Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ថ្ងៃ​តែមួយ មាន​ស្ត្រី​ពីរ​នាក់ សម្រាលកូន​តាម​ដងផ្លូវ ពេល​ធ្វើដំណើរ​ទៅកាន់​មណ្ឌល​សុខភាព​

spot_img

​កំពង់ធំ​- បាត់បំដង​៖ មាន​ករណី​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ពីរ​នាក់ ក្នុង​ថ្ងៃ​តែមួយ ស្ថិត​ក្នុង​ទីកន្លែង​ផ្សេងគ្នា បាន​សម្រាលកូន​តាមផ្លូវ ខណៈ​ពេល​ប្តី​ឌុប​ម៉ូតូ​ទៅ​មណ្ឌល​សុខភាព ហើយ​ត្រូវបាន​ក្រុម​គ្រូ​ជួយសង្គ្រោះ​បាន​ទាន់ពេលវេលា ។​

​ក្នុង​ករណី​ទី​១ គឺ​នៅ​យប់​ថ្ងៃ​ទី ២៤ ខែ កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ៣ និង ៤៥​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​ទី​២៥ ខែ កញ្ញា ឆ្នាំ​២០១៨ ក្នុងពេល​ដែល​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង សហការ​ជាមួយ​កង​ប្រជា​ការពារ កំពុង​ល្បាត​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​បាន​ប្រទះឃើញ ស្ត្រី​ម្នាក់ ដែល​គាត់​មាន​អការ​ឈឺពោះ​សម្រាលកូន​តាម​ដងផ្លូវ​ដោយ​ពុំមាន​បងប្អូន​ឬ​ញាតិមិត្ត​នៅ​ជាមួយ​ឡើយ ស្ត្រី​រូប​នោះ​មាន​ឈ្មោះ​ស៊ូ សម្បត្តិ អាយុ ២៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ ភ្នំ​១០០ ឃុំ ត្រា​ង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ។​

​ក្នុង​ស្ថានភាព​បែប​នេះ​កម្លាំង​នគរបាល រួម​ជាមួយ​កង​ប្រជា​ការពារ បាន​រាយការណ៍​ទៅ​មន្ត្រី​ប្រចាំការ នៅ​មណ្ឌល​សុខភាព​ឃុំ​ត្រា​ង ស្រុក​កំរៀង ចុះ​មក​ដល់​ទីកន្លែង ដើម្បី​ជួយ​សម្រួល ដល់​ការ​សម្រាល​របស់​ស្ត្រី​ខាងលើ ទាំង​ម្តាយ​និង​កូន ប្រកបដោយ​សុវត្ថិភាព​ហើយ​នគរបាល​បាន​ដឹកនាំ​ពួកគាត់ ទៅ​កាន់​មណ្ឌល​សុខភាព​ត្រាង ក្នុង​ពេល​នោះ​ផង​ដែរ​។​

​ចំណែក​ករណី​ទី​២ គឺ​ស្ត្រី​ម្នាក់​បាន​ឈឺពោះ​ឆ្លងទន្លេ ប្តី​ឌុប​តាម​ម៉ូតូ​ទៅ​មណ្ឌល​សុខភាព តែ​ទៅ​មិនទាន់​ដល់ ក៏​បាន​ឆ្លងទន្លេ​តាមផ្លូវ​តែម្ដង កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅតាម​ផ្លូវ​ពី​ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ ទៅ​កាន់​មណ្ឌល​សុខភាព​សណ្តាន់ ខេត្ត​កំពង់ធំ​។ ស្ត្រី​ដែល​មាន​ផ្ទៃពោះ​គ្រប់​ខែ​ឆ្លងទន្លេ​តាមផ្លូវ​ឈ្មោះ អ៊ុ ផាន អាយុ​២៧​ឆ្នាំ មាន​ប្ដី​ឈ្មោះ ភូមិ ផន អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ជាំ​ស្វាយ ឃុំ​មាន​រិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ​។​

​បើ​យោង​តាម​បុរស​ជា​ប្តី​និយាយថា ភរិយា​របស់​លោក​មាន​ផ្ទៃពោះ​គ្រប់​ខែ តែ​មិនដឹងថា​ត្រូវ​សម្រាល​នៅពេលណា លុះ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ប្រពន្ធ​របស់​គាត់​ប្រាប់​គាត់​ថា នាង​ឈឺពោះ​ហើយ ឮ​ដូច្នោះ​រូបគាត់​ជា​ប្តី​ក៏​ប្រញាប់​ឌុប​ប្រពន្ធ​ដោយ​ម៉ូតូ ក្នុង​គោលបំណង​យក​នាង​ទៅ សម្រាលកូន​នៅឯ​មណ្ឌល​សុខភាព​សណ្តាន់​។ នៅពេល​កំពុង​ជិះ​ម៉ូតូ​មកដល់​ពាក់កណ្តាល​ផ្លូវ ត្រង់​ចំណុច​អូរ​ពក​សាមគ្គី ឃុំ​មាន​រិទ្ធ ដោយសារ​តែ​ផ្លូវ​ពិបាក​ពេក ខ្លាច​ដួល​ព្រោះ​ផ្លូវ​រអិល ក៏​បាន​ឈប់​ម៉ូតូ​ឲ្យ​ប្រពន្ធ​ចុះ​ដើរ​តិចៗ​។ ពេល​នាង​ដើរ​បាន​មួយសន្ទុះ នាង​ថា​ឈឺពោះ​ខ្លាំងណាស់ ទ្រាំ​មិន​បាន​ទេ គាត់​ក៏​ដាក់​ឲ្យ​ប្រពន្ធ​សម្រាក​នៅ​ក្រោម​ដើមឈើ ក៏​ឆ្លងទន្លេ​បាន​កូនប្រុស​ម្នាក់​តាមផ្លូវ ទើប​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​អ្នកភូមិ ដែល​នៅ​ជិត​នោះ នាំគ្នា​រត់​មក​ចោមរោម​មើល និង​ជួយ​សង្គ្រោះ​ស្ត្រី​កូនខ្ចី​នេះ​។​

​អ្នកខ្លះ​បាន​ទូរស័ព្ទ​ប្រាប់​លោក​អភិបាលស្រុក បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ លោក ឡ​ង គឺ​សឹង អភិបាល​ស្រុក​សណ្តាន់ ក៏​បាន​ឲ្យ​ខាង​រថយន្ត​សង្គ្រោះ​របស់​មណ្ឌល​សុខភាព​សណ្តាន់ និង​ក្រុមគ្រូពេទ្យ ទៅ​ជួយ​អន្ដរាគមន៍ ដឹក​យក​មក​ជួយ​សង្គ្រោះ នៅ​មណ្ឌល​សុខភាព​ស្រុក​សណ្ដាន់ ។​

​លោក​អភិបាលស្រុក បាន​ផ្តាំផ្ញើ​ដល់​អ្នក​ទាំង​ពីរ​ត្រូវ​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ លើក​ក្រោយៗ​នៅពេលដែល​មាន ផ្ទៃពោះ​ទៀត ត្រូវតែ​មក​ពិនិត្យ​ផ្ទៃពោះ​ឲ្យបាន​ត្រឹមត្រូវ និង​ទៀងទាត់​ពេលវេលា និង​បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ដែល​បាន​ទូរស័ព្ទ​មក​ប្រាប់​ដល់​រូប​លោក​ឲ្យបាន​ដឹង និង​ជួយ​សង្គ្រោះ​បាន​ទាន់ពេលវេលា​។​

​ពីរ​នាក់​ប្តី​ប្រពន្ធ​ប្រាប់ថា ចាប់តាំងពី​មាន​ផ្ទៃពោះ​ពេលណា​មក ដោយសារតែ​ជីវភាព​ក្រីក្រ ពួកគេ​មិន​ដែល​បាន​នាំ​ប្រពន្ធ​មក ពិនិត្យ​ផ្ទៃពោះ​ម្តង​ណា​ទេ​៕ ​ដោយ​៖​កូឡាប​

   

spot_img
×