Monday, April 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ»

ភ្នំពេញ ៖ សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦
ក្នុងនាមរាជរដ្ឋាភិបាលនិងខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាមួយ បងប្អូនកម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ដែលជា ការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក កម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម, និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅ បម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ។ ឈរលើស្មារតីនេះ រាជរដ្ឋាភិបាល មិនត្រឹមតែមានឆន្ទៈមោះមុតក្នុងការទាក់ទាញវិនិយោគ ដើម្បីជំរុញសន្ទុះអភិវឌ្ឍសេដ្ឋកិច្ចជាតិ, បង្កើតសហគ្រាស ក្រុមហ៊ុន រោងចក្រ និងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងមានមហិច្ឆតាខ្ពស់ ក្នុងការកសាង ប្រព័ន្ធសេដ្ឋកិច្ចមួយដែលមានស្ថិរភាពយូរអង្វែង និងការបង្កើតការងារសមរម្យប្រកបដោយបរិយាបន្ន ដើម្បី នាំមកនូវសេចក្តីសុខក្សេមក្សាន្តនិងវិបុលភាពជូនប្រជាពលរដ្ឋគ្រប់រូប ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។
បច្ចុប្បន្ន បើទោះជាត្រូវប្រឈមនឹងការលំបាកនិងឧបសគ្គ ទាំងកត្តាខាងក្នុងនិងកត្តាខាងក្រៅយ៉ាងណាក្តី តាមរយៈកម្លាំងមហាសាមគ្គីប្រជាជាតិដ៏រឹងមាំ កម្ពុជាបាននិងកំពុងបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់ គួរជាទីមោទនៈលើមាគ៌ានៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រជាធិបតេយ្យ នីតិរដ្ឋ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាមនុញ្ញផលអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរក្សាលំនឹងនៃជីវភាព របស់ប្រជាពលរដ្ឋនិងបងប្អូនកម្មករនិយោជិត។ នៅឆ្នាំ២០២៥ កន្លងទៅនេះ រាជរដ្ឋាភិបាលបានខិតខំជម្នះបាន នូវបញ្ហាប្រឈម និងសម្របខ្លួនទៅនឹងការប្រែប្រួលនៃសភាពការណ៍តំបន់និងសកលលោក ដែលកើតឡើង ជាបន្តបន្ទាប់និងដំណាលៗគ្នា ដោយសម្រេចឱ្យបាននូវគោលដៅសូចនាករគន្លឹះ ដែលបានកំណត់ក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥ ជាមួយនឹងការចាត់វិធានការអន្តរាគមន៍ចំពោះវិបត្តិនានាទាន់ពេលនិងចំទិសដៅ។
សុខសន្តិភាពពេញលេញដែលយើងបានខិតខំរួមគ្នាថែរក្សា តាមរយៈ នយោបាយឈ្នះ ឈ្នះ របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ បន្ថែមពីនេះ គោលនយោបាយនិងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល អាចគ្រប់គ្រងនិងដោះស្រាយបានគ្រប់ស្ថានភាព ទោះបីជាត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ក្នុងបរិការណ៍សកល ក៏ដូចជាការរំលោភបំពាន លើអធិបតេយ្យនិងបូរណភាពទឹកដីយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនិងបន្ត ស្ថិតលើមាគ៌ាកំណើនដ៏រឹងមាំក្នុងអត្រាប្រមាណ ៥,២% ក្នុងឆ្នាំ២០២៥។ សម្រាប់ឆ្នាំ២០២៦នេះ កំណើន សេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានព្យាករថានឹងរក្សាអត្រាកំណើនខ្ពស់ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីភាពធន់នៃសេដ្ឋកិច្ចជាតិក្នុងបរិការណ៍នៃការវិវឌ្ឍយ៉ាងស្មុគស្មាញនៃសេដ្ឋកិច្ច និងនយោបាយទាំងក្នុងតំបន់ និងសកលលោក។
រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ដោយបានជំរុញឱ្យមានលំហូរវិនិយោគផ្ទាល់ពីបរទេស បន្តកើនឡើងយ៉ាងខ្លាំងក្លាគួរជាទីមោទនៈ។ ជាក់ស្តែង ក្នុងរយៈពេលពីរខែនាដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ ផ្ទាល់ពីបរទេសសរុបចំនួន ១០៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៦៦លានដុល្លារអាម៉េរិក ដែលនឹងបង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ។ បន្ថែមលើនេះ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួន ៤៧ ០២៩សហគ្រាស ជាមួយនឹងចំនួនកម្មករ និយោជិតសរុបកើនឡើងដល់ប្រមាណ ២,៣លាននាក់។
រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់ជីវភាពរបស់បងប្អូនកម្មករនិយោជិតទោះបីជា ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកលដែលពោរពេញដោយភាពមិនប្រាកដប្រជា និងរងសម្ពាធវិបត្តិដែលបង្ក ការរាំងស្ទះដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេសជាច្រើនក៏ដោយ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមចំនួន ២ដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប កើនឡើងដល់ ២១០ដុល្លារអាម៉េរិក ក្នុងមួយខែ។ ក្រៅពីការដំឡើងប្រាក់ឈ្នួល រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីសម្រួល ដល់តម្លៃលក់រាយប្រេងឥន្ធនៈក្នុងអំឡុងពេលវិបត្តិសកល។ លើសពីនេះ តាមរយៈការពិភាក្សានិងឯកភាពជាមួយ ភាគីនិយោជក យើងបានសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាម៉េរិក បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅដែលមានស្រាប់ រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលត្រឡប់ មករកប្រក្រតីភាពវិញ។ ជាលទ្ធផល ដោយបូកបញ្ចូលទាំងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗនិងប្រាក់សោហ៊ុយ ធ្វើដំណើរបណ្តោះអាសន្ននេះ កម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់ចំណូលជាក់ស្តែងទាបបំផុតចន្លោះពី ២២៩,៥ ដល់ ២៤០,៥ដុល្លារអាម៉េរិក ក្នុងមួយខែ។
រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ នៅកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត តាមរយៈការពង្រឹងនិងពង្រីកយន្តការតាមដានត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាពនិងសុខភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ និងវិសាលភាពគ្របដណ្តប់នៃ របបសន្តិសុខសង្គមជាបន្តបន្ទាប់។ ជាក់ស្តែង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើនសមាជិកឡើងដល់ប្រមាណ ៣,៦ លាននាក់ ក្នុងនោះសមាជិកតាមរបបភាគទានដោយស្ម័គ្រចិត្តមានចំនួនក្នុងរង្វង់ ៩២ម៉ឺននាក់។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ស្ត្រីមានផ្ទៃពោះចំនួនប្រមាណ ៧៦,២ម៉ឺននាក់ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួនប្រមាណ ៨៣ម៉ឺននាក់ បានទទួលអត្ថប្រយោជន៍ដោយផ្ទាល់ពីកម្មវិធីគាំពារសង្គមដ៏មានសារៈសំខាន់នេះ។
ស្របតាម រាជរដ្ឋាភិបាលបានបន្តខិតខំលើកកម្ពស់សុខដុមនីយកម្មនិងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ច្បាប់ជាតិនិងបទដ្ឋានការងារអន្តរជាតិ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។ ជាលទ្ធផល គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ អង្គការវិជ្ជាជីវៈចំនួន ៦ ៩២០ បានចុះបញ្ជីកា ក្នុងនោះរួមមាន សហភាពសហជីពចំនួន ៤៣, សហព័ន្ធសហជីពចំនួន ២៨៥, សហជីពមូលដ្ឋានចំនួន ៦ ៥៧៩ និងសមាគមនិយោជកចំនួន ១៣។ ដោយឡែក យន្តការដោះស្រាយវិវាទការងារត្រូវបានអនុវត្តកាន់តែមានប្រសិទ្ធភាពនិងល្អប្រសើរជាងមុន ទាំងនៅកម្រិតក្រសួង និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយសម្រេចបានអត្រាសះជាខ្ពស់រហូតដល់ ៩៧,៩២% ដែលតួលេខនេះ ឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃទំនាក់ទំនងវិជ្ជាជីវៈនិងស្ថិរភាពក្នុងចង្វាក់ផលិតកម្ម។
ក្នុងគោលដៅលើកកម្ពស់ការងារសមរម្យ កម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអង្គការអន្តរជាតិ ខាងការងារ អនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសចំនួន ៦ដំណាក់កាល និងកម្មវិធីមុខរបរនិងការងារ សមរម្យសម្រាប់យុវជនកម្ពុជាចំនួន ៣ដំណាក់កាល គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានិងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនេះ កម្ពុជាក៏បានដើរតួជា ប្រទេសត្រួសត្រាយផ្លូវគំរូ ក្នុងគំនិតផ្តួចផ្តើមកាតាលីករសកលស្តីពីការងារសមរម្យនិងការគាំពារសង្គមសម្រាប់ អន្តរកាលយុត្តិធម៌ ដែលជាចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ គំនិតផ្តួចផ្តើមនេះ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនូវ ផែនទីបង្ហាញផ្លូវ កាលពីចុងឆ្នាំ២០២៤ ក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីធានាបាននូវប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់បំផុត។
ក្នុងនាមរាជរដ្ឋាភិបាលនិងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធទាំងអស់ដែលបាន ខិតខំសម្រេចនូវលទ្ធផលការងារជាច្រើនគួរជាទីមោទនៈក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអនុវត្តប្រកបដោយជោគជ័យនូវអនុសាសន៍គន្លឹះទាំង ១០ចំណុច របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងអនុសាសន៍ទាំង ១០ចំណុច របស់ខ្ញុំ ជាពិសេស ការអនុវត្តដោយជោគជ័យនូវវិធានការ គាំទ្រនិងកិច្ចអន្តរាគមន៍ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងដោះស្រាយផ្តល់ឱកាសការងារនិងបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ជូនបងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ ប្រមាណ ៩៦ម៉ឺននាក់ ដែលក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សហការជាមួយរដ្ឋបាលខេត្តជាប់ព្រំដែន អាជ្ញាធរមានសមត្ថកិច្ច សហភាពសហព័ន្ធយុវជន កម្ពុជា ចុះអន្តរាគមន៍ដើម្បីសម្រួលនីតិវិធីឆ្លងដែនបានដោយងាយស្រួលនិងឆាប់រហ័ស, ការផ្តល់អាហារសម្រន់ និងសម្ភារៈសង្គ្រោះបឋមដោយមានគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលសំចត, ការដាក់ឱ្យដំណើរការប្រព័ន្ធឆ្លើយតប បន្ទាន់ ១២៩៧ មានអ្នកប្រចាំការ៧ថ្ងៃ/សប្តាហ៍ និងយុទ្ធនាការ «ខ្មែរជួយរកការងារឱ្យខ្មែរ», ការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ៦០១លើក ដោយនាំយកឱកាសការងារនិងវត្តមានតំណាង សហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅដល់មូលដ្ឋានឃុំ សង្កាត់ របស់បងប្អូនអតីតពលករផ្ទាល់តែម្តង, ការដាក់ចេញ យុទ្ធនាការផ្សព្វផ្សាយនៅតាមទីសាធារណៈនិងតាមដងផ្លូវ ដោយបានដំឡើងប៉ាណូផ្សព្វផ្សាយសរុប ១៩១ទីតាំង និងការដាក់ដំណើរការប្រព័ន្ធស្វែងរកការងារតាមប្រព័ន្ធតេឡេក្រាម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×