Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រកួត​កីឡា​និស្សិត​ឧត្ដមសិក្សា និង​មធ្យមសិក្សា​បច្ចេកទេស ជ្រើសរើស​ជើងឯក ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៨

spot_img

​រាជធានី​ភ្នំពេញ ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ព្រឹត្តិការណ៍ ប្រកួត​កីឡា​និស្សិត​ឧត្ដមសិក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ជ្រើសរើស​ជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០១៨ ដើម្បី​ជំរុញ​ការថែរក្សា​សុខភាព ក្នុង​ចំណោម​យុវជន និង​លើកកម្ពស់​វិស័យ​កីឡា​នៅ​កម្ពុជា កាន់តែ​ប្រសើរ​ឡើង​។​

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នេះ ត្រូវបាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា លោក​វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ ជាតិ​អូឡាំពិក​កម្ពុជា នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។​

​ការប្រកួត​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៨​កញ្ញា ដែល​មាន​គ្រឹះស្ថានឧត្តមសិក្សា និង​មធ្យមសិក្សា​ឯកទេស​ចំនួន​២២​គ្រឹះស្ថាន បាន​បញ្ជូន​ក្រុម​កីឡាករ​-​កីឡាការិនី​របស់ខ្លួន មក​ចូលរួម​ប្រកួត ដែល​ក្នុងនោះ​មាន​គ្រឹះស្ថាន​ចំនួន​៨​មក ពី​បណ្ដា​ខេត្ត​នានា ។​

កីឡា​ចំនួន​៦​ប្រភេទ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ដែល​ក្នុងនោះ​មាន​ប្រភេទ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលក​ម្ម ប៉េតង់​និង កីឡាវាយកូនឃ្លីលើតុ ។ បាល់ទាត់​បុរស​ចំនួន​១៣​ក្រុម បាល់ទះ​បុរស​៤​ក្រុម បាល់បោះ​បុរស​៥​ក្រុម និង​នារី​៤​ក្រុម អត្តពលកម្ម​មាន​១៥ គ្រឹះស្ថាន ក្នុងនោះ​កីឡាករ​៧០​នាក់ កីឡា​ការិនី​៣៥​នាក់​។ ប៉េតង់​ដែល​មាន​តែ​បុរស​នោះ មកពី​៦​គ្រឹះស្ថាន ដែល​មាន​កីឡាករ​ចំនួន​២៤​រូប និង វាយ​កូនឃ្លី​លើ​តុ មកពី​៨​គ្រឹះស្ថាន ដែល​មាន​កីឡាករ​២៤​រូប ។ សរុប​កីឡាករ​-​កីឡា​ការិនី ដែល​ចូល​​រួម​​ប្រកួត​​ឆ្នាំនេះ មាន​៦៨១​នាក់ ក្នុងនោះ​៩៤​នាក់ ជា​កីឡាការិនី ។​

​លោក​ស សុខា បាន​ធ្វើ​ការកត់សម្គាល់​ថា រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​នេះ កីឡា​នៅ​ប្រទេស​កម្ពុជា មាន​ការរីកចម្រើន​គួរឲ្យកត់​សម្គាល់ ។ កម្ពុជា​មិន​ត្រឹម​តែ​ដណ្ដើម​បាន​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ប៉ុណ្ណោះ​ទេ តែ​បាន​កម្រិត​ទ្វីប​អាស៊ី និង ពិភពលោក​ទៀតផង ។​

​ជាមួយនឹង​ការប្រកាស​បើក​ការប្រកួត​ប្រចាំ​ឆ្នាំ​នោះ លោក​រដ្ឋលេខាធិការ បាន​សំណូមពរ​ឲ្យ​អត្ត​ពលិក​ទាំងអស់ មានការ​អធ្យាស្រ័យ ចំពោះ​អាជ្ញាកណ្ដាល ចៅក្រម រាល់​កំហុស ដោយ​អ​ចេតនា ដែល​បាន​កើតឡើង ។​

លោក​រដ្ឋលេខាធិការ បាន​មានប្រសាសន៍ថា ទោះបី​ចាញ់​ឬ​ឈ្នះ ក្នុង​ការប្រកួត​មិនត្រូវ​បោះបង់ និង​ឈប់​លេង​កីឡា​ឡើយ គឺ​ត្រូវ​ចេះ​អាធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ក្នុងនាម​ជា​កីឡាករ​របស់​កម្ពុជា ពីព្រោះ​ការលេង​កីឡា​មាន​សារប្រយោជន៍ សម្រាប់​មនុស្ស​គ្រប់​វ័យ ក្នុង​ការទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ផ្លូវកាយ​ផ្លូវចិត្ត និង​ជួយ​ឲ្យ​ជៀសផុត ពី​ភាព​អសកម្ម​ផ្សេងៗ​ក្នុងសង្គម​៕ ដោយ​ ៖​ កូឡាប​

spot_img
×