Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក យន្ត មីន ៖ អ្នកវិនិយោគ​កំពុង​សំឡឹងមើល​ខេត្ត​ព្រះសីហនុ ជា​គោលដៅ​វិនិយោគ​ដ៏សំខាន់

spot_img

​ខេត្ត​ព្រះសីហនុ ​៖ បន្ទាប់ពី​បានបញ្ចប់​ទស្ស​កិច្ច ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ប្រទេស​ចិន​រយៈពេល​៥​ថ្ងៃ កាលពី​ល្ងាច​ថ្ងៃ​សៅ​រិ៍​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ត្រឡប់​មកដល់​មាតុប្រទេស​វិញ​ហើយ និង​បានផ្តល់​បទ​សម្ភាស​ដល់​អ្នកសារព័ត៌មាន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

​លោក យន្ត មីន មានប្រសាសន៍ថា ក្នុង​វិ​ទិ​ការ​សេដ្ឋកិច្ចពិភពលោក​នេះដែរ ប្រទេស​ជាច្រើន​ដែល​បាន​ចូលរួម​សុទ្ធតែ​បាន​អូសទាញ​អ្នកវិនិយោគ​ចិន អោយ​ចូលទៅ​បណ្តាក់ទុន​រកស៊ី​ក្នុងប្រទេស​រៀងៗ​ខ្លួន​។​

​ទន្ទឹមគ្នា​នេះដែរ លោក យន្ត មីន អះអាងថា ក្នុងនាម​ប្រទេស​កម្ពុជា ជាពិសេស​ខេត្ត​ព្រះសីហនុ រូបលោក​ក៏​បាន​ខិតខំ​ទាក់ទាញ​អ្នក​វិ​នោ​យោគ​ទុន​ចិន ដើម្បី​ធ្វើយ៉ាងណា​អោយ​ពួកគេ ចូលមក​បណ្តាក់​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត នៅ​គ្រា​បច្ចុប្បន្ននេះ អ្នកវិនិយោគទុន​ចិន កំពុងមាន​សន្ទុះ​សេដ្ឋកិច្ច​ខ្លាំង​លើ​ពិភពលោក ហើយក៏​ស្របទៅនឹង​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ របស់​ប្រមុខរដ្ឋ​ចិន ស៊ី​ជិន​ពីង​។​

​លោក យន្ត មីន ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា រូបលោក​មាន​សុ​ទិដ្ឋិ​យម​ថា អ្នកវិនិយោគ​នឹង​សំឡឹងមើល​ខេត្ត​ព្រះសីហនុ​សម្រាប់​ជា​គោលដៅ​វិនិយោគ​ដ៏​សំខាន់ ស្របពេល​បច្ចុប្បន្នភាព នៃ​ខេត្ត​ព្រះសីហនុ​ពោរពេញ​ដោយ សក្តានុពល និង​ត្រូវបាន​រដ្ឋាភិបាល បានចាត់ទុក​ខេត្ត​ព្រះសីហនុ ថា​ជា​ខេត្ត​បំពង់ក​សេដ្ឋកិច្ច​តែមួយគត់ របស់​កម្ពុជា​។​

​លោក យន្ត មីន បន្តថា ខេត្ត​ព្រះសីហនុ បច្ចុប្បន្ននេះ​កំពុងមាន​ការទាក់ទាញ​ខ្លាំង​ក្នុងការ​វិនិយោគ​ពហុ​វិស័យ សម្រាប់​វិនិយោគិន ជាពិសេស​ចិន​។​

​គួររំលឹកថា ចាប់ពី​ថ្ងៃទី​១៧ ដល់ ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្ត​ព្រះសីហនុ ទៅ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ទីក្រុង​ធាន​ជី​ញ ប្រទេស​ចិន​។​

​បន្ទាប់មក​នៅ​ថ្ងៃទី​២១ ខែកញ្ញា​ឆ្នាំ​២០១៨ លោក យន្ត មីន បាន​បន្តដំណើរ​ទស្សន​កិច្ច​នៅ​ទីក្រុង​ឆឹង​ទូ ខេត្ត​ស៊ី​ឈួន ទៅតាម​ការ​ការអញ្ជើញ​របស់​អភិបាលខេត្ត​ស៊ី​ឈួន និង​បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក យិន លី អភិបាលខេត្ត​ស៊ី​ឈួន​។

​លោក​បន្តថា នៅក្នុង​ជំនួប​នោះ បាន​ជម្រាប​ពី​សក្តានុពល​ខេត្ត​ព្រះសីហនុ និង​ផ្សព្វផ្សាយ​ដល់​វិនិយោគ​គិ​ន​ចិន ឲ្យ​ចូលមក​វិនិយោគ នៅ​កម្ពុជា ជាពិសេស​ខេត្ត​ព្រះសីហនុ​។​

​លើសពីនេះ​ទៀត ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ និង​ការបង្កើត​ចំណងមិត្តភាព រវាង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ស៊ី​ឈួន លើ​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សំណង់ ដឹកជញ្ជូន និង​អប់រំ​ជាដើម​…៕ ដោយ​៖ ដែន សីមា​

spot_img
×