Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកឃ្លាំមើល​សង្គម​រំពឹង​ថា សាលាដំបូង​ខេត្ត​ព្រះសីហនុ នឹង​ដោះ​លែង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​៤​នាក់ ដែល​ត្រូវ លោក​ឧកញ៉ា តាន់ តាត់ និង​ឡុង វណ្ណៈ ប្តឹង​តុលាការ​ចាប់​ដាក់គុក​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ អ្នកឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម រំពឹងថា សាលាដំបូង​ខេត្ត​ព្រះសីហនុ នឹង​ផ្តល់​យុត្តិធ៌ម​ជូន​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ៤​នាក់ ដែល​ត្រូវ​ឈ្មួញ​មាន​ទ្រព្យ និង​មាន​អំណាច​ប្តឹង​តុលាការ​ចាប់​ដាក់​ពន្ធនាគា​រ​ជាង ៣​ខែ​កន្លង​មក​ហើយ នឹង​អាច​ត្រូវ​តុលាការ​ដោះលែង​ពី​ពន្ធនាគារ ឲ្យមាន​សេរីភាព​វិញ ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​។

​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី នៅ​សហគមន៍​អូរ​ខ្សាច់ រស់នៅ​ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ មានជំនឿថា សាលាដំបូង​ខេត្ត​ព្រះសីហនុ នឹង​ផ្តល់​យុត្តិធម៌ ហើយ​ទម្លាក់ចោល​ការចោទប្រកាន់ ព្រមទាំង​ដោះលែង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន​៤​នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ ប្តឹង​ដោយ លោក​ឧកញ៉ា តាន់ តាត់ និង​លោក ឡុញ វណ្ណៈ អ្នក​មាន​ទ្រព្យ​ដ៏​ល្បី​នៅ​ខេត្ត​ព្រះសីហនុ ឲ្យមាន​សេរីភាព​វិញ​ឆាប់ៗ​នេះ​។​

​ក្តីរំពឹង របស់​មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្ល នៅ​សហគមន៍​អូរ​ខ្សាច់​ដូច្នេះ កើតឡើង​ក្រោយ​ពេល សាលា​​ដំបូង​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​លើកយក​សំណុំរឿង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន​៤​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​មក​បើកសវនាការ​។​

​ពលរដ្ឋ​ទាំង​៤​នាក់​នោះ រួមមាន ៖ លោកស្រី ឡុច ទូច តំណាង​សហគមន៍​អូរ​ខ្សាច់ លោក ញ៉ាញ់ ជាតិ លោក មែន ខេន និង​លោក កៅ ហេង ដែល​ត្រូវបាន លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បញ្ជា​កម្លាំង​កង​រាជ​ក្រោម​ឱ​ចា​ទ​ចុះ ចាប់ខ្លួន​បញ្ជូន​​ទៅកាន់ សាលាដំបូង​ខេត្ត​ព្រះសីហនុ ហើយ​ត្រូវបាន​តុលាការខេត្ត​នេះ ចោទប្រកាន់ និង​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ចោទ​ពីបទ “​ជន​ប្រើ​អំពើហឹង្សា​លើ​អ្នកកាន់កាប់​អចលន​វត្ថុ​ដោយ​សុចរិត​” កាលពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​វិវាទ​ដីធ្លី​ខាងលើ​នេះ ប្តឹង​ដោយ លោក​ឧកញ៉ា តាន់ តាត់ និង​លោក ឡុញ វណ្ណ​: ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នក​មានទ្រព្យ និង​មាន​អំណាច​ដ៏​សម្បើម​នៅ​ខេត្ត​ព្រះសីហនុ​។​

​ទាក់ទិន​បញ្ហា​នេះ អ្នកស្រី ជាប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​តាមឃ្លាំមើល​ដំណើរការ​សវនាកា​រកា​លពី​ព្រឹក​មិញ​នេះ មានជំនឿថា សាលាដំបូង​នឹង​ផ្តល់​យុត្តិធ៌ម​ជូន​ប្រជាពលរដ្ឋ ៤​នាក់ កំពុង​ជាប់​ពន្ធនាគារ ដែល​មាន​ដើមបណ្តឹង​ឈ្មោះ តាន់ តាត់ និង​ឡុញ វណ្ណៈ​។

​អ្នកស្រី សុធា​រី បាន​គាំទ្រ​នីតិវិធី របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​ផ្តល់​ឱកាស​ដល់​ជន ជាប់ ចោទ​ទាំង ៤​នាក់ បាន​ឆ្លើយបំភ្លឺ​រាល់​ការចោទប្រកាន់ របស់​ដើមបណ្តឹង គឺ​លោក​ឧកញ៉ា តាន់ តាត់ និង​លោក ឡុញ វណ្ណៈ បាន​ទូលំទូលាយ​។

​អ្នកស្រី ជាប សុធា​រី​៖«​ព្រឹក​មិញ​នេះ​ឃើញថា ទាំង​លោក​ចៅក្រម​ជំនុំ​ជំ​រះ និង​លោក​ព្រះរាជអាជ្ញា​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការសាកសួរ​ដេញដោល ហើយ​បាន​ផ្តល់​ឱកាស​ជនជាប់ចោទ​បាន​ឆ្លើយ និង​ផ្តល់​ឱកាស​ឲ្យ​មេធាវី ជនជាប់ចោទ​ទាំង​៤​នាក់ អាច​សាកសួរ​ទៅ​ជនជាប់ចោទ ដែល​ជា​កូនក្តី របស់ខ្លួន ដើម្បី​ដោះ​បន្ទុក រាល់​ការចោទប្រកាន់​ទាំងឡាយ​។ សម្រាប់​ខ្ញុំ​ដែល​បាន​ចូលរួម​ស្តាប់​ដំណើរការ នៃ​សវនាការ​កាលពី​ព្រឹក​មិញ យើង​ឃើញថា ដំណើរការ​សវនាការ​នេះ គឺ​មាន​លក្ខណៈ​ល្អ និង​មាន​ក្តីសង្ឃឹម​ថា រាល់​ចម្លើយ ហើយ​នឹង​រាល់​ឯកសារ ដែល​ជនជាប់ចោទ​ទាំង​៤​នាក់ បាន​ដាក់ជូន​ទៅ​លោក​ចៅក្រម និង​លោក​ព្រះរាជអាជ្ញា លោក​នឹង​យកចិត្តទុកដាក់​ក្នុង​ការស្រាវជ្រាវ​បន្ថែមទៀត​»​។

​សវនាការ​ខាងលើនេះ ក្រុមគ្រួសារ របស់​លោកស្រី ឡុច ទូច និង​ប្រជាពលរដ្ឋ​សហគមន៍ ដែល​មាន​ជម្លោះ​ដីធ្លី​ចំនួន ១៣​សហគមន៍​ផ្សេងទៀត នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ប្រមាណ​រាប់រយ​នាក់ ក៏​បាន​លើកគ្នា​ឡើង​ទៅ​គាំទ្រ និង​តវ៉ា​នៅមុខ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ស្នើរ​សុំ​អោយ​តុលាការ​ខេត្ត​នេះ ទម្លាក់ចោល​ការចោទប្រកាន់​ដល់ អ្នកស្រី ឡុច ទូច ដែល​ជា​តំណាង​សហគមន៍​អូរ​ខ្សាច់ និង​សមាជិក​៣​នាក់​ទៀត ហើយ​បាន​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ពួកគាត់​ឲ្យមាន​សេរីភាព​វិញ​។​

​ត្រង់​ចំណុច​នេះ អ្នកស្រី ជាប សុធា​រី មន្ត្រី​សមាគម​អាដហុក បាន​កត់សម្គាល់​ថា សវនាការ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា គឺ​ទាំង​លោក​ចៅក្រម​ជំនុំ​ជំ​រះ និង​លោក​ព្រះរាជអាជ្ញា​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ក្នុង​ការសាកសួរ​ដេញដោល និង​ផ្តល់​ឱកាស​ដល់​ជនជាប់ចោទ និង​មេធាវី​ជនជាប់ចោទ​ឆ្លើយបំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ដើម្បី​ដោះ​បន្ទុក​។

​អ្នកស្រី ជាប សុធា​រី​៖«​តាម​ការអះអាង របស់លោក អ៊ូ សុផាត ដែល​ជា​មេភូមិ​នៅក្នុង​ទីតាំង​ដី​ទំនាស់​ដែល​ឋឹត​នៅក្រោម​ការគ្រប់គ្រង របស់គាត់ៗ​បាន​ឆ្លើយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា តំបន់​នេះ គឺជា​តំបន់​ខ្មែរក្រហម​គ្រប់គ្រង សូម្បី​តែ​រូប​លោក​ដែល​រស់នៅ​ទីនោះ ក៏​រូប​លោក​មិន​ដែល​ហ៊ាន​ចូល​ទៅ​កាន់​ដំបន់​នោះ​ផង​ទេ​។ ហើយ​លោក​បាន​បញ្ជាក់​ដែរ​ថា ម្ចាស់​ប័ណ្ណ​ភោគី​ទាំងអស់ ដែល​លក់ និង​ផ្ទេរសិទ្ធិ​ទៅឲ្យ​ឈ្មោះ ឡុញ វណ្ណៈ និង ឈ្មោះ តាន់ តាត់ ហ្នឹង គឺ​លោក​មិន​ដែល​ស្គាល់​នោះទេ​»​។​

​យ៉ាងនេះក្តី សវនាការ​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​មិញ​នេះ មិនទាន់​បាន​បញ្ចប់​ទេ ដោយ​ត្រូវ​លើក​ពេល បន្ត​បើក​សវនាការ នៅ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨​ជា​បន្ត​ទៀត​។​

ចំណែក លោក ញ៉ឹល ភាព ជា​តំណាង​សហគមន៍​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ទូទាំង​ខេត្ត​ព្រះសីហនុ បាន​រិះគន់​នីតិវិធី របស់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ដែល​បា​ន​ឃុំខ្លួន​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ៤​នាក់ ដាក់ពន្ធនាគារ​។

​លោក ញ៉ឹល ភាព​៖ «​ការឃុំ​ខ្លួន​ទៅ​លើ​ប្រជាពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់ ជាពិសេស​យាយ ឡុច ទូច​នេះ គឺ​មិន​បាន​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់​ទេ​។ យើង​ឃើញថា បើ​ផ្អែក​ទៅ​តាម​ឯកសារ​នៃ​ផ្លូវ​ច្បាប់ គឺ​លោក តាន់ តាត់ និង​ឡុញ វណ្ណៈ ដែល​ជា​ដើមបណ្តឹង​ដែល​ប្តឹង​ចោទ​លោកស្រី ឡុច ទូច និង​ពលរដ្ឋ​ប្រាំ​ប្រាំមួយ​អ្នក​ទៀត ពី​បទ​ប្រើ​ប្រើ​ហឹង្សា​ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ គឺ​មិន​ត្រឹមត្រូវ​ទេ​»​។

​កាលពីដើម​ខែ​ឧសភា ឆ្នាំ​២០១៨ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ គឺ លោក ហេង ប៊ុន​ទី បាន​បញ្ជា​ឲ្យកម្លាំង​ក្រោម​ឱវាទ របស់​ខ្លួន​ចុះ​ចាប់​ពលរដ្ឋ​ខាងលើ ទៅ​តាម​ពាក្យបណ្តឹង របស់​លោក​ឧកញ៉ា តាន់ តាត់ ខណៈ​ប្រជាពលរដ្ឋ​ទាំងនោះ កំពុង​ត្រួសត្រាយ​សំអាត​ស្មៅ និង​កាប់​ព្រៃ​នៅ​លើ​ដី​មាន​ជម្លោះ​នោះ​។​

ក្រោយ​មក​តុលាការខេត្ត​ព្រះសីហនុ ក៏បាន​ចោទប្រកាន់​ពលរដ្ឋ​ចំនួន ៤​នាក់​ពី​បទ «​ប្រើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​» តាម​ដើមបណ្តឹង​ឈ្មោះ តាន់ តាត់ មាន​ងារ​ជា​ឧកញ៉ា និង​ឈ្មោះ ឡុញ វណ្ណៈ ដែល​គេ​ស្គាល់​ថា ជា​អ្នក​មាន​ទ្រព្យធន និង​ជា​ឈ្មួញ​រកស៊ី​ដីធ្លី​ដ៏​ល្បី​នៅ​ខេត្ត​ព្រះសីហនុ​៕ ដោយ​៖ ដែន សីមា​

spot_img
×