Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស្តីបន្ទោស​អភិបាលខេត្ត​មណ្ឌលគិរី មិន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​

spot_img

​ភ្នំពេញ​៖ លោក ស្វាយ សំ​អ៊ាង ចៅហ្វាយខេត្ត​មណ្ឌលគិរី បាន​និង កំពុង​ទទួល​បាន​កញ្ចប់​ខ្មៅ​ក្រោម​តុ ពី​មេ​ឈ្មួញ តុ​ប វី​រ៉ា​ដា ​រាប់សែន​ដុល្លារ ក្នុង​១​ខែៗ​? សម្រាប់​ក្នុង​ការ ធ្វើ​មិនដឹងមិនឮ​? បើកដៃ​ឲ្យ​មេ​ឈ្មួញ​រូបនេះ ដឹកជញ្ជូន​ឈើ តាម​អំពើ​ចិត្ត​? ដោយ​យក​លេស​ជ្រក​ក្រោម​ស្លាក ក្រុមហ៊ុន ដី​សម្បទាន​សេដ្ឋកិច្ច មក​ប្រើ​ដើម្បី កាប់​ឈើ​ក្រៅ​បរិវេណ ដី​សម្បទាន យ៉ាង​ពេញបន្ទុក​ដឹកជញ្ជូន​ចូលក្នុង​ក្រុមហ៊ុន រួច​ដឹក​ជញ្ជូន​បន្ត ទៅ​លក់​ស្រុក​យួន​យ៉ាង គគ្រឹកគគ្រេង ។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ស្តីបន្ទោស អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង ​មិន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ដោយ​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ​ឧក្រិដ្ឋជន នាំ​អនុផល​ព្រៃឈើ ទៅ​លក់​នៅ​ប្រទេស​វៀតណាម ​បាន​ខាង​ដោយ​រលូន​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បន្ថែមថា បទល្មើស​ព្រៃឈើ នៅតែ​បន្ត​កើតមាន នៅក្នុង​ទឹកដី​ខេត្ត​មណ្ឌលគិរី​។ សកម្មភាព​កាប់​ឈើ ​ត្រូវបាន​ក្រសួង​បរិស្ថាន ថត​រូបភាព​ពីលើ​អាកាស បន្ថែម​លើ​សេចក្តីរាយការណ៍​។​ ​សម្តេច​ក្រឡាហោម ស ខេង បាន​សង្កត់​ធ្ងន់ថា បើសិន​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ​នៅ​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ ប្រាកដជា​មាន​បញ្ហា​ជាក់​ជាមិនខាន​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ជំរុញ​ឲ្យមាន​ការកែប្រែ​ច្បាប់​ដើម្បី​ការ​ពារ​ព្រៃឈើ​។ សម្តេច​បាន​ថ្លែងថា “​ផ្កាយរណប​បាន​ថត​ផ្តិត​យក​រូបភាព​បាន​ទាំងអស់ អត់​មាន​លាក់​អ្វី​ជិត​នោះ​ទេ គឺ​ឡាយ​ឲ្យ​យើង​បាន​ឃើញ​តែ​ម្តង ​ក្នុង​ការ​ដឹកឈើ​ចេញពី​គ្រប់​ទីកន្លែង ហើយ​តាម​ដឹង​ដូចជា​នៅ​ខេត្ត​មណ្ឌលគិរី​។ ឥឡូវ​សុំ​ផ្តាំ​ទៅ​អភិបាលខេត្ត​មណ្ឌលគិរី ​សុំឲ្យ​មើល​បទល្មើស​ព្រៃឈើ បើ​មិន​មើល ចៅហ្វាយខេត្ត​នេះ​ក៏​មាន​រឿង​ដែរ ។ មិន​ត្រឹមតែ​មើល​ទេ គឺ​ត្រូវតែ​ដោះស្រាយ​ថែមទៀត “​។

​សម្តេច​ក្រឡាហោម បានបញ្ជាក់​ថា “​មាន​អគ្គនាយក​មួយរូប ដាក់​លិខិតអនុញ្ញាត​ស្នើ​មក​ខ្ញុំ ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយ​ប្រមូល​ឈើ​នៅ​បាត​អាង​សេ​សាន​២ ប៉ុន្តែ​ករណី​នេះ​ខ្ញុំ​មិន​មាន​សិទ្ធិ​សម្រេច​អ្វី​នោះ​ទេ ។ តែ​ខ្ញុំ​បាន​ប្រាប់​ទៅ​ហាស់ សារ៉េត ថា​ទៅ​ប្រមូល​បាត​អាង​ស្អី​ទៀត បើ​ឥឡូវ​បាត​អាង​មាន​ទឹក​ជម្រៅ​ជាង​៧០​ម៉ែត្រ​ហើយ ​ហើយ​នៅ​ខាងៗ​ជម្រៅ​ប្រមាណ​៤​ឬ​៥​ម៉ែត្រ ។ ទៅ​ប្រមូល​បាត​អាង​ស្អី​ទៀត បើ​វា​អស់ហើយ ​ហើយ​នៅ​ប៉ុន្មាន​ទៀត​ទុក​ឲ្យ​រលួយ​ក្នុង​អាង​នោះ​ទៅ ។ អា​រឿង​សុំ​ទៅ​សម្អាត​បាត​អាង​នោះ គឺ​មិនមែន​ទៅ​សម្អាត​បាត​អាង​ទេ ​គឺ​វា​ទៅ​កាប់​ឈើ​នៅ​ខាងៗ​បាត​អាង ដែល​ឈើ​ទាំងនោះ​នៅ​ឈរ​លើ​គោក​ឯណោះ​។ អាហ្នឹង​ថា​សម្អាត​បាត​អាង​ដែរ​ឬ​?

​រឿង​សម្អាត​បាត​អាង​មាន​មិនចេះចប់ ខណៈ​ដែល​វា​រី​អគ្គិសនី​ស្ថាបនា​រួចរាល់​ហើយ និង​បាន​ប្រើប្រាស់​ទៀតហើយ ​នៅតែ​សម្អាត​បាត​អាង​មិនចេះចប់ ។ លេង​អីចឹងៗ​ធ្វើ​ម៉េច​ទៅ​”​។

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ថ្លែងថា សម្ដេច​នឹង​ជំរុញ​ឲ្យបាន​ឆាប់​ការធ្វើ​វិសោនកម្ម​ច្បាប់​គ្រប់គ្រង​ព្រៃឈើ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ព្រៃឈើ ដែល​មាន​ផល់ប៉ះពាល់​យ៉ាងខ្លាំង នាពេល​បច្ចុប្បន្ន​នេះ ។​

​សម្ដេច​ក្រឡាហោម បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​កិច្ចប្រជុំ​បូក​សរុប​សកម្មភាព និង​លទ្ធផល​បោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៨ ។

​សម្ដេច​ក្រឡាហោម បាន​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ននេះ ច្បាប់​ការពារ​ព្រៃឈើ​ពុំ​បាន​ផ្ដល់​អំណាច ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ដែនដី​ដែល​បាន​ធ្វើឲ្យ​ជន​ខិលខូច​មួយចំនួន កាប់​ឈើ​ខុសច្បាប់​នាំចេញ​ជា​បន្តបន្ទាប់ ដែល​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដល់​បរិស្ថា​ន ​និង​ធនធាន​ធម្មជាតិ​​ប្រទេស​កម្ពុជា ។ សម្ដេច​បាន​បញ្ជាក់​បន្ត​ថា នៅក្នុង​អា​ណ្តិ​ត​រដ្ឋាភិបាល​ថ្មី​នេះ សម្ដេច​នឹង​ជំរុញ​ការកែប្រែ​ច្បាប់​នេះ​ជា​ចាំ​បាច់ ដើម្បី​ផ្ដល់​អំណាច​ដល់​អាជ្ញាធរ​ដែនដី សមត្ថកិច្ច ដើម្បី​រួម​គ្នា​ទប់ស្កាត់ ការពារ​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា ។

​សម្តេច​ក្រឡាហោម បាន​បន្ថែមថា “​ខ្ញុំ​និយាយ​តាំងពីដើម តាំងពី ឯកឧត្តម ចាន់ តុងអ៊ីវ នៅ​ជា​រដ្ឋលេខាធិការ ​ដែល​ទទួលបន្ទុក​រដ្ឋ​បាន​ព្រៃឈើ ។ ខ្ញុំ​បាន​សួរថា អា​ច្បាប់​ព្រៃឈើ បើ​ធ្វើ​អីចឹង គឺ​អន្តរាយ​ហើយ ដែល​មិនឲ្យ​អំណាច​មក​រដ្ឋបាល​ដែនដី ​និង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ដែល​មាន​កងកម្លាំង​គ្រប់គ្រាន់ ដើម្បី​ដោះស្រាយ​ទេ គឺ​គាត់​យក​អំណាច​ដាច់​ទៅ​រដ្ឋបាល​ព្រៃឈើ ​ដូច្នេះ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​បាន​ផុតដៃផុតជើង ដោយ​មិន​អាច​ធ្វើ​អ្វី​កើត​នោះទេ ហើយ​រដ្ឋបាល​ព្រៃឈើ​ក៏​ធ្វើ​មិនបាន​ទើប​កើត​រឿង​អីចឹង​។ ឥឡូវនេះ យើង​នាំ​គាត់​កែ គាត់​មិន​ព្រម​កែ​ទៀត ។ អាណត្តិ​នេះ គឺ​ត្រូវ​កែ​ច្បាប់​ព្រៃឈើ​ឲ្យ​ទាល់តែ​បាន ​ប៉ុន្តែ​ឥឡូវនេះ​កែ​អត់​ទាន់​ចេញ ហើយ​បើ​ទៅ​ចាំ​អង្វរ និង​ថ្វាយបង្គំ​គាត់ ឲ្យ​ព្រម គឺ​មិន​ងាយ​ព្រម​នោះទេ មិន​ងាយ​ទេ ​ទាល់តែ​ពេលខ្លះ​កាន់​ព្រនង់​ទៅ​តែម្តង គឺ​ព្រម​តែម្តង ។ រឿង​នេះ​ជា​ផលប្រយោជន៍​ជាតិ មិនមែន​ផលប្រយោជន៍​លោក​ឯង​នោះ​ទេ ​លោក​ឯង​កើតមក មិនមែន​យក​ព្រៃឈើ​មក​ទេ យើង​ជីវិត​មួយ​រឿង​ខ្លួន​ទេ យើង​មាន​កាតព្វកិច្ច​ការពារ​ធនធានធម្មជាតិ ​ដែល​មាន​នៅ​លើ​ទឹកដី​មាតុភូមិ​យើង​”៕

​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច​ក្រឡាហោម ស ខេង ក្នុង​វីដេអូ​ខាងក្រោម​នេះ​៖

ដោយ​ ៖ ​កូឡាប​

     

spot_img
×