Thursday, April 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផ្ញើលិខិតទៅកាន់ The Wall Street Journal ដោយស្នើ ៥ ចំណុច

ភ្នំពេញ ៖ ដោយមើលឃើញពីការរំលោភ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយស និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រទេសនិងប្រជាជនកម្ពុជា, គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើលិខិតមួយទៅកាន់ The Wall Street Journal ដោយស្នើចំនួន ៥ ចំណុច។

ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ការហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia” នៅក្នុងអត្ថបទមួយរបស់សារព័ត៌មាន The Wall Street Journal កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ជាការបង្ហាញពីកង្វះវិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន ដែលអាចនាំឱ្យមានការយល់ច្រឡំ ការរើសអើង ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងកិត្តិយសប្រទេស និងប្រជាជនកម្ពុជា ជិត១៨លាននាក់ ដែលត្រូវបានធានាការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

ឯកឧត្តម កែវ រ៉េមី បានថ្លែងបន្តទៀតថា សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ពិតជាមានតួនាទីសំខាន់ណាស់នៅក្នុងសង្គម ប៉ុន្តែសេរីភាពទាំងនេះត្រូវតែអនុវត្តដោយការទទួលខុសត្រូវ និងការគោរពសេចក្តីថ្លៃថ្នូររបស់បុគ្គល ដូចមានចែងក្នុងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជាដើម។ ចំណងជើងព័ត៌មាន ថ្វីត្បិតតែដើម្បីទាក់ទាញការចាប់អារម្មណ៍ ប៉ុន្តែ​មិនគួរក្លាយទៅជាការលាបពណ៌ ការបំផ្លើស ការបំភ្លៃហួសពីការពិតនោះទេ ដែលការណ៍នេះ នឹងធ្វើឱ្យបាត់បង់ជំនឿជឿជាក់និងគុណតម្លៃនៃសេរីភាពសារព័ត៌មានជាមិនខានឡើយ។ សិទ្ធិមនុស្ស ជាពិសេស សិទ្ធិមានកិត្តិយស សេចក្ដីថ្លៃថ្នូរ និងទទួលបាននូវការគោរព គឺជាសេចក្ដីប្រាថ្នារបស់បុគ្គលគ្រប់រូប ហើយមិនគួរទទួលរងនូវការប្រមាថមើលងាយក្នុងរូបភាពណាមួយឡើយ តួយ៉ាងដូចជាការប្រើប្រាស់ពេចន៍ផ្សេងៗនៅក្នុងអត្ថបទសារព័ត៌មាន ឬសេចក្ដីរាយការណ៍ណាមួយ។

ដោយមើលឃើញពីការរំលោភ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយស និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រទេសនិងប្រជាជនកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានស្នើទៅកាន់ The Wall Street Journal ដូចខាងក្រោម៖

  • លុបពាក្យ “Scambodia” ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់
  • ចេញការកែតម្រូវ ឬការបំភ្លឺ ដែលឆ្លុះបញ្ចាំងពីការរាយការណ៍ដែលត្រឹមត្រូវ និងមានតុល្យភាព
  • ជៀសវាងការប្រើប្រាស់ពាក្យពេចន៍ប្រមាថនៅក្នុងការផ្សាយនាពេលអនាគត
  • ធ្វើការសុំទោសជាផ្លូវការចំពោះការប្រើប្រាស់ចំណងជើង
  • កែសម្រួលចំណងជើងឡើងវិញ ដើម្បីឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ មានតុល្យភាព និងមិនធ្វើឱ្យមានការរើសអើងនៅក្នុងបញ្ហានេះ៕រក្សាសិទ្ធដោយ៖សុទ្ធលី
×