Thursday, April 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារលិខិតរបស់សម្តេចធិបតី ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្រោមប្រធានបទ “ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ”

សម្តេចមហាបចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ រក្រោមប្រធានបទ “ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ។

សម្តេចមហាបចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមសម្តែងនូវការអបអរសាទរជាមួយប្រជាជាតិ និងពិភពលោកទាំងមូល ដែលបានរួមគ្នាប្រារព្ធទិវាគ្រុនចាញ់ ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ក្រោមប្រធានបទ “ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាច ធ្វើបាន និងយើងត្រូវតែធ្វើ” ដែលបានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើងទាំងអស់គ្នា ក្នុងការសម្រេច គោលដៅនិងធានាលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងពីក្នុងប្រទេស ចូលរួមចំណែកគាំទ្រគោលដៅតំបន់និងសកល និងការអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឱ្យបន្តចូលរួមសហការនិងសហប្រតិបត្តិការ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយនិរន្តរភាព។

ឆ្នាំ២០២៥ កន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា បានបោះជំហានទៅមុខគួរជាទីមោទនៈ និងអបអរសាទរ ក្រៃលែង ដោយសម្រេចបានយ៉ាងពេញលេញលើគ្រប់គោលដៅគន្លឹះរបស់ “ផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺ គ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១-២០២៥” ជាលទ្ធផលមិនមានករណីឆ្លងជំងឺគ្រុនចាញ់ថ្មីក្នុងប្រទេស កម្ពុជានោះទេ គិតចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៥ ព្រមទាំងមិនមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ រាប់ចាប់ពី ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។ សមិទ្ធផលជោគជ័យនេះ បានបង្ហាញយ៉ាងច្បាស់ពីការចូលរួមអនុវត្តភារកិច្ច យ៉ាងសកម្មប្រកបដោយសមត្ថភាព ការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់របស់យើងទាំងអស់គ្នា ដែលខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៅគ្រប់កម្រិតនៃក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្តភូមិ ប្រជាជនគ្រប់រូបតាមសហគមន៍ ព្រមទាំងដៃគូវិនិយោគ ទាំងជាតិនិងអន្តរជាតិ ដែលបានចូលរួមបំពេញការងារ និងគាំទ្រផែនការយុទ្ធសាស្ត្រជាតិរហូតសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ។

សម្តេចធិបតី បានលើកឡើងបន្តថា ប្រធានបទនៃទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ និងសមិទ្ធផលដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាននាពេលនេះ ពិតជាបានឆ្លុះបញ្ចាំង និងបង្ហាញឱ្យឃើញ យ៉ាងច្បាស់ថា ការលុបបំបាត់ជំងឺគ្រុនចាញ់ គឺយើងពិតជាអាចធ្វើបាន និងត្រូវតែធ្វើទាំងអស់គា្ន ទាំងបុគ្គល គ្រួសារ និងសហគមន៍នៅគ្រប់កម្រិត ព្រមទាំងការសហការពីគ្រប់ភាគី ទាំងកម្រិតជាតិនិងអន្តរជាតិ។ ទន្ទឹមនេះ តួនាទីចម្បង របស់យើងទាំងអស់គ្នា គឺត្រូវតែការពារខ្លួនយើងកុំឱ្យសត្វមូសខាំ និងរួសរាន់ស្វែងរកសេវាពិនិត្យពិគ្រោះសុខភាពដែល នៅជិតបំផុត បើសង្ស័យថាអាចទទួលការចម្លងជំងឺគ្រុនចាញ់បន្ទាប់ពីបានស្នាក់នៅក្នុងភូមិសាស្ត្រមានការចម្លងជំងឺ គ្រុនចាញ់។ ការបញ្ចប់ជំងឺគ្រុនចាញ់ ត្រូវតែជាគោលដៅរួមគ្នាតែមួយ សម្រាប់បង្ការខ្លួនយើងគ្រប់ៗរូប បង្ការគ្រួសារ គ្រប់ៗគ្នា និងបង្កើនជីវភាពគ្រួសារនិងសេដ្ឋកិច្ចសង្គម។
នាឱកាសដ៏វិសេសវិសាលនិងមានអត្ថន័យនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមគូសបញ្ជាក់ប្រកបដោយ មោទនភាពថា ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដំបូងគេនៅក្នុងចំណោមប្រទេសស្ថិតនៅមហាអនុតំបន់ទន្លេមេគង្គ
ដែលសម្រេចបាននូវគោលដៅផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់តាមផែនការ។ សមិទ្ធផលដ៏ ត្រចះត្រចង់នេះ ពិតជាគំរូមេរៀនដ៏ល្អមួយនៃជំហានដំបូងរបស់ផែនការយុទ្ធសាស្ត្រជាតិ ជាត្រីវិស័យច្បាស់លាស់ ត្រឹមត្រូវ ដែលយើងត្រូវបន្តដំណើរដ៏វែងឆ្ងាយទៀតប្រកបដោយស្ថិរភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព សមធម៌ និង បរិយាបន្ន ក្នុងបរិបទបច្ចេកវិទ្យាឌីជីថល ក្រោមឥរិយាបថទទួលខុសត្រូវខ្ពស់ក្នុងឆន្ទៈប្តេជ្ញារួមគ្នាបង្ការ ទប់ស្កាត់ និង ធានាថាជំងឺគ្រុនចាញ់នឹងមិនកើតមានក្នុងប្រទេសកម្ពុជាឡើងវិញ គិតចាប់ពីឆ្នាំ២០២៦-២០៣៥ ព្រមទាំងបង្ការ ទប់ស្កាត់ទាន់ពេលវេលានៃការរីករាលដាលជំងឺគ្រុនចាញ់នាំចូលពីបណ្តាប្រទេសផ្សេងទៀត ដែលនៅមានជំងឺគ្រុនចាញ់នៅឡើយ។

យើងប្តេជ្ញាថែរក្សាសមិទ្ធផល “កម្ពុជាគ្មានជំងឺគ្រុនចាញ់” ដែលជាជោគជ័យជាប្រវត្តិសាស្ត្រឱ្យនៅស្ថិតស្ថេរ
ខ្ញុំព្រះករុណា ខ្ញុំសូមឧទ្ទិសខ្លឹមសារ និងអត្ថន័យនៃទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ” ស្ថិតនៅជាស្មារតី និងការប្ដេជ្ញាចិត្តរបស់ប្រជាពលរដ្ឋម្នាក់ៗ តាមរយៈការរួមសាមគ្គី និងការខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីកម្ពុជាអាចបន្តថែរក្សាសមិទ្ធផលសម្រេចបានប្រកបដោយចីរភាព និងសូមឱ្យការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប
ក្លាយជាកម្លាំងដ៏សំខាន់ក្នុងការការពារសុខភាពសាធារណៈដែលនឹងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាឧត្តមប្រយោជន៍ជាតិមាតុភូមិរបស់យើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×