Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម ដល់​កម្មការិនី​សម្រាលកូន ប្រមាណ ១ ៧៦៥​លាន​រៀល​

spot_img

​រាជធានី​ភ្នំពេញ ​៖ គិត​ត្រឹម​ថ្ងៃទី​១ ខែ​កញ្ញា មកដល់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ មាន​កម្មការិនី​សម្រាលកូន ចំនួន ៤ ៣៨៧​នាក់ ហើយ ដែល​ចំនួន​កូន​សរុប ៤ ៤១៣​នាក់ (​ភ្លោះ​ពីរ ចំនួន ២៦​នាក់​) និង​បាន​ចំណាយ​ថវិកា​សរុប​អស់​ចំនួន ១ ៧៦៥ ២០០ ០០០​រៀល​។​

​ការ​ផ្តល់​ជូន​នេះ ក្រោយពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​សម្រេច​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មការិនី​ដែល​ទើប​សម្រាលកូន​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ឱ្យ​ទទួលបាន​ប្រាក់ឧបត្ថម្ភ ដែល​សម្រាល​បាន​កូន ១​នាក់ ទទួលបាន ៤០០ ០០០០​រៀល សម្រាល​បាន​កូនភ្លោះ ២​នាក់ ទទួលបាន ៨០០ ០០០០​រៀល និង​សម្រាល​កូនភ្លោះ ៣​នាក់ ទទួលបាន ១ ២០០ ០០០​រៀល ហើយ​ត្រូវបាន​បើក​ផ្តល់​ដោយ បេឡា​ជាតិ​របប​សន្តិ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​ការ​ផ្តល់​ជូន​កាដូ​ពិសេស​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ជីវភាព​របស់​បងប្អូន​កម្មករ​និយោជិត ដែល​ខ្វះខាត​ក្នុង​កំឡុង​ពេល​សម្រាលកូន និង​ជា​គោលនយោបាយ​មួយ​ក្នុង​ការលើកកម្ពស់​សេវា​គាំពារ​សង្គម និង​ការលើកកម្ពស់​កំណើនប្រជាជន​កម្ពុជា ព្រមទាំង​ការចូលរួម​ចំណែក​ក្នុង​ការដោះស្រាយ​នូវ​ទុក្ខលំបាក​របស់​បងប្អូន​កម្មករ​និយោជិត​។​

​គោល​នយោបាយ​ថ្មី​នៃ​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​នេះ ត្រូវបាន​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៨ មក និង​មាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​បងប្អូន​ជា​កម្មករ​និយោជិត និង​ជា​ពិសេស​បងប្អូន​កម្មការិនី​ជា​ស្ត្រី​សម្រាលកូន​ជាច្រើន ដែល​បាន​ទទួល​នូវ​ប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​នេះ​។

​យោងតាម​របាយការណ៍​របស់ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែ​មករា មកដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨ នេះ មាន​កម្មការិនី​សម្រាលកូន​ចំនួន ៣៨ ៩៩៧​នាក់ នឹង​កូន​សរុប មាន​ចំនួន ៣៩ ២៩២​នាក់ (​កូនភ្លោះ​បី ចំនួន ៤​នាក់ និង​កូនភ្លោះ​ពីរ ចំនួន ២៨៨​នាក់​) និង​បាន​ចំណាយ​ថវិកា​អស់​សរុប ចំនួន ១៥ ៧១៦ ៨០០ ០០០​រៀល ហើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល សម្រាប់​ស្ត្រី​ជា​កម្មការិនី​ទាំង​ក្នុង និង​ក្រៅ​ប្រ័ពន្ធ ពេល​សម្រាល​ត្រូវអនុវត្ត​តាម​សេចក្តីណែនាំ​ខាងក្រោម​៖

ទី​១. កម្មករនិយោជិត​ជា​ស្ត្រី ត្រូវ​អញ្ជើញ​មក​បំពេញ​បែប​បទ​នៅ​ទីស្នាក់ការ ប​.​ស​.​ស ក្នុង​រាជធានី ខេត្ត ក្នុងកំលុងពេល​យ៉ាងយូរ ៣​ខែ មុន​សម្រាលកូន​។​

ទី​២. សាមីខ្លួន​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ លិខិត​ពិនិត្យ​ផ្ទៃពោះ​ដែល​បានបញ្ជាក់​កាលបរិច្ឆេទ​ត្រូវ​សម្រាល​(​អេកូ​) បណ្ណ​សមាជិក ប​.​ស​.​ស ឬ​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លេខ​ទូរស័ព្ទ​ច្បាស់លាស់​របស់​សាមីខ្លួន ដែល​អាច​ទំនាក់ទំនង​បាន​។​

ទី​៣. ករណី​សាមីខ្លួន​មិន​បាន​មក​បំពេញ​បែបបទ​នៅ ប​.​ស​.​ស ក្នុង​កំលុង​ពេល​ខាង​លើ សាមីជន ឬ​អ្នក​តំណាង ត្រូវ​ជូនដំណឹង​ជាបន្ទាន់​មកកាន់ ប​.​ស​.​ស យ៉ាងយូរបំផុត ១(​មួយ​)​ខែ ក្រោយ​ថ្ងៃ​សម្រាលកូន​។​

ទី​៤. សាមីខ្លួន ឬ​សាច់ញ្ញាតិ​ត្រូវ​ជូនដំណឹង​មក ប​.​ស​.​ស តាម​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​បន្ទាន់ ១២៨៦ ពេល​ដែល​សម្រាក​ក្នុង​មូលដ្ឋាន​សុខាភិបាល (​មន្ទីរពេទ្យ​) ដែល​គ្មាន​ភ្នាក់ងារ ប​.​ស​.​ស ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×