Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ថ្ងៃ​ទី​២៥​ កញ្ញា​នេះ ជា​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​១ ជា​ទំនៀមទម្លាប់​របស់​បង​ប្អូន​ប្រជាជន​ខ្មែរ យក​ម្ហូបអាហារ​ទៅ​ប្រគេន​ព្រះសង្ឃ និង​ឧទ្ទិស​កុសល ជូន​សាច់ញាតិ ដែល​ចែក​ឋានទៅកាន់​បរលោក​

spot_img

​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​របស់​ប្រទេស​កម្ពុជា ដែល​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ជា​យូរយារ​ណាស់​មក ដែល​មាន​រយៈពេល​១៥​ថ្ងៃ នៅក្នុង​ចន្លោះ​ចុង​ខែ​កញ្ញា និង​ដើមខែ​តុលា ក៏​បញ្ជាក់​ថា​រដូវ​ភ្ជុំបិណ្ឌ​បាន​ចូលមក​ដល់​ហើយ​។​

​បុណ្យ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​មួយ​ដែល​ធំជាងគេ និង​មាន​រយៈពេល​វែង​ជាងគេ នៅក្នុង​ចំណោម​ពិធីបុណ្យ​ទាំងអស់ ចំពោះ​អ្នក​កាន់​ព្រះពុទ្ធសាសនា​។ ជា​រៀងរាល់ឆ្នាំ​នៅ​ពេល​ដល់​ថ្ងៃ​ខែ ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំង​អស់ ទោះ​នៅ​ទីជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំគ្នា ជា​ពិសេស​ឪពុកម្ដាយ​សាច់ញាតិ​៧​សណ្តាន នៅ​ស្រុក​កណើត ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល​ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ ដែល​គង់​នៅ​ទី​វត្ត​អារាម​។ ទាំងនេះ គឺជា​ទម្លាប់​មួយ​ដែល​គេ​និយម​ធ្វើ​តៗ​គ្នា​របស់​ជនជាតិ​ខ្មែរ​ជា​យូរ​មក​ហើយ​។​

​ពុទ្ធបរិស័ទ បាន​បូជា​ទៀន​ធូប​ផា្ក​ភ្ញី ចំពោះ​ព្រះ​រតនត្រៃ​សមាទានសីល ធ្វើ​កិច្ច​នមស្សកា​រ​បង្សុកុល ព្រមទាំង​បាន​នាំយក​នូវ​បច្ច័យ​ទេយ្យទាន​គ្រឿង ឧបភោគ​បរិភោគ ភេសជ្ជៈ ផ្លែឈើ បាយ​សំឡ នំចំណី ជាច្រើន​មុខ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​រាប់​បាត​បង្សុកូល នមសការ​ព្រះ​រតនត្រ័យ ឧទ្ទិស​នូវ​ផល្លា​រអានិ​សង្ឃ ជូន​ទៅ​ដល់​វិញ្ញានក្ខន្ធ​បុព្វការី​ជន មាន​មាតាបិតា​ជីដូន​ជីតា​ញាតិ​ការ​ទាំង​៧​សណ្ដាន ពិសេស​ដើម្បី​ឧទ្ទិស​ដល់​ដួង​វិញាណក្ខន្ធ របស់​ឥស្សរជន វីរជន យុទ្ធជន ដែល​បាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​រំដោះជាតិ និង​ប្រជា​ជន​ពី​របប​ណា​និគម​ចាស់​ថ្មី និង​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ហើយ​ជាពិសេស​ជាងនេះទៅទៀត គឺ​ប្រជាជន​ស្លូត​ត្រង់ ​ដែល​ទទួល​ទុក្ខ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ និង​ស្លាប់​យ៉ាង​អយុត្តិធម៌ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដោយ​សូម​ឲ្យ​ដួង​វិញាណក្ខន្ធ​អ្នក​ទាំងអស់ឲ្យ​បាន​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូម​រំលឹក​ផង​ដែរ​ថា បុណ្យ​ភ្ជុំបិណ្ឌ​ត្រូវបាន​ពុទ្ធសាសនិក​ខ្មែរ ធ្វើឡើង​រៀងរាល់ឆ្នាំ​ចាប់​ពី​ថៃ្ង​១​រោច ដល់​ថៃ្ង​១៥​រោច ខែ​ភទ្របទ (​ចន្លោះ​ខែ​កញ្ញា​)​។ ប្រជា​ពុទ្ធសាសនិក​ខ្មែរ​ធ្វើ​បុណ្យ​នេះ ដោយ​ការ​យក​ទេយ្យទាន​ផ្សេងៗ មាន​អាហារ​ជា​ដើម​ទៅ​ផ្គត់ផ្គង់ ព្រះសង្ឃ​នៅក្នុង​វត្ត​ដែល​កំពុង​គង់​ចាំ​វស្សា​រយៈពេល​១៥​ថៃ្ង​គត់​។​

​ដោយហេតុ​ពុទ្ធសាសនិក មានការ​មមាញឹក​ចំពោះ​កិច្ចានុកិច្ច​ប្រចាំ​ថៃ្ង និង ដើម្បី​ធានា​ថា ព្រះសង្ឃ​ត្រូវ​បាន​ផ្គត់ផ្គង់ ជា​ទៀងទាត់​នោះ​ទើប​គេ​ចែក​ជា​ក្រុមៗ ដាក់​វេណ​គ្នា យក​ទេយ្យទាន​ទៅ​ប្រគេន​ព្រះសង្ឃ​រយៈពេល​១៤​ថៃ្ង ចាប់​ពី​ថៃ្ង​១​រោច​ដល់​ថៃ្ង​១៤​រោច​ខែ​ភទ្របទ​ហើយ​ឲ្យឈ្មោះ​ថា វេណ​ទី ដល់ វេណ​ទី​១៤​។ រយៈពេល​១៤​ថៃ្ង​នេះ ឲ្យឈ្មោះ​ថា បុណ្យ​កាន់បិណ្ឌ ឬ បុណ្យ​ដាក់​បិណ្ឌ​។ ចំណែក​ថ្ងៃ១៥​រោច ដែល​ជា​ថ្ងៃ​ចុងក្រោយ​នោះ ពុទ្ធ​សាស​បរិស័ទ គ្រប់​វេណ​ទាំងអស់​បាន​មកជួបជុំ​គ្នា ធ្វើ​ទាន​ចំពោះ​សង្ឃ​ជាមួយគ្នា ​ដើម្បី​បញ្ចប់​បុណ្យ​​កាន់បិណ្ឌ​។ ថ្ងៃទី​១៥ ត្រូវ​នឹង​ថ្ងៃ ១៥​រោច​ខែ​ភទ្របទ ដែល​ជា​ថ្ងៃ​ចុងក្រោយ​នេះ​ឲ្យឈ្មោះ​ថា ភ្ជុំ​បិណ្ឌ ឬ ថ្ងៃ​ភ្ជុំបិណ្ឌ ។​

​បុណ្យ​ភ្ជុំបិណ្ឌ ជា​ពិធីបុណ្យ​មួយ​ដែល​ធំជាងគេ នៅក្នុង​ចំណោម​ពិធីបុណ្យ​ទាំងអស់ ចំពោះ​អ្នក​កាន់​ព្រះពុទ្ធសាសនា​។ ជា​រៀងរាល់ឆ្នាំ​នៅ​ពេល​ដល់​ថ្ងៃ​ខែ ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទីជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំគ្នា ជា​ពិសេស​ឪពុកម្ដាយ​នៅ​ស្រុក​កណើត ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ ដែល​​គង់នៅ​វត្ត​អារាម​។ ទាំងនេះ គឺជា​ទម្លាប់​មួយ​ដែល​គេ​និយម​ធ្វើ​តៗ​គ្នា របស់​ជនជាតិ​ខ្មែរ​ជា​យូរ​មក​ហើយ​។​

​បុណ្យ​កាន់បិណ្ឌ ជា​ពិធី​ដែល​គេ​ត្រូវ​ចាប់​ធ្វើ​ឡើង​តាំងពី​ថ្ងៃ ១ រោច ខែ​ភទ្របទ ដើម្បី​ឧទ្ទិស​ផល្លានិសង្ឃ​ដល់​ជន​ដែល​ធ្វើ​មរណកាល​ទៅកាន់​បរលោក ។ ពិធី​នោះ​ត្រូវធ្វើ​អស់កាល​កន្លះ​ខែ​គត់ ។​

​នៅ​ខែភទ្របទ មេឃ​មាន​អាកាស​អួរ​អាប់​ដោយ​ពពក​ទឹក ចំនែក​ខាង​រនោច ព្រះ​ចន្ទ​ដែល​បញ្ចេញ​រស្មី​នៅ​វេលា​យប់ ក៏​កាន់តែ​ហោច​ទៅៗ ធ្វើឲ្យ​វេលាយប់​កាន់តែ​ងងឹត​បន្តិចម្ដងៗ ។​

​នៅពេល​នោះ​ហើយ ដែល​យមរាជ (​ស្ដេច​មច្ចុរាជ​) ដោះលែង​ពួក​សត្វ​នរក​ទាំងឡាយ ក្នុង ១ ឆ្នាំ​ម្ដង ដើម្បី​ឲ្យ​ឡើង​ទៅ​រក​បងប្អូន កូនចៅ ដើម្បី​នឹង​ទទួល​កុសលផល​បុណ្យ ដែល​គេ​ធ្វើ​ឧទ្ទិស​ឲ្យ ។​

​ដោយ​សត្វ​នរក ជា​អ្នកខ្លាច​ពន្លឺ ទើប​អ្នកស្រុក​និយម​ធ្វើបុណ្យ​ឲ្យ​អ្នក​ទាំងនោះ​នៅ​ខែងងឹត ។ អ្នកខ្លះ​និយាយថា តែ​ដល់​រដូវ​ហើយ សត្វ​នរក​ដែល​គេ​ដោះលែង​មក ខំ​ដើរ​រក​បងប្អូន​កូនចៅ​គ្រប់ ៧ វត្ត បើ​មិនឃើញ​អ្នក​ណា​ធ្វើ​បុណ្យ​ឧទ្ទិស​បញ្ជូន​ឲ្យ​ទេ នោះ​នឹង​កើតក្ដី​ស្រេក​ឃ្លាន ហើយ​នឹង​ប្រទេចផ្ដាសា​ដល់​ញាតិមិត្ត​មិន​លែង​ឡើយ ។​

​ការ​ដែល​គេ​ធ្វើ​បុណ្យ​ក្នុង​កន្លះ​ខែ​ក្នុង​ខែភទ្របទ​នោះ គេ​ហៅថា “ កាន់​បិណ្ឌ​” ។ ពាក្យ​ថា​បិណ្ឌ មកពី​ពាក្យ​បាលី​ថា “ បិណ្ឌៈ​” មានន័យ​ថា “ ដុំ​បាយ​” ។​

​ក្នុង​សិលា​ច​រឹក​របស់​ព្រះបាទ​យ​សោ​វរ្ម័ន ដែល​ទ្រង់​សោយ​រាជសម្បត្តិ​ក្នុង​រវាង គ​.​ស​. ៨៨៩ ដល់ ៩១០ យើង​ដឹង​ថា នៅក្នុង​អាវាស​ជាច្រើន​ដែល​ព្រះអង្គ​ទ្រង់​បាន​កសាង គេ​តែង​ធ្វើ​ពិធី​បូជា​បាយបិណ្ឌ ចំពោះ​វិញ្ញាណក្ខ័ន្ធ​អ្នកស្លាប់​ក្នុង​ចំបាំងរាំងជល់ និង ចំពោះ​ខ្មោច​ដែល​គ្មាន​បងប្អូន​ជា​ទីពឹង​ទាំងឡាយ​ជា​រៀងរាល់​ខែ ។​

​សម័យ​សព្វថ្ងៃបុ​ណ្ឌ​ជា​ដុំ​បាយដំណើប ដែល​គេ​ចំអិន​ដោយ​ខ្ទិះ​ដូង ហើយ​លាយ ឬ បុក​ជាមួយ​គ្រឿងផ្សំ​ឯទៀត តាម​ទម្លាប់​ស្រុក ។ គេ​រៀប​បាយ​បិណ្ឌ នៅ​ជុំវិញ​បាយបត្តបូ​រ បាយបត្តបូ​រ ក៏​ធ្វើ​ដូចជា​បាយបិណ្ឌ​ដែរ គ្រាន់តែ​ពូត ជា​ពំនូត​ធំ ៗ មាន​កំពូល​ស្រួច​ហើយ​គ្រប​ដោយសា​ជី​ស្លឹកចេក និង មាន​ដោត​ទៀត​ធូប​ភ្ញីផ្កា​ជា​លំអ​ផង ។ តាម​ទម្លាប់​នៅ​ថ្ង​ស​កាន់បិណ្ឌ​ទី ១ គេ​ដាក់​បាយបិណ្ឌ​តែ ១ ពំនូត​ទេ ។​

​ហើយ​គេ​ចេះ​តែ​ថែម ១ ថ្ងៃ ១ ដុំ លុះត្រាតែ​គ្រប់ ១៥ ដុំ ។ ប៉ុន្តែ​មាន​ស្រុក​ខ្លះ មាន​ទំនៀម​ធ្វើ​ប្លែក​ពីនេះ ភូមិ​ខ្លះ គេ​ធ្វើ​បាយ​ធ្វើ​បាយបិណ្ឌ​តែ ៥ ទេ ដេល​គេ​ទុក​ជា​និមិត្តរូប​ព្រះពុទ្ធ ទាំង ៥ ព្រះអង្គ​ប្រចាំ​កប្ប​យើង​នេះ ។ នៅ​ភូមិ​ខ្លះទៀត​, ជុំវិញ​ជើង​បាយបត្តបូ​រ មាន​ដាក​បាយ​កន្ទោង ៨ ផង ហើយ​កន្ទោង​និមួយ ៗ មាន​តាំងពី​បាយ ១ ដុំ ដល់ ១៥ ដុំ ។ កន្ទោង​បាយ​ទាំង ៨ នោះ គេ​ទុក​បម្រុង យកទៅ​ដាក់​ជុំវិញ ព្រះវិហារ​គ្រប់​ទិស​ទាំង​ប្រាំបី ។​

​តាម​ទម្លាប់ ជាធម្មតា គេ​ត្រូវ​ទុក​បាយបត្តបូរ​នៅ​ទី​វត្ត​, ឯ​បាយបិណ្ឌ គេ​ត្រូវ​នាំយកទៅ ផ្ទះ ដើម្បី​នឹង​ប្រើការ​នៅពេលដែល​គេ​បញ្ចប់​បុណ្យ​នេះ ។ ក្រៅពី​បាយបិណ្ឌ និង បាយបត្តបូ​រ គេ​មាន​ធ្វើ​ផ្កាបិណ្ឌ ដែល​មាន​បាច់​ផ្កា ១ រាង​ដូច​សាជី​ជ្រុង ថែម​ទៀត ។ ផ្កាបិណ្ឌ​មាន​ឆ្អឹង កណ្ដាល​ធ្វើ​អំពី​ឫស្សី កំពស់​ប្រហែលជា ១​ម​. មាន​ស៊ក​កង់​ឈើ​មូល ៗ ជា​ថ្នាក់​រាង​ធំ​ក្រោម រៀវ​តូច​ទៅលើ ។​

​នៅ​កន្លែង​កង់​ជា​ថ្នាក់ ៗ នោះ​មាន​ដោត​ផ្កាញ័រ ធ្វើ​ដោយ​ស្ពាន់ក្រាប​នឹង​ក្រដាស​គ្រប់​ពណ៌ ដោយ​នៅ​ចុង​ទង់ ធ្វើ​ដោយ​ខ្សែលួស តែ​កាលណា​មាន​ខ្យល់​បក់​មក សូម្បី​តិច​យ៉ាងណា ក៏​អាច​ធ្វើ​ផ្កា​ទាំងនោះ ឲ្យ​រញ្ជួយ​ញ័រ ៗ ដែរ នៅ​កំពូល​ស៊ុម ផ្កា​នោះ​មាន​រូប​ហ្ស​តូច​មួយ​ធ្វើ​ដោយ​ឈើ នៅ​លើ​ខ្នង​ហង្ស​មាន​ដោយ​ទៀន ១ ផង ។ នៅ​វត្ត​ខ្លះ ពួក​ទាយក ទាយិកា នាំគ្នា​ផ្លាស់​ទៀន​នេះ រាល់​យប់ ។​គេ​ធ្វើ​ផ្កា​បិណ្ឌ ដើម្បី​ឧទ្ទិស​បូជា​ដល់​ប្រះ​ចូឡាមណី​ចេតិយ នៅឯ​ឋាន​ត្រៃ​ត្រឹង្ស ដែល​ជា​ទី​តម្កល់​ព្រះកេសា​នៃ​ព្រះ​បរម​សា​ស្ដា ដែល​ទ្រង់​បាន​កាត់​នៅពេលដែល​ទ្រង់​ចេញ​សាង​ព្រះ​ផ្នួស ។​

​ចាប់តាំងពី​ថ្ងៃ​ពេញ​បូរ​មី ខែភទ្របទ​មក ទា​យក ទាយិកា នាំគ្នា​ទៅ​ប្រជុំ​នៅ​ទី​សាលា​វត្ត ដែល​គេ​វាន​ចាត់ចែង រៀបចំ​លំអរ ជាស្រេច​សម្រាប់​បុណ្យ ដើម្បី​ស្ដាប់​ព្រះសង្ឃ​សូត្រមន្ត និង សំដែង​ធម្មទេសនា ។​

​លុះ​ចប់​ធម៌​ទេសនា ហើយ​គេ​នាំ​គ្នា​ត្រឡប់​ទៅកាន់​ទីលំនៅ​រៀង ៗ ខ្លួន​ដល់​ថ្ងៃ​បន្ទាប់​មក ទើប​នាំគ្នា​ក្រោក​ពី​យប់​ទីប្រជុំ​នៅឯ​ទី​វត្ត​ទៀត ។​អ្នកណា​ទៅ​ដល់​វត្ត​មុនគេ អ្នកនោះ ទូងស្គរ​ជា​សញ្ញា ដល់​អ្នក​ជើងវត្ត​ឯទៀត ។​

​ពេលឮ​សញ្ញា​ស្គរ​វត្ត​ហើយ គេ​ប្រញាប់ប្រញាល់​នាំ​បាយបិណ្ឌ បាយបត្តបូ​រ និង ម្ហូបចំណី​ផ្សេង ៗ ទៅកាន់​វត្ត​យ៉ាង​រួសរាន់ ។ ដល់​ហើយ​នាំគ្នា​ដើរ​ទក្ខិណាព័ត៌​ព្រះវិហារ ៣ ជុំ រួច​ទើប​នាំគ្នា​ចូល​ទៅ​ស្ដាប់​ព្រះសង្ឃ​ស្វាធ្យាយ​ធម៌ ។​

​ធម៌​ដែល​ព្រះសង្ឃ​សូត្រ​នៅពេលនោះ​មាន ២ យ៉ាង​, ធម៌​មួយ​យ៉ាង សម្រាប់​ឧទ្ទិស​គ្រៀង​សំណែន​ដល់​ខ្មោច ធម៌​មួយទៀត សម្រាប់​តឿន​ព្រះអាទិត្យ​ឲ្យ​រះ​ឆាប់​ឡើង ។​ព្រលឹម​ឡើង អ្នក​វេន​រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ស្រស់ស្រូប​ហើយ ទើប​នាំគ្នា​ត្រឡប់ទៅផ្ទះ​វិញ យក​ទាំង​បាយបិណ្ឌ​ទៅ​ផង ។​

​ដល់​ថ្ងៃ​ជិត​ត្រង់ ទើប​នាំគ្នា​យក​ចង្ហាន់ ទៅ​ប្រគេន​ព្រះសង្ឃ​ឆាន់​ត្រង់​ម្ដងទៀត ។ គេ​ធ្វើ​ដូច្នេះ​រហូត​ដល់​គ្រប់ ១៥ ថ្ងៃ ។ ថ្ងៃទី ១៥ នេះ​ហើយ​ដែល​ជា​ថ្ងៃ​សំខាន់​ជាងគេ ។​

​ពិធី​ក្នុង​ព្រះបរមរាជវាំង ៖

នៅ​ព្រះបរមរាជវាំង ព្រះមហាក្សត្រ​ខ្មែរ​តែង​ធ្វើ​ព្រះរាជ​កុសល​កាន់បិណ្ឌ​ជា​ទម្លាប់​មក ចាប់តាំងពី​ថ្ងៃ ១១ រោច ។ នៅពេលនេះ យើង​សូម​ជូន​អំពី ព្រះរាជ​ពី​ធី​យ៉ាង​សង្ខេប​, ព្រោះ​ថា​ក្រៅ​អំពី​ការ​រុងរឿង អធិកអធម​ក្នុង​ការរៀបចំ​ពិធី ពុំ​មាន​ទំនៀម​ប្លែក​ប៉ុន្មាន​អំពី​ទំនៀម​រាស្ត្រ​ឡើយ ។ ខាង​ទំនៀម​ព្រះមហាក្សត្រ ធ្វើ​ផ្កាបិណ្ឌ​ច្រើន​ជាំ​ង​នៅ​ទី​ដទៃ ព្រោះ​គេ​ធ្វើ​ជំនួស​បាយ ប​ត្ត​បូ​រយើង​ធម្មតា ។​

​ផ្កាបិណ្ឌ​ដែល​ប្រើ​ក្នុង​ព្រះរាជ​ពី​ធី ក៏​មាន​រាង​ធំ​ក្រោម ស្រួច​លើ​ដែរ ប៉ុន្តែ​នៅ​ចន្លោះ​ផ្កាញ័រ មាន​ដោត​ក្បាច់​កញចាំង​ឆ្លាក់​ភ្ជាប់ នឹង​សាច់​អំពៅ​ព្រោះ​តែ​ម្ដង ហើយ​នៅ​ថ្នាក់ក្រោម​បង្អស់​មាន​ដោត​ទង់​រូប​ក្រពើ និង ទង់​រូប​នាគ​ធ្វើ​ដោយ​ស្ពាន់ក្រាប ។ ព្រះរាជ​ពិធី​តែង​ធ្វើ​នៅក្នុង​ព្រះ​ទេវាវិនិច្ឆ័យ​, នៅ​លើ​តុ​មួយ​គេ​តំកល់​ប្រះ​ពុទ្ធ​រូប ១ អង្គ​ដែល​គេ​បាន​អភិសេក​ពី​ឆ្នាំ​មុន​រួច​ហើយ ដល់​ថ្ងៃ​បង្ហើយ​បុណ្យ គេ​ត្រូវ​អភិសេកព្រះ​ពុទ្ធរូប​មួយ​អង្គ​ថ្មី​ទៀត ។​

​នៅ​ថ្ងៃ ១១ រោច ដែល​ជា​ថ្ងៃ​ផ្ដើម​បុណ្យ ព្រះសង្ឃ​ចំរើន​ព្រះ​បរិត្ត​នៅក្នុង​ព្រះទីនាំង​ទេ​វា​វិនិច្ឆ័យ ។ ស្អែក​ឡើង​គឺ​ថ្ងៃ ១២ រោច ព្រះសង្ឃ​ត្រូវ​និមន្ត​តាំងពី​ម៉ោង ៤ ភ្លឺ​ដើម្បី​ស្វាធ្យាយ ធម៌​រហូតដល់​ម៉ោង ១០ ទើប​ក្រុម​សង្ឃ​កា​​រី រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ការី​រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ឆាន់ ។ វេលា​រសៀល ថ្ងៃ​ដដែល ត្រូវ​វេន​ព្រះសង្ឃ​ដ៏ទៃទៀត ទៅ​បំពេញ​កិច្ច​ដូច​ថ្ងៃទី ១ ដែល​យើង​បាន​ពោល​រួចមកហើយ ។​

​ថ្ងៃ ១៣ រោច ពិធី​ដែល​ធ្វើ​តាំង​ពី​រសៀល​ថ្ងៃនេះ ទៅ​ទល់​នឹង​ព្រឹក​ថ្ងៃ​ស្អេក​ទៀត ជា​ពី​ធី​ថ្វាយ​ព្រះរាជ​កុសល​ចំពោះ​ព្រះ​អតីត​មហាក្សត្រ​ទាំងឡាយ ជាពិសេស​គឺ​ប្រះ​រាជា ៥ ព្រះអង្គ​ដែល​ទ្រង់​សោយ​ទីវង្គត​ក្រោយ​គេ គឺ​ព្រះករុណា ព្រះ​អង្គ​ឌួង ព្រះករុណា​ព្រះ​នរោត្ដម ព្រះករុណា​ព្រះស៊ីសុវត្ថិ ព្រះករុណា​ព្រះមុនីវង្ស និង ព្រះករុណា​ព្រះ​សុរាម្រិត ។​

​នៅ​ថ្ងៃ ១៤ រោច ព្រះករុណា​, ព្រះរាជវង្សានុវង្ស ស្ដេច​ចេញ​ជា​ព្រះរាជាធិបតី​ជាមួយ នឹង​នាម៉ឺន​សព្វ​មុខមន្ត្រី ។ បន្ទាប់មក គេ​និមន្ត​ព្រះសង្ឃ​បង្សុកូល គឺជា​ការពិចារណា​ដល់​ភាព​ឥត​ខ្លឹមសារ​នៃ​មនុស្សជាតិ និង ជា​កិច្ច​បញ្ជូន​កុសល​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ឲ្យបាន​រំដោះ​ផុតពី​ទុក្ខវេទនា ។ នៅវេលា​លោកសង្ឃ​កំពុង​សូត្រ​គេ​យក​អំបោះឆៅ​ប្រគេន​ព្រះសង្ឃ​គ្រប់​អង្គកា​ន់ ហើយ​យក​ចុង​សរសៃ​អំ​ពោះ​ម្ខាង​ដាក់​ទៅក្នុង​ផ្តិល​ទឹកមន្ត​មួយ ។ ដែល​តម្កល់​នៅ​មុខ​ព្រះសង្ឃ​នាយក ហើយ​ចុង​ម្ខាង​ទៀត យកទៅ​ដាក់​ព័ទ្ធជុំវិញ​ហោព្រះអដ្ឋិ​ឯណោះ ។ អំ​ពោះ​នៅ​ជា​និមិត្តរូប​នៃ​ការចម្លង​កម្លាំង​ធម៌ ខាង​សាសនា​ពី​អ្នក​រស់នៅ​ទៅ​កាន់​អ្នកស្លាប់ ។​

​រួច​ពី​នោះមក ព្រះករុណា​ទ្រង់​យក​បាច់ផ្កា​ទៅ​ថ្វាយ​ចំពោះ​ព្រះ​បរម​រូប រូប​ចាងហ្វាង​ក្រុមព្រះ​រាជមន្ទីរ​ចូល​ថ្វាយ​ផ្កា និង ថ្វាយបង្គំ​ព្រះ​បរម​រូប ជា​បន្ទាប់​ក្រោយ​ព្រះអង្គ ។​

​ត​មក​ទៀត ក្រុម​បារគូ​ចូល​ទៅ​សូត្រ​ប្រសិទ្ធិ​ពរ​ថ្វាយព្រះបរ​ម​រូប រូប​ចាងហ្វាង​ក្រុមព្រះ​រាជមន្ទីរ ថ្វាយ​ព្រះ​រាជកុសល​ចំពោះ​ព្រះ​បរម​រូប​ទៀត ដើម្បី​សូម​ព្រះអង្គ​បាន​ប្រកប​ដោយ​ព្រះ​សុភមង្គល​គ្រប់យ៉ាង​ក្នុង​បរលោក ។​

​នៅ​ម៉ោង ៩ យប់ ព្រះករុណា​ទ្រង់​យាង​មក​ជួបជុំ និង ព្រះរាជវង្សានុវង្ស ចៅជិត​ចៅចម ព្រមទាំង​នាម៉ឺន​សព្វ​មុខមន្ត្រី ម្ដងទៀត​ដើម្បី​ធ្វើ​ពិធី “ ប្រជុំ​បិណ្ឌ​” ។ នៅ​ឱកាស​នោះ ព្រះខ័ន​ស្ដេចត្រាញ់​ទាំង ៤ ក៏​ត្រូវ​អញ្ជើញ​មក​តម្កល់​ក្នុង​ពិធី​នោះ​ដែរ ។​

​សម័យបុរាណ តែ​កាលណា​ព្រះរាជ​អាណាចក្រ​ត្រូវបាន​រីកធំឡើង ព្រះករុណា​ទ្រង់​ជ្រើសតាំង ព្រះរាជវង្សានុវង្ស ១ អង្គ ជា​ស្ដេច​ត្រាញ់​ដើម្បី​គ្រប់គ្រង​តំបន់​ដែល​នៅ​ជិត​ព្រំប្រទល់ ។ កាលនោះ មានតែ​ស្ដេចត្រាញ់​បួន​ទេ ប្រចាំ​ទិស​ទាំង ៤ នៃ​ព្រះ​នគរ ។ ព្រះអង្គ​ទ្រង់​ព្រះរាជទាន មកុដ ១ ព្រះខ័ន ១ និង ត្រា ១ ដល់​ស្ដេចត្រាញ់​ទាំងនោះ មួយគ្រឿង ៗ មួយអង្គ ។​

​ប៉ុន្តែ​មកុដ និង ត្រា​បាត់បង់​អស់​ទៅហើយ នៅសល់​តែ​ព្រះខ័ន ដែល​មាន​ពួក​បា​គូ​មួយក្រុម នៅ​វត្ត​បារាយណ៍​ក្នុង​ខេត្ត​កំពង់ធំ នៅ​រក្សា​ដល់​សព្វថ្ងៃនេះ ។ ព្រះខ័ន ទាំង​បួន​មាន​សភាព​ដូចគ្នា នៅ​លើ​មុខ​ព្រះខ័ន មាន​ឆ្លាក់​មន្តអាគម​ផង ហើយ​នៅ​លើ​ដង​មាន​ឆ្លាក់​រូប​សត្វ ៤ បែប ។ សត្វ​ទាំង ៤ បែប​នោះ ទំនង​ជា​តំណាង​ចតុទិស​នោះឯង ។​

​ដោយហេតុ​ថា​សម័យមុន ពួ​ស្ដេចត្រាញ់​ទាំង ៤ ត្រូវ​ចូល​ខ្លួន​ទៅ រាជធានី ដើម្បី​គោរព​បូជា​ចំពោះ​វិញ្ញាណក្ខ័ន្ធ នៃ​បុព្វបុរស របស់ខ្លួន ទើប​ព្រះខ័ន ទាំង​បួន ដែល​ជា​តំនាង​ស្ដេចត្រាញ់ ក៏​ត្រូវ​យក​មក​តម្កល់ ក្នុង​រាជពិធី​ថ្វាយ​ព្រះ​រាជកុសល​នោះដែរ ។​

​ក្រៅពីនោះ មាន​តុ​ពីរ​ទៀត នៅ​ចំ​ពីមុខ​កន្លែង តម្កល់​ព្រះ​បរម​រូប ។ តុ​មួយ​មាន​គ្រឿង​ប្រដាប់​សុទ្ធសឹង​មាស គឺ​ជា​ដង្វាយ​ថ្វាយ ព្រះ​បិតរ​ចំពោះ​ព្រះ​សព​នៃ​ព្រះមហាក្សត្រ ទ្រង់​រាជ្យ ។ តុ ១ ទៀត​មាន​សុទ្ធតែ​គ្រឿងប្រាក់ ជា​ដង្វាយ​សម្រាប់ថ្វាយ​ព្រះបិតរ ចំពោះ​វិញ្ញាណក្ខ័ន្ធ នៃ​ព្រះរាជវង្សានុវង្ស ។ នៅ​ជិត​តុ​នោះ មាន​តុ​មួយ​តូច​មួយ​ទៀត តម្កល់​កែវ​ទឹកដូង ។​

​កាល​ព្រះករុណា​ទ្រង់​យាង ដល់ទី​ប្រជុំ​ហើយ ព្រះអង្គ​ទ្រង់​ព្រះរាជទាន​ភ្លើង​អុជ​ទៀន គោល​ទាំង​គូ ដែល​ដាក់​នៅ​ចំពោះ​ព្រះ​ភ​ក្ត្រ ព្រះ​បរម​រូប ។ បារ​គូ ៩ នាក់ សូត្រ​ថ្វាយ​ជ័យ​រួច​ចាក់ទឹក​ស័ង្ខ​លើ​បាត​ព្រះ​ហ​ស្ថ​ព្រះរាជា ហើយ​ថ្វាយ​ស័ង្ខ រួច​ថ្វាយ​ស្លឹក​ព្នៅ​ខ្ចី ១ សន្លឹក ដែល​ព្រះរាជា​ទ្រង់​ទទួល​សៀត​នៅ​ព្រះ​កាណ៌​ឆ្វេង ដើម្បី​សិរី​សួស្ដី ។​

​បន្ទាប់មកទៀត ចាងហ្វាង​ក្រុមព្រះ​រាជមន្ទីរ សូត្រ​បួងសួង​ព្រះ​បិតរ សូមឲ្យ​លោក​ទ្រទ្រង់​ព្រះមហាក្សត្រ និង រាស្ត្រ​ប្រជា ធំ​-​តូច មាន​-​ក្រ ដែល​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល ទោះជា​ជាតិ​សាស្ត្រ​ណាក៏ដោយ សូមឲ្យ​បាន​សេចក្ដីសុខ ចម្រើន​ទាំងអស់ ។​

​លុះ​ចប់​កិច្ច​បួងសួង​ហើយ ព្រះករុណា​ទ្រង់​យាង​ថ្វាយបង្គំ​ព្រះ​បរម​រូប​រួច​ទើប​ទ្រង់​យាង​ចាក់​ដូង​ជា​ក្រោយ ។ ត​មក​តៀត ពួក​នាម៉ឺន​សព្វ​មុខមន្ត្រី ក៏​ចូល​ម្ដង ៤ នាក់ ៗ ដូច​មុន​ដែរ ។​

​បន្ទាប់មកទៀត​, ព្រះមហាក្សត្រី​យានី​យាង​ចាក់ទឹកដូង​តែមួ​យ​ព្រះអង្គឯង រួច​ទើប​ក្រុមក្សត្រី ចៅ​ជិត ចៅ​ចម និង ភរិយា​នាម៉ឺន​សព្វ​មុខមន្ត្រី ចូល​ចាក់ទឹកដូង ម្ដង ៤ នាក់ ៗ ជា​លំដាប់ ។ លុះ​ចប់​ពិធី​ចា​ក់​ទឹកដូង​ហើយ គេ​និមន្ត​ព្រះសង្ឃ​ទេសនា រឿង​ពុទ្ធប្រវត្តិ រួច​រៀប​អភិសេកព្រះ​ពុទ្ធរូប​មួយ​ព្រះអង្គ នៅ​ក្នុង​យប់​ជាមួយគ្នា​នោះ ។ នៅ​ទី​វត្ត​ទាំងឡាយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​មាន​ធ្វើ​ពិធី​ដូចគ្នា​នេះ​ដែរ ដែល​យើង​នឹង​ជូន​សេចក្ដីអធិប្បាយ​ទៅ​ខាង​មុខ ។​

​ប៉ុន្តែ សូម​កត់សម្គាល់ថា ពិធី​ចាក់ទឹកដូង និង បិ​ធី​អភិសេក​ព្រះ​ពុធ្ធរូប តែង​ធ្វើ​នៅ​ព្រះបរមរាជវាំង ២៤ ម៉ោង មុន​ទំនៀម​រាស្ត្រ​ក្នុង​ព្រះ​នគរ​ជា​ដរាប ។ ព្រះសង្ឃ​សូត្រ​ពុទ្ធា​ភិ​សេក​ទល់​ភ្លឺ ។ លុះ​ភ្លឺ​ស្រា​ង ៗ ហើយ ពួក​ភ្នាក់ងារ​យក​គ្រឿង​ផ្ទុក​ក្នុង​សង្ឃឹក​ឈើ​មួយ​តូច ដែល​មាន​ភាព​ដូចជា​តំណាក់​ផែ រួច​សែង​យក​ទៅ​ឯង​កំពង់ផែ ទៅ​ដល់​គេ​ផ្ទេរ​គ្រឿង​ទាំងនោះ​ដាក់​ទៅ​ក្នុង​ក្បូន​ដើម​ចេក ។ គេ​យក​ទូក ១ មក​សណ្ដោង​អូស​រហូតដល់​កណ្ដល់ទន្លេ ៤ មុខ ទើប​លែង​ក្បូន​ឲ្យ​អណ្ដែត​ទៅ​តាម​ខ្សែទឹក បញ្ជូន​ទាំង​វិញ្ញាណក្ខ័ន្ធ ព្រះ​បិតរ​ទៅ​ស្រុក​ទេស​​វិញ​ផង ។​

​លុះ​ត្រឡប់​មក​វិញ ពួក​ភ្នាក់ងារ​រៀប​ធ្វើ​ពិធី​បង្សុកូល និង ប្រគេន​ចង្ហាន់​សង្ឃ​ជា​ការ​ស្រេច ។ ក្នុងពេល​ជាមួយ​នឹង​ព្រះរាជ​ពិធី​កាន់បិណ្ឌ និង ភ្ជុំ​បិណ្ឌ ក្រុម​បារគូ​ក៏​ធ្វើ​ពិធី​បូជា​ចំពោះ​ទេវរូប​នៅ​នា​យោ​ព្រះ​បញ្ច​ក្សេត្រ​ដែរ ។ គេ​ធ្វើ​ពិធី​អញ្ជើញ​ទេវរូប​ទាំងនោះ​ឲ្យចេញ​វស្សា​ជាមួយ​ផង ។​

ទំនៀម​រាស្ត្រ​៖

​ថ្ងៃខែដាច់​ខែភទ្របទ ជា​ថ្ងៃ​សំខាន់​ជាងគេ​ក្នុង​រដូវ​បិណ្ឌ គឺជា​ថ្ងៃ “ ប្រជុំ​បិណ្ឌ​” ឬ “ ភ្ជុំ​បិណ្ឌ​” ។ មុន​ថ្ងៃ​ភ្ជុំ ជា​ថ្ងៃ​ភ្ជុំ​ធំ​, នៅ​គ្រប់​គ្រួសារ​ខ្មែរ​គេ​នាំគ្នា​ធ្វើ​នំអន្សម នំ​គម ដើម្បី​យក​ទៅ​វត្ត​អា​រម ចែក​ញាតិមិត្ត​ជិត​ឆ្ងាយ និង សែន​ជីដូន​ជីតា ដែល​ធ្វើ​មរណកាល​ទៅ​ហើយ​នោះ ។ ចំនែក​នៅ​ឯ​វត្ត គេ​រៀបចំ​បោសសំអាត​តុបតែង​សាលា​បុណ្យ​ឲ្យ​ស​រម្យ តាមរបៀប ព្រោះ​នៅ​វេលា​យប់ ១៤ រោច​នោះ ព្រះសង្ឃ​ត្រូវ​និមន្ត​ស្វាធ្យាយ​ធម៌ និង ទេសនា​ទល់​ភ្លឺ ហើយ​គេ​មាន​ធ្វើ​ពិធី​បង្សុកូល និង អភិសេកព្រះ​ពុទ្ធរូប ដូច​ជា​យើង​បាន​ពោល​មកហើយ​ក្នុង​ព្រះរាជ​ពិធី ។​

​មាន​រឿងដំណាល​ថា កាលនោះ ព្រះ​បរម​ពោធិសត្វ​ទ្រង់មាន​សេ​ក្ដី​តក់ស្លុត នឹង​ជរា​ព្យាធិ និង មរណៈ​ជា​ពន់ពេក ទ្រង់​យាង​ចាក​ភេទ​ជា​ក្សត្រ ដើម្បី​ទៅ​ស្វែងរក​ព្រះ​និព្វាន​ជា​ឋាន​បរមសុខ ។​

​ព្រះអង្គ​ទ្រង់​ធ្វើទុក្ខ​កិរិយា​អស់​រយៈកាល ៦ ឆ្នាំ ទាល់តែ​មាន​ប្រះ កាយ​ស្គាំងស្គម​យ៉ាងខ្លាំង ប៉ុន្តែ​ក្រោយ​បន្តិច​មក ប្រះ​អង្គ​ទ្រង់​ពិចារណា​​ឃើញថា ការ​ដេល​ទ្រង់​ប្រព្រឹត្តនេះ មិន​អាច​ធ្វើឲ្យ​សម្រេចមគ្គផ​លបាន​ទែ ទើប​ព្រះអង្គ​ចាប់​ឆាន់ចង្ហាន់​ឡើងវិញ ។ ត​ពី​នោះ​មក ប្រះ​អង្គ​ក៏​ព្រម​ទទួល​ចង្ហាន់​ដែល​នាង​សុជាតា​បានធ្វើ​ដោយ​ផ្ចិតផ្ចង់​អស់ពី​ចិត្ត​ថ្វាយ​ព្រះអង្គ ។​

​ព្រះអង្គ​ទ្រង់​បានសម្រេច​ព្រះ​សម្ពោធិ​ញ្ញាណ នៅពេលដែល​ព្រះអង្គ​ទ្រង់​គង្គនៅ​ក្រោម​ដើម​ពោធិព្រឹក្ស​មួយ ប៉ុន្តែ​មុន​នឹង​ទ្រង់​បាន​ត្រាស់ដឹង មារាធិរាជ​ដែល​ជា​សត្រូវ តាម​ព្យាបាទ​ព្រះអង្គ​ជា​យូរណាស់​មកហើយ ហើយ​ដោយ​សេចក្ដី​ក្ដៅក្រហាយ​នឹង​បំបែរ​ព្រះទ័យ​ព្រះអង្គ​ឲ្យ​ចុះ​អំពី​រតន​បល្ល័ង្ក ។​

​ព្រះ​បរម​សាស្ដា​ទ្រង់​អាង​ដល់​នាង​គ​ង្ហី​ង​ព្រះធរណី ជា​កស្សិណ នាង​គ​ង្ហី​ង​ចាង់​ផ្នួងសក់​ច្បូត​ចេញ​ជា​ទឹក​លិចលង់​ពល​មារ​បរាជ័យ​ក្នុង​ពេល​នោះ​ហោង ។ ឯ​ទំនៀម​ធ្វើបុណ្យ អភិសេកព្រះ​ពុទ្ធរូប ជា​ទំនៀម​រំឭក​ដល់​រឿង​ពុទ្ធប្រវត្តិ ត្រង់​ដែល​ព្រះអង្គ​ផ្ចាញ់​មារាធិរាជ​នេះឯង ។​

​ហេតុនេះហើយ បាន​ជា​ក្នុង​ពិធី​ពុទ្ធា​ពិ​សេក​មាន​ក្មេង​ព្រហ្មចារី អង្គុយ​បក​ស្រូវ​ភោ​ជសាលី និង ចំអិន​មធុបាយាស ដោយ​ទឹក​ដុង និង ភ្លើងទៀន​ជា​តំណាង​នាង​សុជាតា ។ ដល់​ពេល​ទៀបភ្លឺ មាន​យ​វជន​ជាច្រើន​រូបតំណាង​ពល​មារ ចូល​ទៅ​ធ្វើ​អាការ​ហាក់ជា​កំហែង​ព្រះអង្គ ពេល​នោះ​ពួក​កុមារី​បាន​ព្រាច​នូវ​ស្រទាប់​ផ្កាឈូក ជាការ​រំឭក​ដល់​កាល​ដែល​នាង​គ​ង្ហី​ង​ធរណី​ច្បូតសក់​បង្ហូរទឹក​ឲ្យ​លិចលង់​ពល​មារ ។​

​ពេល​ភ្លឺ​ស្រា​ង ៗ ទា​យក​ទាយិកា នាំ​គ្នា​ត្រឡប់​ទៅកាន់​ទីលំនៅ​រៀង ៗ ខ្លួន ទៅ​សំរាក​បន្តិច ដើម្បី​នឹង​ត្រឡប់​មក​កាន់​វត្ត​វិញ នៅ​ពេល​ថ្ងៃ​ជិត​ត្រង់ ។ ជិត​ដល់​ពេល​ហើយ អ្នកស្រុក​ជើងវត្ត​នាំគ្នា​ទូល​បាយបត្តបូរ បាយបិណ្ឌ​ម្ហូបចំណី​ផ្សេង ៗ ដែល​ធ្វើ​ដោយ​ផ្ចិតផ្ចង់​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បីឲ្យ​បានផល​ដល់​ខ្មោច​ជីដូន​ជីតា ដែល​គេ​លែងឲ្យ​មក​ជួបជុះ​ក្នុង​ពេល​នោះ ។ នៅ​ស្រុក​ខ្លះ គេ​បង្វិលពពិល​បំបួស ដូនជី​មួយ​ផង នៅ​ឱកាស​នោះ ។

​ពេល​ព្រលប់​ថ្ងៃ​ដដែល អ្នកស្រុក​ប្រមូល​ក្រុម​ញាតិ​នៅផ្ទះ​រៀងខ្លួន ដើម្បី​សែន​ជីដូន​ជីតា ។ គេ​ក្រាល់កន្ទេល ១ ដាក់​សំពត់​ស​ក្រាល​ពីលើ មាន​ខ្នើយ ១ ផង នៅ​អម​កន្ទេល​ទាំងសង្ខាង មាន​ថាស​ចំ​អាប បង្អែម បាយ​បិណ្ឌ និង បាយបត្តបូ​រ ។​

​លុះ​រៀបចំ​ស្រេច​កាលនា មនុស្ស​ចាស់​ម្នាក់​ក្នុង​គ្រួសារ អុច​ធូប​ទៀន សំបូ​ង​សំ​រូង អញ្ជើញ​ជីដូន​ជីតា ញាតិមិត្ត ដែល​បាន​ធ្វើ​មរណ​កាល​ទៅ​នោះ ឲ្យ​អញ្ជើញ​មក​សេពសោយ អាហារ​ភោជន​ដែល​គេ​រៀប​ជូន និង ឲ្យ​សព្ទសាធុការពរ ដល់​កូនចៅ​ញាតិសន្ដាន​ផង ។​
​ថ្ងៃ​ជា​បន្ទាប់​មក គឺ​ថ្ងៃ ១ កើត​ខែអស្សុជ គេ​ក្រោក​តាំងពី​យប់​នាំយក​ក្បូន​ដើម​ចេក ផ្ទុក​ដោយ​ស្បៀងអាហារ ស្រូវ​អង្ករ នំនែក​គ្រប់យ៉ាង យក​ទៅ​បណ្ដែត​ឲ្យ​រសាត់​តាម​ខ្សែទឹក​ហូរ ហើយ​និយាយ​ថា សូម​ឲ្យ​ជីដូន​ជីតា​អញ្ជើញ​ត្រឡប់​ទៅ​ស្រុក​ដើម​វិញ​ចុះ ។​

​ក្នុងភូមិ​ខ្លះ​នៅក្បែរ​ក្រុងភ្នំពេញ នា​ថ្ងៃ​ដដែល​នោះ គេ​មាន​ថ្វើ​ពីធី​សេន ឬ ថ្វាយ​ព្រះ​ភូមិ​ផង ។ គេ​រៀបចំ​កន្ទេល​ខ្នើយ បាយទឹក និង សំណែន​ផ្សេង ៗ ដូចជា​សែនដូនតា​ពី​ល្ងាច​ដែរ រួច​គេ​អញ្ជើញ​ព្រះ​ភូមិ ព្រះធរណី ឲ្យមក​សេពសោយ​ព្រមទាំង​សុំឲ្យ​កើត​ផល្លានុផល​បរិបូរ​ផង ។ ជួនកាល បន្ទាប់​ពី​ការ​សែនព្រេន និង បួស​ងួង​នោះមក កូន​ក្មេង​ដែល​នៅចាំ​ក្រោមផ្ទះ នាំ​គ្នា​ស្រែក​ហ៊ោកញ្ជ្រៀវ វាយ​សរសរ​ផ្ទះ​ក្ដុងក្ដាំង បណ្ដើរ​ថា “ ឱ ! ព្រះ​ភូមិករ ព្រះធរណី យាង​មក​ឲ្យ​យើង​សុខ​សប្បាយ​ហើយ​” រួច​នាំ​គ្នា​សើច​លាន់​យ៉ាង​សប្បាយ​ទៅ ។​

​បន្ទាប់មកទៀត កេ​យក​អំពោះឆៅ​ទៅ​ចងដៃ​ម្ចាស់ផ្ទះ​ប្រុស​ស្រី ចង់​សរសរ​កន្ទោង ចង​ស្នែង​គោក្របី នង្គ័ល និង រនា​ស់ ។ អំបោះ​នេះ ជា​និមិត្តរូប​នៃ​សម្ពន្ឌ​មួយ​យ៉ាង​តឹងរ៉ឹង រវាង​ភ្ញៀវ​ចូល​មក​ជួបជុំ និង អ្នកផ្ទះ ។ គេ​យក​ប្រេង ម្សៅ​ទៅ​លាប​ស្នែង​សត្វពាហនៈ​ទាំងនោះ ហើយ​សុំ​ខមាទោស កុំឲ្យ​មានក​ម្ម​ពៀរ ដោយ​បាន​ប្រើ និង វាយដំ​សត្វ​នោះ ក្នុងការ​ធ្វើ​ស្រែចំការ ។ រួច​អ្នកស្រែ​ចំការ នាំគ្នា​យក​ច្រម​ទៅ​ដោត​មួយ ៗ គ្រប់​រែស ។ ច្រម​នោះ​ធ្វើ​អំពី​ដើម​ឫស្សី​មួយ​កំណាត់ គេ​ច្រៀក​ចុង​ម្ខាង​ជា​បន្ទះ​ស្ដើង ៗ ហើយ​យក​វល្លិ៍​ក្រង​ឲ្យមាន​រាងរី​កចុង​រួមគ​ល់ ដូច​ជីវ​ឡាវ មាន​ដាក់​បាយ នំ ចំណី និង ចង​ស្លាបមាន់​ខ្មៅ ១ នៅ​មាត់​ច្រក​នោះ​ផង ។ អ្នកស្រែ​យក​ច្រម​នោះ​ទៅ​ដោត​នៅ​ទិសឥសាន​ស្រែ ហើយ​ថយ​មក​អង្គុយ បួងសួង​មួយ​សន្ទុះ សុំឲ្យ​ធ្វើស្រែ​បានផល​ច្រើន ។ នៅ​កន្លែង​ខ្លះទៀត គេ​យក​បាយបិណ្ឌ​ទៅ​ចោល​ក្នុង​ស្រែ​ដើម្បីឲ្យ​បានផល​ច្រើន ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

    

spot_img
×