sunniya Durrani-Jamal ជា​នាយក​ស្ថាន​តំណាង​ថ្មី​របស់ ADB ​ប្រចាំ​នៅ​កម្ពុជា ដែល​បន្ត​បេសកម្ម​ការងារ​ពី លោក Samiuela Tukuafu ដែល​បាន​ចប់​បេសកកម្ម​នៅ​កម្ពុជា កាលពី​អំឡុង​ខែ​មីនា ​ឆ្នាំ​២០១៨ កន្លងមក និង​ពិភាក្សា​ការងារ​ជាមួយ​បុគ្គលិក របស់​ស្ថាន​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី ប្រចាំ​កម្ពុជា​។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ការ​អញ្ជីញ​មក​បំពេញ​ទស្សនកិច្ច ​នៅ​កម្ពុជា​របស់​គណៈប្រតិភូ ហើយ​បាន​សម្តែង​នូវ​អំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ ​និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​របស់ ADB ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ។​

​លោកស្រី កា​វ៉ា​វ៉ា​គី ក៏​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ស្ថិរភាព​នយោបាយ របស់​កម្ពុជា ជាពិសេស​កោតសរសើរ​ខ្ពស់ ដល់​ការខិតខំប្រឹង​ប្រែង ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បន្ដ​រក្សា និង​ជំរុញ​កំណើនសេដ្ឋកិច្ច ប្រកបដោយ​ចីរភាព រក្សាបាន​នូវ​សមធម៌ សង្គម​ល្អ​ប្រសើរ ​និង​កាត់បន្ថយ​ភាពក្រីក្រ ដែល​ធ្វើឱ្យ​ផលិតផល​សរុប​ក្នុងស្រុក សម្រាប់​ប្រជាជន​ម្នាក់ៗ បាន​កើន​ឡើង​ជាង​៧​ដង ​គឺ​ពី​ប្រមាណ​ជាង​២០០​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​១៩៩២ ដល់​ជិត​ប្រមាណ​១.៥០០​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៨ ។

​លទ្ធផល​ដ៏​ល្អប្រសើរ​ទាំងនេះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា មាន​គោលនយោបាយ​ត្រឹមត្រូវ ច្បាស់លាស់ ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។​ក្នុងឱកាស​នោះ​ដែរ លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ជម្រាបជូន​លោកស្រី កា​វ៉ា​វ៉ា​គី បន្ថែមទៀតថា ​ដើម្បី​អាច​បន្ត​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ប្រកបដោយ​ចីរភាព សំដៅ​សម្រេច​បាន​នូវ​គោលដៅ ក្នុងការ​ប្រែក្លាយ​កម្ពុជា ​ឱ្យទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កំរិត​ខ្ពស់ ក្នុង​ឆ្នាំ ២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់ ក្នុង​ឆ្នាំ​២០៥០ រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦ ​នៃ​រដ្ឋសភា បាន​រៀបចំ និង​ដាក់​ចេញ​នូវ​ឯកសារ​គោលនយោបាយ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ​ដែល​មិន​ត្រឹមតែ​សម្រាប់​ដោះស្រាយ នូវ​បញ្ហា​ប្រឈម​ខាងលើ​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ត្រៀម​ខ្លួន​សម្រាប់ បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤ ​និង​សេដ្ឋកិច្ច​ឌីជីថល ដែល​ជា​និន្នាការ​ថ្មី នៃ​សេដ្ឋកិច្ច​សកលលោក​ផងដែរ ។​

​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦, ADB នឹង​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការរៀបចំ​ឯកសា​រ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​ឆ្នាំ ២០១៩-២០២៣ ដែល​ត្រូវ​ដើរ​តាម យុទ្ធសាស្ត្រ​ឆ្នាំ ២០៣០ (ADB Strategy 2030) របស់ ADB ហើយ​ត្រូវ​មាន​សង្គតិភាព​ជាមួយ​នឹង ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​៖ កសាង​មូលដ្ឋាន​ឆ្ពោះទៅ សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ ADB ដែល​នៅតែ បន្ត​ដើរតួនាទី​យ៉ាងសំខាន់ ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក្នុង​ភាព​ជា​ដៃគូ​ល្អ និង​ស្មើភាព​គ្នា និង​បាន​ជូនពរ​ដល់​លោក​ស្រី កា​វ៉ា​វ៉ា​គី ​បេសកកម្ម​ការងា​ររ​បស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា ឱ្យបាន​ជោគជ័យ​៕ ​ដោយ ​៖ ​កូឡាប​

spot_img
×