Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​រាជធានី មិន​អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ហែ​ក្បួន ដាក់​ញ​តិ្ត ក្នុងឱកាស​អបអរ​ទិវា​គ្រូបង្រៀន​ពិភពលោក​

spot_img

​ភ្នំពេញ​៖ ឆ្លើយតប​នឹង​សមាគម គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​គ្រោង​នឹង​ជួបជុំគ្នា​នៅ​សួនច្បារ​វត្តភ្នំ និង​បន្ត​ហែ​ក្បួន ដាក់​ញត្តិ ជូន​ក្រសួង អប់រំ យុវជន និង កីឡា និង ខុទ្ទកាល័យ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​នៅ ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨​ខាងមុខនេះ ដើម្បី​លើក​ឡើង​ពី​ស្ថានភាព គ្រូបង្រៀន និង​គុណភាព​គ្រូបង្រៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត ឲ្យមាន​ការជួបជុំ និង​ហែរ​ក្បួន​នេះ​ឡើយ ។​

​លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៥ កញ្ញា​នេះ បានបញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​មិន​បាន​អនុញ្ញាត ទៅ​តាម​អ្វី ដែល​មាន​នៅក្នុង លិខិត​ស្នើ​សុំ របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នោះទេ ។ លោក​អ្នកនាំពាក្យ បាន​មានប្រសាសន៍ថា “​ពួកគាត់ អាច​ជួបជុំគ្នា​បាន តែ​នៅ​ទីលាន​ប្រជាធិបតេយ្យ តែ​ចំពោះ​ការហែក្បួន គឺ​មិន​អនុញ្ញាត​នោះទេ ដោយ​វា​ធ្វើឲ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ និង​បង្ក​ការកកស្ទះ​ចរាចរ ដល់​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ នៅក្នុង​រាជធានី​ភ្នំពេញ ដូច្នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឡើយ​” ។​

​លោក ម៉េត មាស​ភក្តី បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ទាក់ទង​នឹង​ការហែក្បួន ដាក់​ញ​តិ្ត​នេះ រដ្ឋបាល​រាជធានី មិន​អនុញ្ញាត​ជូន​នោះទេ រួម​ទាំង​ការងារ​ជួបជុំ នៅ​សួនច្បារ​វត្តភ្នំ ព្រោះ​ថា​ទីតាំង​សួនច្បារ​នេះ មិនមែន​ជា​កន្លែង​ដែល​សម្តែង​មតិ​នោះ​ទេ ។ ដោយឡែក ការងារ​ហែ​ក្បួន ដើម្បី​ដាក់​ញ​តិ្ត​នេះ ក៏​មិន​អនុញ្ញាត​ជូន​ដែរ ព្រោះ​វា​ប៉ះពាល់ ដល់​សណ្តាប់ធ្នាប់​សាធារណៈ បង្កើន​ការកក់ស្ទះ ។ ដូច្នេះ​ការហែ​ក្បួន មិន​ត្រូវ​អនុញ្ញាត​ជូន​ទេ ប៉ុន្តែ​ពួកគេ​អាច​ចាត់​តំណាង របស់​គាត់​ប៉ុន្មាន​នាក់ យក​ញ​តិ្ត ទៅ​ដាក់​នៅ​តាម​ទីតាំង ដែល​គាត់​ចង់​ដាក់​បាន ហើយ​សម្រាប់​ទីតាំង ដែល​យើង​អាច អនុញ្ញាត​ឲ្យ​ជួបជុំ គឺ​យើង​អាច​ប្រើ​ទីលាន​ប្រជាធិបតេយ្យ ព្រោះនេះ ត្រូវបាន​កំណត់​ដោយ​ច្បាប់ ថា​ជា​កន្លែង​ទុក​សម្រាប់ បងប្អូន​យើង​សម្តែង​មតិ ។​

​លោក ម៉េត មាស​ភក្តី បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា “​ការឆ្លើយតប​នេះ គឺជា​ជំហរ​របស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំ​ព​ញ​”​។​

​លោកស្រី អ៊ុក ឆាយ៉ា​វី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​អះអាង​ថា ក្នុង​ញ​តិ្ត​នោះ មាន​គោលបំណង ទាមទារ​ជា​ថ្មី​ម្តង​ទៀត ឲ្យ​ក្រសួង​និង​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ ប្រាក់ខែ​គោល​ដល់​លោកគ្រូ អ្នកគ្រូ យ៉ាងតិច​២​លាន​រៀល​ក្នុង​មួយ​ខែ​។

​ចំណែក​លោក​រ៉ុង ឈុន ជា​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​អំពាវនាវ​ដល់​លោកគ្រូ អ្នកគ្រូ សិ​ស្យ និស្សិត យុវជន និង​ប្រជាពលរដ្ឋ សូម​ចូលរួម​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ថ្ងៃ​ទី​៥ ខែតុលា នេះ ឲ្យបាន​ច្រើន​កុះករ ។​

​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ធ្វើ​លិខិត​ជូនដំណឹង ទៅ​សាលា​រាជធានី​ភ្នំពេញ ស្តីពី​ការរៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៨ ខាងមុខនេះ នៅ​សួនច្បារ​វត្តភ្នំ ដោយ​មាន​ការចូលរួម​ចំនួន ១៥០​នាក់​។​

យោងតាម​លិខិត​របស់​លោកស្រី អ៊ុក ឆាយ៉ា​វី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដាក់​ទៅ​លោក​ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា បានឲ្យដឹងថា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នឹង​រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​៨​ព្រឹក នៅ​សួនច្បារ​វត្តភ្នំ​។ ទិវា​គ្រូបង្រៀន​ពិភពលោក​ឆ្នាំនេះ លើកយក​ប្រធានបទ “​សិទ្ធិ​ទទួលបាន​ការអប់រំ និង​សិទ្ធិ​ទទួលបាន​គ្រូបង្រៀន​មាន​គុណភាព​” និង​មាន​ការចូលរួម​សមាជិក សមាជិកា​សមាគម លោកគ្រូ អ្នកគ្រូ យុវជន សិស្ស និស្សិត សហជីព អង្គការ​សង្គម​ស៊ីវិល អន្តរជាតិ និង​ប្រជាជន​សរុប​យ៉ាងតិច ១៥០​នាក់​។​

លោកស្រី អ៊ុក ឆាយ៉ា​វី បានបញ្ជាក់​ថា ពិធី​អបអរ​ទិវា​គ្រូបង្រៀន​ពិភពលោក នឹង​ដង្ហែ​ក្បួន​ចេញពី​សួនច្បារ​វត្តភ្នំ ដើម្បី​ដាក់​ញត្តិ​ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី បន្ទាប់​មក​ពី​ធី​នេះ នឹង​ប្រកាស​បិទ​៕ ដោយ​ ៖ ​កូឡាប​

  

spot_img
×