Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុង​ការចូលរួម​ផ្សព្វផ្សាយ​ពី​ការប្រែប្រួល​អាកាសធាតុ​កាន់តែ​ទូលំទូលាយ​

spot_img

​តាកែវ ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​បរិស្ថាន បានចាត់ទុក​យុវជន​គឺជា​កម្លាំងចលករ​ដ៏​សំខាន់ និង​មាន​ប្រសិទ្ធិភាព​បំផុត​ក្នុង​ការចូលរួម​ចំណែក​លើ​ការផ្សព្វផ្សាយ ពី​ការប្រែប្រួល​អាកាសធាតុ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​ពី​អាកាសធាតុ​កាន់តែ​ទូលំទូលាយ​ថែមទៀត ។​

ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​យុវជន​ប្រមាណ​ជាង​២០០​នាក់ ដែល​បាន​ចូលរួម​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​សម្រាប់​យុវជន​ខេត្តតាកែវ ដែល​រៀបចំឡើង​ដោយ​ក្រសួង​បរិស្ថាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៦​ខែ​កញ្ញា ឆ្នាំ​២០១៨ នៅឯ​សណ្ធាគារ​អាលីស​វិឡា ស្ថិត​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ លោក ម៉ា ច័ន្ទ​សទ្ធា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល ផែនការ និង​ហិរញ្ញវត្ថុ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ អភិវឌ្ឍ​ដោយ​ចីរភាព បាន​មានប្រសាសន៍ថា ជា​ការពិត​ណាស់ ការចូលរួម និង​ការយល់ដឹង​ពី​សំណាក់​ក្រុមយុវជន​តាមរយៈ​សិក្ខាសាលា​ប្រែប្រួល​អាកាសធាតុ​នេះ វា​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ដែល​អាច​ឲ្យ​យុវជន​បាន​យល់ដឹង​កាន់តែច្បាស់​ពី​កត្តា​អ្វីខ្លះ​ដែល​នាំឲ្យ​មាន​ការប្រែប្រួល​អាកាសធាតុ និង​វិធានការ​ទប់ស្កាត់​ចំពោះ​ការប្រែប្រួល​អាកាសធាតុ ពិសេស​លើ​ការងារ​អប់រំ​ផ្សព្វផ្សាយ​ដល់​មហាជន ។​

លោក ម៉ា ច័ន្ទ​សទ្ធា បន្តថា តាមរយៈ​ការចូលរួម​សិក្ខាសាលា​នេះ យុវជន​នឹង​ចូលរួម​យ៉ាង​សកម្ម​និង​ផុលផុស​ថែមទៀត ពិសេស​គឺ​អាច​ជួយ​បំពេញការងារ​ផ្សព្វផ្សាយ និង​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​ពី​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ ពិសេស​សកម្មភាព​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ត្រូវតែ​ចូលរួម​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​កាន់តែ​ច្បាស់​ថែម​ទៀត និង​ចូលរួម​ទាំងអស់គ្នា ។​

ជាមួយគ្នានេះដែរ លោក ម៉ា ច័ន្ទ​សទ្ធា ក៏​បាន​ធ្វើ​ការលើកទឹកចិត្ត​ដល់​យុវជន​ទាំងអស់ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ឥរិយាបទ​ឧស្សាហ៍​ព្យាយាម​សិក្សា​រៀនសូត្រ និង​ជា​ពិសេស​ចូលរួម​ស្វែង​យល់​ឲ្យបាន​ស៊ីជម្រៅ​ពី​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ ដែល​ជា​បញ្ហា​ចម្បង​មួយ​របស់​ពិភពលោក នា​ស​.​វ​ទី​២១​នេះ ហើយ​ប្រែក្លាយ​ឧបសគ្គ​ឲ្យទៅ​ជា​កាលានុវត្តភាព​មួយ​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រឹងមាំ និង​ប្រកបដោយ​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ទៅ​ថ្ងៃ​អ​នា​គត់ ។​

យុវតី ភេ​ន គីម​ស្រ៊ុន បានបង្ហាញ​ចំណាប់​អារម្មណ៍​ថា សិក្ខាសាលា​នេះ វា​ពិតជា​ធ្វើឲ្យ​យុវជន​កាន់តែ​យល់ដឹង​ច្បាស់អំ​ពី​បញ្ហា និង​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ក៏​ដូចជា​វិធានការ​នៃ​ការទប់ស្កាត់​ពី​ការកាប់បំផ្លាញ​ព្រៃឈើ ដែល​កើតចេញ​ពី​សកម្មភាពរ​បស់​មនុស្ស​នាំ​ឲ្យ​ខូច​បរិស្ថាន ពិសេស​នោះ​ខ្ញុំ​នឹង​ប្តេជ្ញា និង​ធ្វើ​ការផ្សព្វផ្សាយ​ពី​ការការពារ​បរិស្ថាន​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​ដល់​មិត្តភ័ក្ត បងប្អូន ក៏​មហាជន​ទូទៅ​ឲ្យ​យល់ដឹង​កាន់តែច្បាស់​ពី​បរិស្ថាន និង​នាំគ្នា​ចូលរួម​ទប់ស្កាត់ ការពារ​នូវ​បរិស្ថាន​នៅ​ក្នុង​ប្រទេស​របស់​យើង​ឲ្យ​ល្អ​ស្អាត ៕​ តាកែវ​

spot_img
×