Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ជំរុញ​អោយ​ក្រុម​គ្រូពេទ្យ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​បំរើសេវា​សុខាភិបាល​ជូន​ដល់​ពលរដ្ឋ​ពិសេស​ពលរដ្ឋ​ក្រីក្រ​

spot_img

​តាកែវ​ ៖ ថ្លែង​នៅក្នុង​ពិធី​កាត់​ខ្សែបូរណ៏​សម្ភោធ​ដាក់អោយ​ប្រើប្រាស់​នៅ​អាគារ​មណ្ឌល​ផ្តល់​ឈាម និង​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ​នា​ព្រឹក​ថ្ងៃទី ២៥ ខែ​កញ្ញា ២០១៨​នេះ ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បានធ្វើការ​ជម្រុញ​អោយ​ក្រុម​គ្រូពេទ្យ​បន្ត​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​បំរើសេវា​សុខាភិបាល​ជូន​ដល់​ពលរដ្ឋ ពិសេស​ពលរដ្ឋ​ក្រីក្រ តែម្តង ។

​ការ​ជម្រុញ​នេះ​គឺ​គ្រាន់តែ​ជា​ការ​ក្រើនរំលឹក​ដល់​មន្ត្រី​សុខាភិបាល យើង​ត្រូវ​ប្រើប្រាស់​ឲ្យអស់​លទ្ធភាព នូវ​ចំណេះដឹង និង​ចំណេះ​ធ្វើ​របស់ខ្លួន ដោយ​អនុវត្ត​ឲ្យបាន ខ្ជាប់ខ្ជួន និង​ត្រឹមត្រូវ​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ នូវ​រាល់​ពេល​បំពេញ​កតព្វកិច្ច​សង្គ្រោះ ថែទាំ​អាយុជីវិត​ប្រជាជន​យើង ដោយ​អនុវត្ត តាម​អនុសាសន៍ និង​ការណែនាំ​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជ​រដ្ឋា​កម្ពុជា គឺ “​ត្រូវ​ផ្ដល់​សេវា​សិន​ចាំ​គិតគូរ​ការបង់ថ្លៃ សេវា ជា​ក្រោយ​” ។

ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បាន​សម្ដែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ប្រជាពលរដ្ឋ​អាមេរិក ដែល​បាន​ផ្ដល់​អាគារ ដ៏​មាន​សារៈសំខាន់​នេះ ដែល​ជា​គុណប្រយោជន៍ ដល់​ប្រជាជន​ក្នុង​ខេត្ត​តាកែវ ក្នុង​ការទទួលបាន សេវា​ផ្ដល់​ឈាម​គ្រប់គ្រាន់ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​ពលរដ្ឋ បាន​ទាន់ពេលវេលា ។ ហើយ​ជំនួយ​មួយ​នេះ គឺ​បាន​ឆ្លើយតប​ទៅ និង​សេចក្ដីត្រូវកា​ជា​ចាំបាច់​របស់​ប្រជាជន​កម្ពុជា ជា​ពិសេស​ប្រជាជន​ក្នុង ខេត្តតាកែវ និង​តំបន់​ជុំវិញ ស្រប​តាម​យុទ្ធសាស្ត្រ របស់​ក្រសួង​សុខាភិបាល​ផងដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​នៅក្នុង​ខេត្ត​តាកែវ​យើង មាន​មន្ទីរពេទ្យ​បង្អែក មណ្ឌល​សុខភាព ប៉ុស្ដិ៍​សុខភាព អគារ​សម្ភព ដែល​បាន​ដាក់ឲ្យ​ប្រើប្រាស់​រហូត ដល់​ទី​ជនបទ​ដាច់​ស្រ​យ៉ាល ។ ហើយ​អគារ​មជ្ឈមណ្ឌល​ឈាម ដែល​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​និង​ចំណាយ​ថិ​វ​ការ​អស់ ជាង​៨០​ម៉ឺន​ដុល្លារ​នេះ គឺជា​សមិទ្ធិផល​ថ្មី​មួយ​បន្ថែម​ទៀត ដើម្បី​បម្រើ​សេវា​ជួយ​សង្គ្រោះបន្ទាន់​ដល់​អ្នក​ជម្ងឺ​ផ្សេងៗ ដែល​ត្រូវការ ឈាម​ពិសេស​ជួយសង្គ្រោះ​ស្ដ្រី និង​កុមារ ក្នុងនោះ​គឺ​ការកាត់បន្ថយ​អត្រា​ឈឺ អត្រា​ស្លាប់​របស់​មាតា ទារក និង​កុមារ​ផងដែរ ។​
​ទទឹម​និង​នោះ​ដែរ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា អាគារ​ផ្ដល់​ឈាម និង​មន្ទីរពិសោធន៍​នេះ ចាប់ពី​ពេល​បើក​ដំណើរការ​នេះ​តទៅ ពិតណាស់ និង​អាច​ជួយ​សំរាល​ការលំបាក​មួយ​កម្រិត​ធំ ដល់​ប្រជាពលរដ្ឋ​យើង​ក្នុង​តំបន់​នេះ ក្នុង​ការស្វែងរក​ទទួល​សេវា​ផ្ដល់​ឈាម យ៉ាង​ទូលំទូលាយ​៕ តាកែវ​

 

spot_img
×