Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកឃ្លាំមើល​ការអភិវឌ្ឍ​សង្គម ៖ បុគ្គល ដែល​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ដឹក​ដី ចាក់​លុប​ឆ្នេរសមុទ្រ​ត្រូវ​ប្រឈម​នឹង​ការផ្តន្ទាទោស​នៃ​ច្បាប់​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រី​ឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម​មួយចំនួន បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ពិសេស​សម្តេច​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល សូម​មាន​វិធានការ​ផ្លូវ​ច្បាប់​ឲ្យបាន​ធ្ងន់ធ្ងរ ដើម្បី​ដាក់​ទោសទណ្ឌ​ចំពោះ​បុគ្គល​ទាំងឡាយណា ដែល​ជាប់​ពាក់ព័ន្ធ សកម្មភាព​ដឹក​ដី​ចាក់​លុប​ឆ្នេរសមុទ្រ ឆ្នេរ​ព្រែកត្រែង នា​ខេត្ត​ព្រះសីហនុ​ដែល​ល្មើស​នឹង​ច្បាប់ ដើម្បី​ទុក​ជា​ការព្រមាន និង​ជា​ការអនុវត្ត​ច្បាប់ ឲ្យបាន​ស្មើភាព រវាង​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្សត់​បុណ្យស័ក្តិ និង​មន្ត្រី​មាន​អំណាច​មាន​ទ្រព្យធន​។​

​ក្នុងនោះដែរ អ្នកស្រី ជាប សុធា​រី អ្នក​សម្រប​សម្រួស​សមាគម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន​៖ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិ​វ​ឌ្ឋ​ឆ្នេរសមុទ្រ​កម្ពុជា – រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា មេត្តា​ជួយ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យបាន​ស្មើភាព​គ្នា ទាំង​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ឋានៈ​បុណ្យស័ក្តិ និង​មន្ត្រី​មាន​ឋានៈ​បុណ្យស័ក្តិ​ខ្ពស់ ហើយ​មាន​ទ្រព្យធន ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យបាន​ស្មើភាព​គ្នា​។​

​អ្នកស្រី​លើក​សំណូមពរ​ថា ៖ “​បើ​អនុវត្ត​ច្បាប់​សូម​អនុវត្ត​ឲ្យបាន​ទូទៅ មិន​ថា​ប្រជាពលរដ្ឋ ឬ​ក្រុមហ៊ុន ដែល​មាន​ម្ចាស់​ជា​មន្ត្រី​មាន​អំណាច ឬ​មាន​ទ្រព្យធន​នោះទេ​”​។

​អ្នកស្រី​បន្ត ៖ “​ក្រុមហ៊ុន​ទោះបី​គាត់​មានច្បាប់​អនុញ្ញាត​ក៏ដោយ ក៏​ក្រុមហ៊ុន​នោះ​ត្រូវតែ​គោរព​ច្បាប់​ដែរ​។ ហើយ​ច្បាប់​ដែល​ក្រុមហ៊ុន​ត្រូវ​គោរព​គឺ​ច្បាប់​ទាំងអស់ ដែល​ជាប់​ពាក់ព័ន្ធ​ការគ្រប់គ្រង​តំបន់ឆ្នេរ ច្បាប់​ភូមិបាល ច្បាប់​ធ្វើ​អាជីវកម្ម ច្បាប់បរិស្ថាន ព្រម​ទាំង​ច្បាប់ និងសេចក្តីសម្រេច​ផ្សេងៗ ដែល​មាន​ជាប់ទាក់ទង​ការប្រើប្រាស់ និង​ការអភិរក្ស​តំបន់​ទេសចរណ៍ធម្មជាតិ​។ អញ្ចឹង​បើ​យើង​មានច្បាប់​ហើយៗ​យើង​មិន​នាំ​គ្នា​គោរព​ច្បាប់ គឺ​គោរព​តែ​អ្នកតូច ចំណែក​អ្នកធំ​អាច​ធ្វើ​ទង្វើ​តាមតែ​អំពើ​ចិត្ត អញ្ចឹង​ច្បាប់​វា​នៅតែ​មិន​មាន​តម្លៃ និង​មិន​មាន​សក្តានុពល ដើម្បី​អាច​ឲ្យមាន​ការគ្រប់គ្រ​ង​ការពារ​តំបន់ឆ្នេរ​ធម្មជាតិ​ទាំងអស់​ហ្នឹង​បានទេ​”​។

​ចំណែក លោក ស្រេង វ៉ាន់​លី អ្នកសម្របសម្រួល​អង្គ​ការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ ក៏​បាន​ទទួច​ដល់​ថ្នាក់​ដឹកនាំ​នៅ​តាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់ របស់ខ្លួន ឲ្យបាន​ស្មើភាព​គ្នា រវាង​ប្រជាពលរដ្ឋ​ក្រីក្រ និង​មន្ត្រី​មានអំណាច ហើយ​មាន​ទ្រព្យធន ដើម្បី​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​ឲ្យបាន​ប្រសើរ និង​ទទួលបាន​ការគាំទ្រ​ពី​សាធារណជន​។

​អ្នកឃ្លាំមើល​សង្គម​រូបនេះ បានលើកឡើង​ដូច្នេះ បន្ទាប់​ពី​សង្កេតឃើញ​ថា​ថ្មីៗ​នេះ មាន​សកម្មភាព​បទល្មើស​ដឹក​ដី​ចាក់​រំលោភ​យក​ឆ្នេរសមុទ្រ​ឆ្នេរ​ព្រែកត្រែង ខេត្ត​ព្រះសីហនុ ដែល​គេ​ស្គាល់​ថា អ្នក​នៅ​ពីក្រោយ​សកម្មភាព​ដឹក​ដី​ចាក់​លុប​ឆ្នេរសមុទ្រ​ខាងលើនេះ គឺជា​ជំទាវ​ឧកញ៉ា ជឹង សុភាព ហៅ​យាយ​ភូ ដែលជា​អ្នក​មានទ្រព្យ និង​មាន​អំណាច ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ប៉ុន្តែ​មិន​ត្រូវបាន​ច្បាប់​ផ្តន្ទាទោស ហើយ​បាន​ត្រឹម​មន្ត្រី​ស្ថាប័ន​មួយចំនួន បង្កាប់​ឲ្យ​បុគ្គល​ខាងលើ​កាយយក​អា​ចម៌ដី ចេញពី​ឆ្នេរសមុទ្រ​រក្សា​ឆ្នេរសមុទ្រ​ឲ្យមក​សភាព​ដើម​វិញ​តែ​ប៉ុណ្ណោះ​។

​បញ្ហា​នេះ លោក ស្រេង វ៉ាន់​លី បាន​កត់សម្គាល់​ថា ៖ “​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ឃើញ​មាន​សកម្មភាព​ដឹក​ដី​ចាក់​លុប​ឆ្នេរសមុទ្រ និង​មាន​សាងសង់​រំលោភ​ដី​ចំណី​ឆ្នេរសមុទ្រ​ជា​បន្តបន្ទាប់​។ ជាពិសេស​អ្វី​ដែល​មាន​ការចាប់អារម្មណ៍​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ គឺ​ឃើញ​មាន​សកម្មភាព​ដឹក​ដី​ចាក់​លុប​ឆ្នេរសមុទ្រ​ព្រែកត្រែង ស្ថិតក្នុង​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ​។ បទល្មើស​នេះ បន្ទាប់ពី​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វ្រែ​សប៊ុក​រួចមក ក៏​ឃើញ​មន្ត្រី​រដ្ឋបាល​ខេត្ត មន្ទីរ​ពាក់ព័ន្ធ ក៏ដូចជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ចុះ​ទៅ​ទប់ស្កាត់​សកម្មភាព​ដឹក​ដី​ចាក់លុ​ឆ្នេរសមុទ្រ​ខាងលើនេះ ទៅ​តាម​បទបញ្ជា របស់​សម្តេច​តេជោ ហ៊ុន សែន ដោយ​តម្រូវ​ឲ្យ​កាយយក​អាចម៌ដី​នោះ​ចេញពី​ឆ្នេ​រវិញ​។ ប៉ុន្តែ​យើង​មាន​ចម្ងល់​ថា បុគ្គល ដែល​បាន​ធ្វើ​សកម្មភាព​ល្មើស​ខុសច្បាប់​ដឹក​ដី​ចាក់​លុប​ឆ្នេរ​ព្រែកត្រែង​ខាងលើនេះ គួរតែ​ត្រូវ​ប្រឈមមុខ​ជាមួយ​ទោសទ័​ណ្ឌ​ដែល​ច្បាប់​បានចែង ដើម្បី​ជៀសវាង​ទៅ​ថ្ងៃក្រោយ​ទៀត អាច​មាន​បុគ្គល​ផ្សេងៗ យក​គំរូ​តាម ហើយ​ដឹក​ដី​ចាក់​រំលោភ​យក​ឆ្នេរសមុទ្រ​ធ្វើ​កម្មសិទ្ធិ ហើយ​បើ​ធ្វើ “​សម្រេច​” ដូច​ករណី​ធ្លាប់​កើតមាន​នោះ ប្រាកដ​ណាស់​អ្នក​ខាតបង់​គឺ​រដ្ឋ និង​ប្រជាជន ។​

​ទាក់ទិន​បញ្ហា​ខាងលើ​នេះ​ដែរ បន្ទាប់ពី​មាន​ប្រតិកម្ម​ច្រើន ពី​សាធារណៈជន​ទូទៅ ជុំវិញ​សកម្មភាព​ចាក់ដី​លុប​ចូល​សមុទ្រ នៃ​ឆ្នេរ​ព្រែកត្រែង​រួចមក កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ នៅ​ចំណុច​ឆ្នេរ​ព្រែកត្រែង ស្ថិតនៅ​ភូមិ​៤ សង្កាត់​អូរត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ដោយ​តម្រូវ​ឲ្យ​កាយយក​ដី ដែល​បាន​ចាក់​បំពេញ​ចេញ​វិញ និង​រក្សា​ឆ្នេរ​ធម្មជាតិ​ដូចដើម​។

នៅក្នុង​អំឡុងពេល​នោះ លោក ជា​សុផារ៉ា បាន​បដិសេធ​មិន​ផ្តល់​បទ​សម្ភាស ជាមួយ​ក្រុម​អ្នកសារព័ត៌មាន ជុំវិញ​សកម្មភាព​ដឹក​ដី​ចាក់​លុប​ចូល​ឆ្នេរសមុទ្រ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ លោកជំទាវ​ឧកញ៉ា ជឹង សុភាព ហៅ​យាយ​ភូ បាន​ឲ្យ​រថយន្ត​ដឹក​ដី​ចាក់​លុប​ឆ្នេរ​ព្រែកត្រែង ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ​ខាងលើ​នេះ​ទេ​។​

​យ៉ាងណា​ក៏ដោយ​ចុះ​ភ្លាមៗ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​មាន​ខ្លឹមសារ​ថា ៖” អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ នៅ​ចំណុច​ឆ្នេរ​ព្រែក​ត្រែង ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យ​បុគ្គលដឹក​ដី​ចាក់​លុប​ឆ្នេរ​ព្រែកត្រែង ជីក​កាយ​យក​ដី ដែល​បាន​ចាក់​បំពេញ​ចេញ​វិញ និង​រក្សា​ឆ្នេរ​ធម្មជាតិ​ដូចដើម​”​។​

​ទោះជា​បែប​នេះ​ក្តី ក្រុមមន្ត្រី​សង្គម​ស៊ីវិល​មួយចំនួន​នៅ​ខេត្ត​ព្រះសីហនុ និង​ប្រជា​សារណៈ​មតិ ចង់ឃើញ​រាជរដ្ឋាភិបាល​រក្សា​ឆ្នេរ និង​អភិវឌ្ឍ​ឆ្នេរ​ទាំងឡាយ​ឲ្យ​កាន់តែ​ការទាក់ទាញ​សំរាប់​ទាំងអស់គ្នា មិន​គួរ​ឲ្យ​ចាក់លុប​យក​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​កើតឡើង​ទៀត​ទេ​។​

​ត្រង់​ចំណុច​នេះ អ្នកស្រី ជាប សុធា​រី អ្នក​សម្រប​សម្រួ​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ឆ្នេរសមុទ្រ​កម្ពុជា ពិសេស​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ គឺ​មាន​សំណង់​រឹងមាំ និង​មាន​សកម្មភាព​ចាក់ដី​លុប​ឆ្នេរសមុទ្រ​ជាច្រើន​កន្លែង ដោយ​មិន​ឃើញ​ថ្នាក់ដឹកនាំ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ចេញមុខ​ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធភាព​នោះ​ទេ​។​

​អ្នកស្រី​កត់សម្គាល់ថា អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ចាក់​ដឹក​ដី​រំលោភ​យក​ឆ្នេរសមុទ្រ និង​សង់​សំណង់​រឹងមាំ គឺ​ភាគច្រើន​ជា​មន្ត្រី​មន្ត្រី​មានអំណាច ក្រុមហ៊ុន និង​អ្នក​មាន​ទ្រព្យធន ហើយ​ពួកគេ​អាចធ្វើ​សកម្មភាព​រំលោភ​យក​ដី​ចំណី​ឆ្នេរសមុទ្រ បាន​ដោយ​គ្មាន​ការ​ហាម​ឃាត់​មាន​ភាពរលូន និង​មាន​ឯកសារ​ច្បាប់​ជួយ​ជ្រោមជ្រែង​មាន​លក្ខណៈ​ពិសេស​ថែមទៀត​ផង​។ អ្នកស្រី​ថា វា​ខុស​ប្លែក​ពី​ប្រជា​ពល​រដ្ឋ​ក្រីក្រ​គ្មាន​ឋានៈ​បុណ្យស័ក្តិ គឺ​ត្រូវ​ប្រឈមមុខ​នឹង​ច្បាប់ រួមទាំង​ការ​ជាប់ពន្ធនាគារ ឲ្យតែ​ហ៊ាន​ធ្វើ​សកម្មភាព​មិន​ប្រក្រតី​អ្វីមួយ តាម​ឆ្នេ​រនា​ខេត្តព្រះសីហនុ​។

​អ្នកស្រី ជាប សុធា​រី «​បើ​យើង​ពិនិត្យ​ទៅលើ​ច្បាប់ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​ខេត្ត​ព្រះសីហនុ គឺ​បាន​កំណត់​យ៉ាងច្បាស់​ថា រាល់​ការអភិវឌ្ឍ​ផ្សេងៗ គឺ​ត្រូវ​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ​១០០​ម៉ែត្រ ពី​កន្លែង​ទឹកជោរ​ទឹកនាច​។ ហើយ​យើង​ក៏​បាន​កំណត់​ដែរ​ថា ឆ្នេរសមុទ្រ​ត្រូវមាន​ទំហំ​៥០​ម៉ែត្រ ពី​ឆ្នេរ​ទឹកជោរ​ទឹកនាច ប៉ុន្តែ​យើង​ឃើញថា បច្ចុប្បន្ននេះ មាន​សំណង់​អាគារ​ធំ​ស្កឹមស្កៃ​ជា​ច្រើន​​​បាន​សង់​នៅ​ជាប់​ដី​ចំណី​ឆ្នេរសមុទ្រ​ក៏​មិនឃើញ​មាន​ការអនុវត្ត​ទៅ​តាម​សេចក្តីសម្រេច​សម្រេច របស់​គណៈ​គ​ម្មា​ធិ​ការជាតិ​គ្រប់​គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​នោះដែរ​។ យើង​ត្រេកអរ​ហើយ ដែល​ឃើញ​ក្រសួង​ចំនួន​៣ របស់​រដ្ឋាភិបាល បាន​យក​ចិត្ត​ទុកដាក់ និង​ចុះ​មក​អន្តរាគមន៍​កាយ​យក​អា​ចម៌ដី ចេញពី​ឆ្នេរសមុទ្រ​ព្រែកត្រែង​ភ្លាមៗ​មិន​ឲ្យ​ហួសពេល​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ យើង​ក៏​ឃើញ មាន​សកម្មភាព​ដឹក​ដី​ចាក់​លុប​ឆ្នេរសមុទ្រ ឬ​ចាក់​ចូល​សមុទ្រ នៅ​ទីកន្លែង​ផ្សេងៗ ក៏​បាន​កើតមាន​ជា​បន្តបន្ទាប់​ទៀត​ដែរ​»​។​

​សកម្មភាព​របស់​មេដឹកនាំ​កំពូលៗ​របស់​ប្រទេស​ពិសេស​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ធ្វើឲ្យ​មនុស្ស​មួយនគ​ររីក​រាយស្វា​គ​មន៍ និង​ជា​លំនាំ​ការងារ​មួយ​ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ល្មម​ចាប់អារម្មណ៍ និង​មាន​វិធានការ​បន្ត ពុំមែន​ទាល់តែ​សម្តេច​តេជោ លោក​បញ្ជា​ទើប​ធ្វើ​នោះ​ទេ ។​

​បញ្ហា​បន្ត​នៅ​មាន​ច្រើន​ជាអាទិ៍ នី​វិត​វិធី​ត្រូវអនុវត្ត​ចំពោះ​ករណី​កន្លងមក​ក៏ដូចជា​ហេតុការណ៍​ស្រដៀង​គ្នា​នេះ ដែល​បាននិងកំពុង​កើតឡើង ។ ពុំ​គប្បី​ឲ្យ​កើតមាន “​ដំណោះស្រាយ​២​ក្នុង​រឿង​តែមួយ​” នោះទេ ។ ពិសេស​គឺ​គួរ​ពិចារណា​ដាក់​ចេញ​នូវ​វិធានការ បង្ការ​ទុក​ជា​សំខាន់ ។​

​បទពិសោធន៍​ក្នុង​រឿង​ខាងលើ សាធារណ​មតិ​ពិតជា​ពិបាក​ទទួលយក​ថា អាជ្ញាធរខេត្ត ដែល​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ផង​នោះ ពុំបាន​ដឹង​ឬ “​ទើប​នឹង​ដឹង​” រឿង​នេះ​ណាស់ ។ ពិសេស​ក្រោយ​ហេតុការណ៍​នេះ គួរឲ្យ​មាន​នីតិវិធី គោលដៅ​ត្រូវ​បន្ត​អនុវត្ត ហើយ​ប្រកាស​ជា​សាធារណៈ​ភ្លាមៗ ចៀសវៀង​បង្ក​រលក​មតិ​អសកម្ម​ប៉ះពាល់​ដល់​រដ្ឋាភិបាល ដោយសារ​តែ​ការរង់ចាំៗ​អ្វីៗ​ទាល់តែ​មាន​បទបញ្ជារ​បស់​ប្រមុខ​រដ្ឋាភិបាល​ទើប​ធ្វើ​នោះ ។​

​យ៉ាងណា​ក៏ដោយ​ចុះ​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវទេសចរ​ជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ហើយ​បាន​ចូល​ទៅ​សម្រាកលំហែ​នៅ​ឆ្នេរ​ព្រែកត្រែង បាន​សាទរ​ចំពោះ​បទបញ្ជា​ក្តៅ របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​បញ្ជា​ឲ្យ លោក ជា សុផារ៉ា រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទប់ស្កាត់​សកម្មភាព​ដឹក​ដី​ចាក់​រំលោភ​ចូល​ឆ្នេរសមុទ្រ​ធម្មជាតិ នៃ​ឆ្នេរ​ព្រែកត្រែង ស្ថិត​ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ​បាន​ទាន់ពេលវេលា​។​

ឆ្នេរសមុទ្រ​ប្រទេស​កម្ពុជា សរុប​មាន​ប្រវែង ៤៤០​គីឡូម៉ែត្រ​។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរសមុទ្រ រួម​មាន​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប​។ ខេត្ត​ទាំង ៤​នេះ បាន​ដាក់​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្រស់​ស្អាត​បំផុត​នៅលើ​សកលលោក កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេ​ហ្គាល់ (Senegal)​។

ក្នុងនោះ​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១.៣៥​គីឡូម៉ែត្រ​) និង​មាន​កោះ​ចំនួន​៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់ស្អាត ដែល​ជា​សក្ដានុពល​ក្នុង​ការអភិវឌ្ឍ​ពង្រីក​វិស័យ​ទេសចរណ៍​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​នា​ថ្ងៃ​អនាគត​៕ ដោយ​៖ ដែន សីមា​

    

spot_img
×