Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រកាស​ចាប់ផ្តើម​កម្មវិធី​ប្រកួត​រូបថត​ស្ដី​ពី​បេតិកភណ្ឌ​វប្បធម៌​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ចាប់ផ្តើម​កម្មវិធី​ប្រកួត​រូបថត និង​អំពាវនាវ ដល់​អ្នក​ស្នេហា​វិស័យ​ថតរូប​ទាំងអស់ នៅក្នុង​ប្រទេស ផ្ញើ​រូបថត​ជា​ស្នាដៃ​ដើម របស់ខ្លួន ហើយ​ដែល​ឆ្លើយតប​យ៉ាង​សក្តិសម​បំផុត ទៅ​នឹង​ប្រធានបទ “​បេតិកភណ្ឌ​វប្បធម៌​” នៅ​កម្ពុជា​។ ការប្រកាស​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន ស្តី​ពី​អបអរ​ឆ្នាំ​នៃ​បេតិកភណ្ឌ​វប្បធម៌​អឺរ៉ុប ៖ កម្មវិធី​ប្រកួត ក្រោម​ពាក្យស្លោក​ថា “​បេតិកភណ្ឌ​របស់​យើង – អតីតកាល​ជួប​អនាគតកាល​” ត្រូវបាន​រៀបចំឡើង ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការអបអរ​ឆ្នាំ​នៃ​បេតិកភណ្ឌ​វប្បធម៌​អឺរ៉ុប ហើយ​ដែល​មាន​ការរៀបចំ​ការ​ប្រកួត ការតាំង​ពិ​ព័​រណ៌ និង​ព្រឹត្តិការណ៍​ផ្សេងៗ​ស្រដៀង​គ្នា​នេះ មាន​រៀបចំ​ឡើង​ទូទាំង​ពិភពលោក​។​

ក្នុង​ពិធី​ប្រកាស​បើក​ការប្រកួត​រូបថត​នេះ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក George Edgar មានប្រសាសន៍ថា​៖ “​បេតិកភណ្ឌ​វប្បធម៌​មាន​ឥទ្ធិពល មក​លើ​អត្តសញ្ញាណ និង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​។ បេតិកភណ្ឌ​វប្បធម៌ ស្ថិត​នៅ​ជុំវិញ​ខ្លួន​យើងទាំងអស់គ្នា នៅ​ទីក្រុង ទីប្រជុំជន នៅ​តំបន់​ទេសភាព ធម្មជាតិ និង​ទីតាំង​បុរាណវិទ្យា​របស់​យើង​ទៀតផង​។ បេតិកភណ្ឌ​វប្បធម៌ មិន​ត្រឹមតែ​មាន​នៅក្នុង​អក្សរសាស្ត្រ សិល្បៈ និង​វត្ថុ​ផ្សេងៗ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​នៅក្នុង​វិស័យ​សិប្បកម្ម ដែល​យើង​បាន​រៀនសូត្រ ពី​ដូនតា​របស់​យើង សាច់រឿង​ដែល​យើង​ដំណាល​ប្រាប់ ដល់​កូនចៅ​របស់​យើង អាហារ​ដែល​យើង​បរិភោគ និង​ភាពយន្ត​ដែល​យើង​មើល និង​ដែល​តាមរយៈ​នេះ​យើង​បាន​ស្គាល់​ខ្លួន​យើង​។ តាមរយៈ​កម្មវិធី​ប្រកួត​នេះ យើង​មាន​បំណង​ចង់​ទាញ ការ​យក​ចិត្តទុកដាក់​លើ​សារសំខាន់ នៃ​បេតិកភណ្ឌ​វប្បធម៌ ចំពោះ​រូប​យើងទាំងអស់គ្នា ទាំង​នៅ​សហភាព​អឺរ៉ុប នៅ​កម្ពុជា ក៏​ដូច​ជា​ទីកន្លែង​ផ្សេង​ទៀត​នៅក្នុង​ពិភពលោក​”​។​

​កម្មវិធី​ប្រកួត​រូបថត​នេះ បើ​កឲ្យចូលរួម​សម្រាប់​មនុស្ស​គ្រប់គ្នា ដែល​អាច​ផ្ញើរ​រូបថត ដែល​មាន​គុណភាព​ច្បាស់ និង​ជា​ស្នាដៃ​ដើម​របស់​ខ្លួន (​ក្នុង​ទម្រង់​ជា JPEG និង​ទំហំ​យ៉ាងហោចណាស់ ៥ មេហ្គា​ភិ​ច​សែ​ល​) ដែល​បាន​ថត​ដោយ​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូន ឬ​ម៉ាស៊ីន​ថត ហើយ​​ក្នុងនោះ រង្វាន់​ធំ​សម្រាប់​ជ័យលាភី គឺ​ប័ណ្ណ​ដែល​មាន​ទឹកប្រាក់​ចំនួន ៧០០ ដុល្លារ សម្រាប់​ជាវ​ឧបករណ៍​ម៉ាស៊ីន​ថត​។​

​លោក​ឯកអគ្គរដ្ឋទូត បាន​មានប្រសាសន៍​ទៀតថា​៖ “​កម្ពុជា ជា​ប្រទេស​មាន​ប្រវត្តិសាស្ត្រ និង​វប្បធម៌​សម្បូរបែប​។ យើង​ចង់​បាន​រូបថត ដែល​ជា​ស្នាដៃ​ដើម អាច​ប្រាប់​ពី​ដំណើរ​រឿង​ណាមួយ ឬ​ជា​អារម្មណ៍​ណាមួយ ហើយ​ផ្ដោតលើ​ទិដ្ឋភាព​នានា នៃ​វប្បធម៌​របស់​កម្ពុជា ក្នុង​អត្ថន័យ​ទូលំទូលាយ​បំផុត​”​។​

ការប្រកាស​ឈ្មោះ​ជ័យលាភី នឹង​ត្រូវ​ធ្វើឡើង​ជា​សាធារណៈ​នៅ​ចុង​ខែ​វិច្ឆិកា​។ ក្នុង​ពិធី​ប្រគល់​រង្វាន់​នៅ​ថ្ងៃទី​៦ ខែ​ធ្នូ ជ័យលាភី​លេខ ១ នឹង​ទទួលបាន​រង្វាន់​ជា​ប័ណ្ណ​ដែល​មាន​ទឹកប្រាក់ ៧០០ ដុល្លារ សម្រាប់​ជាវ​ឧបករណ៍​ម៉ាស៊ីន​ថត ។ ចំណែក​លេខ ២ នឹង​ទទួលបាន​ប័ណ្ណ​ដែល​មាន​ទឹកប្រាក់ ៦០០ ដុល្លារ ខណៈ​ដែល​លេខ ៣ ទទួលបាន​ប័ណ្ណ​ដែល​មាន​ទឹកប្រាក់ ៥០០ ដុល្លារ​។​

រូបថត​របស់​ជ័យលាភី​ទាំង​បី​នាក់ និង​រូបថត​សម្រាំង​ល្អ​បំផុត​ចំនួន ១០ នឹង​ត្រូវ​ដាក់​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​នានា ដែល​រៀបចំ​ដោយ​សហភាព​អឺរ៉ុប​នៅក្នុង​ប្រទេស​កម្ពុជា​។ កាល​ផុតកំណត់​ចុង​ក្រោយ​សម្រាប់​ការផ្ញើ​រូបថត​ដើម្បី​ចូលរួម គឺ​ថ្ងៃ​ទី ៣១ ខែតុលា ឆ្នាំ ២០១៨៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×