Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះអញ្ជើញ លោក សួន សេរី​រដ្ឋា ក្រោយ​ធ្វើលិខិត​សុំ​អន្តរាគមន៍​ពី​ក្រសួង​មហាផ្ទៃ​

spot_img

​ភ្នំពេញ​ ៖ លោក​ប្រាក់ សំអឿន អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​កោះអញ្ជើញ លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ឲ្យចូល​រួម​ប្រជុំ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​។ ការអញ្ជើញ​មក​ប្រជុំ​នោះ យោងតាម​លិខិត​របស់​លោក​សួន សេរី​រដ្ឋា ដែល​បាន​ធ្វើ​ស្នើសុំ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ស្នើសុំ​ប្រកាស​និរាករណ៍ ឯកសារ លិខិតស្នាម ក្លែងក្លាយ​របស់ សួង សុភ័ណ្ឌ និង​បក្ខពួក ហើយ​ចាត់វិធានការ​ច្បាប់ តឹងរ៉ឺង​ប្រឆាំង​នឹង​ក្រុម​ក្លែងប​ន្លំ​ឯកសារ​នេះ​។​

​យោងតាម​លិខិត​អញ្ជើញ​របស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា សូម​អញ្ជើញ​លោក សួន សេរី​រដ្ឋា ដើម្បី​ចូលរួម​ប្រជុំ អំពី​ពាក្យ​ស្នើសុំ​អន្តរាគមន៍​មក​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​នឹង​ការដឹកនាំ​គណបក្ស​អំណាច​ខ្មែរ ចុះ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨​។ កាលបរិច្ឆេទ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥៖០០​រសៀល​។​

​ក្រុម​សមាជិក​គណៈ​អចិន្ត្រៃយ៍ សមាជិក​ក្រុមប្រឹក្សា​តំណាង​ខេត្ត​-​រាជធានី នៃ​គណបក្ស​អំណាច​ខ្មែរ បាន​លើកឡើង​ថា លោក សួន សេរី​រដ្ឋា មិន​បាន​លែ​លែង​ពី​ដំណែង​ប្រធាន​គណបក្ស ដូចដែល​លោក​សួង សុភ័ណ្ឌ បាន​ភូត​កុហក និង​បាន​ធ្វើលិខិត​លាលែង​ក្លែងក្លាយ បន្លំ​ហត្ថលេខា​លោក​ប្រធាន សួន សេរី​រដ្ឋា ដើម្បី​ធ្វើ​សមាជ​វិសាមញ្ញ​លួច​ប្លន់​យក​គណបក្ស​អំណាច​ខ្មែរ ទៅ​គ្រប់គ្រង​។​
​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​លោក ប៊ែន សាប អតីត​អនុប្រធាន​គណបក្ស​អំណាច​ខ្មែរ ឲ្យទៅ​ចូលរួម​ប្រជុំ នៅ​ថ្ងៃ​ទី​២៧​កញ្ញា អំពី​លិខិត​ស្នើ​សុំ​អន្តរាគមន៍ ពាក់ព័ន្ធ​នឹង​ការ​ក្លែង​លិខិត​លាលែង​ពី​តួនាទី ជា​អនុប្រធាន​គណបក្ស​អំណាច​ខ្មែរ​របស់​លោក​។​

​សូមជម្រាបថា កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្រុម​សមាជិក​គណៈ​អចិន្ត្រៃយ៍ សមាជិក​ក្រុមប្រឹក្សា​តំណាង​ខេត្ត​-​រាជធានី នៃ​គណបក្ស​អំណាច​ខ្មែរ បាន​ស្នើ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និរាករណ៍ ឯកសារ លិខិត​​ស្នាម ក្លែងក្លាយ​របស់ លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ថ្មី និង​បក្ខពួក ដែល​បាន​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ នា​ពេល​កន្លង​ទៅ ដោយ​ចោទ​ថា អ្វីដែល លោក សួង សុ​ភណ្ឌ និង​បក្ខពួក ដាក់​ជូន​ក្រសួង​មហាផ្ទៃ ជា​ល្បិច​ដើម្បី​គ្រប់គ្រង​គណបក្ស​នេះ​ទាំងមូល​។​

​ក្នុង​លិខិត​ស្នើ​ទៅ​សម្តេច​ក្រឡាហោម ស ខេង ក្រុម​សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណបក្ស​អំណាច​ខ្មែរ បាន​អះអាង​ថា ពួកគេ​នៅតែ​ទទួលស្គាល់ លោក សួន សេរី​រដ្ឋា ជា​ប្រធាន​ដឹកនាំ​ស្របច្បាប់​របស់ គណបក្ស​អំណាច​ខ្មែរ​ដដែល​។​

​ក្រុម​សមាជិក​អចិន្ត្រៃយ៍​នៃ​គណបក្ស​សំខាន់​មួយ​នេះ បាន​ចាត់ទុកថា លោក សួង សុភ័ណ្ឌ បាន​ភូត​កុហក​របស់​ពួកគេ ដោយ​ធ្វើ​លិខិត​លាលែង​ក្លែងក្លាយ បន្លំ​ហត្ថលេខា​លោក​សួន សេរី​រដ្ឋា ដើម្បី​ធ្វើ​សមាជ​វិសមញ្ញ លួច​ប្លន់​យក​គណបក្ស​អំណាច​ខ្មែរ​ទៅ​គ្រប់គ្រង​។

ជាមួយ​​នឹង​ការស្នើ​បែបនេះ ក្រុម​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​អំណាច​ខ្មែរ ក៏​បាន​ស្នើ​សម្តេច​ក្រឡាហោម ចាត់​វិធានការ​ចំពោះ លោក សួង សុភ័ណ្ឌ និង​បក្ខពួក ទៅ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​។​

​កាលពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ អនុប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក ប៉ែន ស៊ា​ប ក៏​បាន​ធ្វើលិខិត​មួយ​ជូន​សម្តេច​ក្រឡាហោម ស ខេង ដើម្បី​ឱ្យ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច្ច័យ​ចំពោះ​លិខិត​លាលែង ពី​បក្ស​របស់​លោក​ដែល​ត្រូវបាន លោក សួង សុភ័ណ្ឌ ដាក់​ទៅ​ក្រសួងមហាផ្ទៃ នា​ពេល​កន្លង​ទៅ​។​

​សម្រាប់​លោក ប៉ែន ស៊ា​ប​, លិខិត​លាលែង​របស់​លោក​ដែល​លោក សួង សុភ័ណ្ឌ បាន​ដាក់​ទៅ​ក្រសួងមហាផ្ទៃ កន្លងទៅ​គឺ​ជា​លិខិត​ក្លែងក្លាយ ដែល​ត្រូវបាន​គេ​បន្លំ ហត្ថលេខា​របស់​លោក ហើយ​លោក​ក៏​មិន​ដែល​បាន​លាលែង​ពី តួនាទី​ជា​អនុប្រធាន​គណបក្ស​ឡើយ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

​ថ្ងៃនេះ សមាជិក​ស្ថាបនិក សមាជិក​ក្រុមប្រឹក្សា​នយោបាយ (​គណៈអចិន្ត្រៃយ៍​) សមាជិក​ក្រុមប្រឹក្សា​ខេត្ត រាជធានី (​គណៈនាយក​) បាន​សម្រេច​បញ្ជូន​លិខិត​រួមមួយ ជូន​ក្រសួង​មហាផ្ទៃ ។

  

spot_img
×