Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​បី​រួម​គ្នា​សង្គ្រោះ ខ្មោចអគារ​​៤២​ជាន់ ដោយ​បន្ត​ការសាងសង់​ឡើង​វិញ​នៅ​ឆ្នាំ​២០១៨

spot_img

​ភ្នំពេញ​៖ ខ្មោច​អគារ​៤២​ជាន់ (Gold Tower 42 ,GT 42) អាច​នឹង​រស់​ឡើង​វិញ ក្រោយ​ពី​ក្រុមហ៊ុន Yonwoo ប្រកាស​ថា​នឹង​ចាប់ផ្តើម បន្ត​ការសាងសង់​ឡើងវិញ នៅ​ឆ្នាំ​២០១៨ ហើយ​នឹង បញ្ចប់​នៅ​ឆ្នាំ​២០១៩ ហើយ​ក្នុងនោះ​ក៏​មាន​ក្រុមហ៊ុន​២​ផ្សេងទៀត បាន​ចុះហត្ថលេខា ជាមួយ​ក្រុមហ៊ុន​Yonwoo ដើម្បី​សង្គ្រោះ​អគារ​នេះ ។​

​លោក Kim Tae Yeon អគ្គនាយក​ក្រុមហ៊ុន Yonwoo Cambodia Co, Ltd ដែល​ជា​ម្ចាស់​គម្រោង បានបញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​នេះ​ត្រូវបាន​ប្រកាស ក្រោម​ឈ្មោះ​ថ្មី GT 42 ។ ពិធី​ចុះហត្ថលេខា​សាងសង់​គម្រោង Gold Tower 42 ឡើង​វិញ​របស់​ក្រុមហ៊ុន Yonwoo ជាមួយ​ក្រុមហ៊ុន​ចិន Shengzheng Hongtoao Decoration និង Waiman Construction & Engineering (​ម៉ា​កាវ​) កាលពី​ថ្ងៃ​ទី ២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក Kim សន្យាថា ក្រុមហ៊ុន​របស់​លោក​នឹង​ច្បាស់​ជា​បញ្ចប់​គម្រោង​ទាន់ពេល​។​

​លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា Yonwoo បាន​ផ្ញើរ​លិខិត​មក​ក្រសួង​នៅ​ខែ​សីហា​ថា ពួកគេ​នឹង សាងសង់​អគារ​ក្នង​រយៈពេល​៦​ខែ​ទៀត​។ យ៉ាងណាក៏ដោយ លោក​បន្តថា ខ្ញុំ​មិន​ទាន់​ប្រាកដ​នោះ ទេ​ថា​តើ​ការសន្យា​នោះ​ពិត ឫ​អត់ ពីព្រោះ​ថា​ម្ចាស់​គម្រោង​បានចេញ សេចក្ដី ថ្លែង​ការ​ស្រដៀង គ្នា​នេះ ច្រើនដង​រួចមកហើយ ប៉ុន្តែ​ពុំ​ទាន់​ឃើញ​មាន​ការសាងសង់ នោះទេ​។​

​គួរបញ្ជាក់​ថា គម្រោង Gold Tower 42 ត្រូវបាន​ពន្យារពេល​អំឡុងពេល​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០០៨ ហើយ​បន្ទាប់មក ខកខាន​មិន​បាន​បន្ត​ការសាងសង់​ឡើងវិញ​ជា​ច្រើន​សារ​។ យ៉ាង ណា​ក៏​ដោយ​គម្រោង​នេះ​បាន​បញ្ចប់​ការសាងសង់​បាន ចំនួន​៣២​ជាន់​ហើយ មុន​នឹង​គម្រោង​នេះ​ត្រូវបាន​ពន្យារពេល​សារជាថ្មី​។​
​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពស់ ៤២​ជាន់​នេះ វិនិយោគ​ដោយ​ក្រុមហ៊ុន​កូរ៉េខាងត្បូង Yon Woo Cambodia ដែល​មាន​តម្លៃ​ទុនវិនិយោគ​សាងសង់​ប្រមាណ ២៤០​លាន​ដុល្លារ ដែល​គ្រោង​នឹងត្រូវ​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ​២០១៨​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​របស់​គម្រោង​ប្លង់​មេ​ដើម​។​
​អគារ​នេះ​បាន​ក្លាយ​ជា​គម្រោង​អគារ​ខ្ពស់​ដំបូង​គេ​នៅ​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០០៨ ២០០៩ ក្នុងចំណោម​អគារ​ខ្ពស់ៗ​នៅក្នុង​ទីក្រុង​។ ហើយក៏​បាន​បំបែក​ឯតទគ្គ​កម្ម​ក្នុងការ​ចំណាយ​ពេលវេលា​សាងសង់​យូរ​ជាង​គេ​ដែរ​។​

​យោងតាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ គិត​ត្រឹម​ឆ្នាំ​២០០០ រហូតមក​ដល់​រយៈពេល ៤​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧​នេះ អគារ​ខ្ពស់ៗ ចាប់ពី ៥​ជាន់​ឡើងទៅ ៥៥​ជាន់ សរុប​មាន​ប្រមាណ ៩០១ អគារ​នៅ​រាជធានី​ភ្នំពេញ​។ ហើយ​របាយការណ៍​ដដែល​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៦ ទុនវិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា មាន​ចំនួន​ជាង ៨​ពាន់ ៥០០​លាន​ដុល្លារ​អាមេរិក​។ តួលេខ​នេះ​កើនឡើង ១៥៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៥​។​

​លោក ហៃ រ៉ាវី ប្រធាន​ទីផ្សារ និង​លក់ ក្រុមហ៊ុន Daily Realty Group បាន​លើកឡើង​ថា គេ​ពុំ​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ថា​តើ​គម្រោង​នេះ​នឹង​បញ្ចប់​ទាន់ពេល​ឫ​អត់ ដោយសារ​តែ​ប្រវត្ត​នៃ​ការពន្យាពេល​។​

​លោក​បន្ត​ថា​យ៉ាងណា​ក៏ដោយ​ប្រសិនបើ​គម្រោង​នេះ​បន្ត​ការសាងសង់ និង​បញ្ចប់​ទាន់​ពេល​វា​នឹង​ក្លាយ​ជា​សញ្ញា​វិជ្ជមាន​មួយ​ទៀត​ចំពោះ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ពីព្រោះ Gold Tower 42 គឺជា​គម្រោង​ធំ​មួយ​នៅក្នុង​ប្រទេស​ហើយ​ដូច្នេះ​អាច​នឹង​ទាក់ទាញ​វិនិយោគ​បរទេស​បាន​កាន់តែ​ច្រើន​។​

​ប្រជាពលរដ្ឋ​ដែល​ធ្វើតាម​ដំណើរ​ឆ្លងកាត់​អគារ​ខ្មោច​មួយ​នេះ បាន​និយាយ​ទាំង​ភ័យ​ខ្លាច​ថា រាល់ពេល​ដែល​ខ្ញុំ​ជិះ​កាត់​ស្តុប​ពេទ្យ​ចិន ខ្ញុំ​តែងតែ​ងើយ​មើល​អគារ Gold Tower 42 ដែល​ត្រូវបាន​គេបោះបង់​ចោល​រាប់​ខែ​ឆ្នាំ​ហើយ​។ អ្វី​ដែល​ខ្ញុំ​ងើយ​មើល មិនមែន​ខ្ញុំ​សោកស្ដាយ​ដែល​គេ​យក​អគារ​តម្លៃ​រាប់​លាន​ដុល្លារ​មក​បោះបង់​ចោល​ទេ គឺ​ខ្ញុំ​សម្លឹង​មើល​រន្ទារ​ដែក​ដែល​គេ​ចាប់​ជាប់​ជញ្ជាំង​អគារ​ដែល​នៅ​ជាន់​ខ្ពស់​ជាងគេ ហើយ​គិត​ថា បើ​ប៊ូឡុង (​ខ្ចៅ​) វា​ច្រែះ ពុកផុយ ហើយ​របូត​ធ្លាក់​មក​លើ​អ្នកដំណើរ​ដែល​ឈប់​ស្តុប​នឹង តើ​អ្នកណា​ទទួលខុសត្រូវ​។ តើ​អាជ្ញាធរ​សាលា​រាជធានី គាត់​មិន​ចាប់អារម្មណ៍ ឬ​គាត់​គិត​ថា​មិនមែន​ធ្លាក់​លើ​សាច់ឈាម​គាត់​? គួរ​ការពារ​ប្រសើរ​ជាង​ព្យាបាល ប្រយ័ត្ន​ដូច​ករណី​ដែក​រន្ទារ​អគារ​អូ​ឡាំ​ព្យ៉ា​ធ្លាក់​ស្លាប់​ស្ត្រី​ម្នាក់​ដែល​កូន​ឌុប​ដោយ​ម៉ូតូ​កន្លងទៅ​។ នេះ​គ្រាន់តែ​ជា​ការមើលឃើញ​របស់​ខ្ញុំ​ទេ ។ ខ្ញុំ​ពិតជា​មើល​ទៅ​ស្រៀវ​មែនទែន ខ្ពស់​ណាស់​ព្រះ​អើយ បើ​ដាច់​ឬ​របូត​ធ្លាក់​មក គ្មាន​វាចារ​នឹង​ថ្លែង​ទេ​។ សូម​មើល​រូប​ទៅ បើ​មិន​ជឿ ។ ហើយ​បើ​ចង់ដឹង​ច្បាស់​ជិះ​ម៉ូតូ​ទៅ​ឈប់​ស្តុប​នឹង​លេង​តិច​ទៅ​។ បំណងល្អ​ពី​ខ្ញុំ ដែល​មើល​ឃើញ​ម៉េច ថា​ចឹង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×