Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​អគ្គីភ័យ​ឆេះ​ផ្ទះ​ចំនួន ២ គ្រួសារ នៅ​ស្រុក​ស្វាយទាប​ ទទួលអំណោយកាកបាទក្រហមកម្ពុជា

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ពុធ ២​រោជ ខែ​ភទ្របទ ឆ្នាំច សំរិ​ទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ បាន​ចាត់​ឲ្យ​ក្រុម​ការងារ​សាខា ដឹកនាំ​ដោយ លោកស្រី ពៅ សុភាព ហេរ​ញ្ញឹក​គណៈកម្មាធិកា​រ​សាខា ទៅសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​ចែកជូន​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​អគ្គីភ័យ​ឆេះ​ផ្ទះ​ចំនួន ២ គ្រួសារ ១ ឈ្មោះ សេក សា​ភឿន ជា​ស្ត្រី​មេម៉ាយ នៅ​ភូមិ​អង្គ្រង ឃុំ​ស្វាយ​រំ​ពា ស្រុក​ស្វាយទាប រងគ្រោះ​កាលពី​ថ្ងៃ​ទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ បណ្តាលមកពី​ផ្ទុះ​កំប៉ុង​ហ្គាស ពេល​ដាំ​បាយ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ទាំងស្រុង រួម​នឹង​សម្ភារៈប្រើប្រាស់ ២ ឈ្មោះ ភោគ រ៉ា ភេទ​ស្រី នៅ​ភូមិ ព្រៃ​តាធឹក ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប ​រងគ្រោះ​កាលពី​ថ្ងៃ​ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ បណ្តាលមកពី ដាំ​បាយ​នៅ​ជិត​ពំនូកចំបើង​ធ្វើឲ្យ​ឆាបឆេះ​ផ្ទះ​ទាំងស្រុង រួម​នឹង​សម្ភារៈប្រើប្រាស់ ។​

​ក្នុងឱកាស​នោះ លោកស្រី ពៅ សុភាព ហេរ​ញ្ញឹក​គណៈកម្មាធិកា​រ​សាខា តំណាង​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តីអាណិតអាសូរ និង​ការសោកស្តាយ ចំពោះ​ឧបទ្ទវហេតុ​ដែល​បាន​បំផ្លាញ​លំនៅដ្ឋាន និង​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​រងគ្រោះ​នាពេលនេះ ។

​ជាមួយគ្នានេះ លោកស្រី ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​ភ្លើង និង​ចរន្តអគ្គិសនី ដែល​ជា​ប្រភព​នៃ​គ្រោះថ្នាក់ ជៀសវាង មាន​គ្រោះ​អគ្គីភ័យ​កើតឡើង​ជា​យថាហេតុ ។

​អំណោយ​ដែល​បាន​ចែក​ជូន​ទាំង ២ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៥០ គ​.​ក្រ កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ សម្លរ ២ កន្ទេល​បត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រ​ម៉ា ១ សារុង ១ ថវិកា ៤០០,០០០ រៀល ៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×