Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន UnionPay ដាក់​ឲ្យ​ដំណើរការប្រព័​ន្ធ​ទូទាត់​ប្រាក់ តាមរយៈ QR កូដ និង​តាម​បណ្ដាញ​អ៊ី​ន​ធើ​ណែ​ត​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ សេវាកម្ម​ទូទាត់​ប្រាក់​តាមរយៈ​កូដ QR និង​តាម​បណ្ដាញ​អុីន​ធើ​ណែត ត្រូវបាន​ក្រុមហ៊ុន UnionPay ប្រកាស​ដាក់ឲ្យ​ដំណើរការ នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារ Mekong Bank Public Limited (MekongBank) និង​ក្រុមហ៊ុន Bongloy Playment Plc កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​ការដាក់​ឲ្យ​ដំណើរការ សេវាកម្ម​ទូទាត់​ប្រាក់​នេះ គឺជា​ការផ្តួចផ្តើម​របស់ ក្រុមហ៊ុន UnionPay ក្នុង​ការឆ្លើយតប ទៅ​នឹង​ការ​លោត​ផ្លោះ នៃ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា ដែល​កំពុង​តែ​តម្រង់ទិស​ទៅកាន់ “​សេដ្ឋកិច្ច​ឌីជីថល​” ជាពិសេស​ការរួមចំណែក ក្នុង​ការអភិវឌ្ឍន៍ នៃ​ប្រព័ន្ធ​ទូទាត់​ប្រាក់​ដោយ​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់ និង​ការធ្វើ​ពាណិជ្ជកម្ម​អេឡិចត្រូនិច (​លក់ទំនិញ​អន​ឡា​ញ​) សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​។

គិត​ត្រឹម​ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ ចំនួន​អ្នកប្រើប្រាស់​អុីន​ធើ​ណែត នៅក្នុង​ប្រទេស​កម្ពុជា បាន​កើនឡើង​រហូត​ដល់​ទៅ ១២​លាន​នាក់ ដែល​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៧ ចំនួន​អ្នកប្រើប្រាស់​អុីន​ធើ​ណែត​នៅក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ត្រឹមតែ ១០,៨​លាន​អ្នក​ប៉ុណ្ណោះ​។ ប្រជាជន​មាន​អាយុ​ក្រោម ៣០​ឆ្នាំ មាន​ចំនួន​៦៥% នៃ​ចំនួន​ប្រជាជន​សរុប ហើយ ៨០% នៃ​អ្នកប្រើប្រាស់​ទូរស័ព្ទ​ដៃ​ទំនើប មាន​អាយុ​ក្រោម ៣៥​ឆ្នាំ​។ នេះ​បញ្ជាក់​ឲ្យឃើញថា ស្ថិតិ​នៃ​ប្រជាសាស្ត្រ​នេះ បាន​ចូល​រួមចំណែក​ដល់​ប្រព័ន្ធ​អេកូ (ecosystem) សម្រាប់​អ្នក​ដែល​អាច​ទទួលយកបាន​ដំបូង នូវ​បច្ចេកវិទ្យា​ហិរញ្ញាវត្ថុ​នេះ​។​

​លោក សឺ វិ​ន​ចាវ (Shi Wenchao) ប្រធាន​ក្រុមហ៊ុន China UnionPay និង​ជា​អនុប្រធាន ក្រុមហ៊ុន UnionPay International បាន​មាន​ឲ្យដឹងថា “​ជាមួយ​នឹង​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស របស់​ប្រទេស​កម្ពុជា ទៅ​ជា​សង្គម​មួយ​ដែល​ធ្វើការ​ទូទាត់​ប្រាក់ ដោយ​ពុំ​ប្រើ​ក្រដាស់ប្រាក់ ក្រុមហ៊ុន UnionPay បាន​នឹង​កំពុង​រួសរាន់​បញ្ចេញ នូវ​សេវាកម្ម​ទូទាត់​ប្រាក់ តាមរយៈ​កូដ QR និង​តាមរយៈ​អុីន​ធើ​ណែត ដើម្បី​ជួយ​ដល់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម អាច​ទទួលយក​នូវ​ការទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​ឌីជីថល​។ អ្នកលក់ដូរ​តាម​អុីន​ធឺ​ណែត រួម​ទាំង​គេហទំព័រ ពាណិជ្ជកម្ម​អេឡិចត្រូនិក​, កម្ម​វិធី​ធ្វើ​ដំណើរ​, កម្មវិធី​ទូរស័ព្ទ​ចល័ត​, ផ្សារ​ទំនើប​, ភោជនីយដ្ឋាន​, ហាង​កាហ្វេ និង​ហាង​លក់ដូរ អាច​ទទួលយក​ការទូទាត់ ប្រាក់​តាមរយៈ UnionPay QR Code និង UnionPay Online Payments បាន​។​”

​ចំណែក លោក ខូវ ប៊ុន​ឆាយ (Khov Boun Chhay) ដែល​ជា​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​មេគង្គ បាន​លើកឡើង​ថា “​ការចាប់ផ្ដើម​ដំណើរការ ជា​លើកដំបូង​នៅ​កម្ពុជា នៃ​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម UnionPay QR Code នឹង​នាំមក​នូវ​វិធីសាស្ត្រ​ទូទាត់​ប្រាក់ ជំនាន់​ក្រោយ​គេ​បំផុត ទៅកាន់​ឈ្មួញ និង​អ្នក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​ជួយ​សម្រួល​ដល់​សេវាកម្ម ទូទាត់​ប្រាក់​នៅ​កម្ពុជា ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ផងដែរ​។ ប្រទេស​កម្ពុជា​កំពុង​បង្កើនល្បឿន នៅក្នុង​ការបង្កើត​បរិយាកាស នៃ​ការទូត​ទាត់​ប្រាក់ តាម​ប្រព័ន្ធ​ឌីជីថល​។ ក្នុងនោះ គេ​ជឿជាក់ថា ការបង់ប្រាក់​តាម​ប្រព័ន្ធ QR Code នឹង​ផ្តល់ជូន​អ្នកប្រើប្រាស់ នូវ​ភាពងាយស្រួល​ក្នុង​ការទូទាត់ មិន​ត្រឹមតែ​ឆាប់រហ័ស និង​ងាយស្រួល​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​សុវត្ថិភាព​ទៀតផង ហើយ​វា​គឺជា​កំលាំងចលករ ខណៈពេល​ដែល​វា​នឹង​ពង្រីក ដល់​ចំណែក​ផ្សេងទៀត នាពេល​អនាគត​។​”

​ជាមួយគ្នានេះដែរ លោក ប៉ែន ចាន់​ដា នាយក​ប្រតិបត្តិ និង​ជា​សហ​ស្ថាបនិក របស់​ក្រុមហ៊ុន Bongloy Payment ក៏​បានឲ្យ​ដឹង​ដែរថា “​យើង​រីករាយ​ណាស់ ដែល​បាន​ធ្វើ​ជា​ដៃគូ ជាមួយ​ក្រុមហ៊ុន UnionPay នៅ​កម្ពុជា​។ API របស់​យើង គឺជា​ម៉ាស៊ីន ដែល​ផ្តល់​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ ទូទាត់​ប្រាក់​សម្រាប់​អាជីវកម្ម ចាប់ពី​អាជីវកម្ម​ទើប​បង្កើត​ថ្មី រហូត​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ ដែល​អាច​ឱ្យ​ពួកគេ​ទទួល​បាន​ការទូទាត់​ប្រាក់ តាម​ប្រព័ន្ធ​របស់​ក្រុមហ៊ុន UnionPay តាមរយៈ​កម្មវិធី​ទូរស័ព្ទ និង​គេហទំព័រ​របស់​ពួកគេ​។ តាមរយៈ​ភាពជា​ដៃគូ​នេះ វា​នឹង​ជំរុញ​ការផ្លាស់ប្តូរ​តាមរយៈ ការណែនាំ​ផលិតផល ដែល​ផ្តល់ជូន​នូវ​ការទូទាត់​ប្រាក់ កាន់តែ​ងាយស្រួល​មួយកំរិត​ទៀត សម្រាប់​អតិថិជន​របស់​ក្រុមហ៊ុន UnionPay ។​”

​ក្នុង​អំឡុងពេល​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​លោក សឺ វិ​ន​ចាវ ក៏​បាន​ជួប​សំដែង​ការគួរសម ជាមួយ​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​បាន​ធ្វើ​ការផ្លាស់ប្តូ​រ​បទពិសោធ​ន៏​គ្នា​ទៅវិញទៅមក លើ​ការអភិវឌ្ឍន៍​ប្រទេស ជាមួយ​ទំនើបភាវូបនីយកម្ម បច្ចេកវិទ្យា​ព័ត៌មាន ឌីជីថល និង​ការសាងសង់​រដ្ឋាភិបាល​វៃ​ឆ្លាត​។

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ លោក ក៏​បាន​ជួប​ជាមួយ​លោក​ជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង នៃ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​លើ​អាជីវកម្ម​របស់​ក្រុមហ៊ុន UnionPay និង​វឌ្ឍនភាព​ថ្មីៗ ក្នុង​ការជួយ​ប្រទេស​ជិត​ខាង​កម្ពុជា ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​។

ភាគី​ទាំងពីរ ក៏​បាន​ស្វែងយល់​ពី​កិច្ចសហប្រតិបត្តិការ ដែល​មាន​សក្តានុពល​នៅលើ​ប្រទេស​កម្ពុជា​ផង​ដែរ (Shared Switch, CSS QR កូដ​សម្រាប់​ការទូទាត់ និង​ការតភ្ជាប់​នាពេល​អនាគត​ជាមួយ​បណ្តាញ​ទូទាត់​អាស៊ី (APN) ជាពិសេស​នៅពេល​ដែល UnionPay Chip ស្តង់ដារ ត្រូវបាន​អនុម័ត​សម្រាប់ APN ។

​ក្រុមហ៊ុន UnionPay មាន​ស្ថាប័ន​ជា​ដៃគូ​ប្រមាណ​ជា ១៨០០ នៅ​ទូទាំ​ង​ពិភពលោក ដើម្បី​អាច​ឲ្យ​ឲ្យ​កាតទូទាត់​ប្រាក់របស់ UnionPay អាច​ប្រើប្រាស់​បាន​នៅក្នុង ១៧០ ប្រទេស​និង​តំបន់​។ កាត​ទូត​ទាត់​ប្រាក់​របស់ UnionPay ត្រូវបាន​ចេញ​ឲ្យប្រើ​ប្រាស់ នៅក្នុង ៤៨​ប្រទេស និង​តំបន់​។

UnionPay ផ្តល់ជូន​នូវ​សេវា ដែល​មាន​គុណភាព​ខ្ពស់ តម្លៃ​សមរម្យ និង​មាន​សុវត្ថិភាព ឆ្លងកាត់​ព្រំដែន​ដល់​ម្ចាស់​ប័ណ្ណ ធំ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក ដែល​មាន​ចំនួន​ជាង ៧ ពាន់​លាន​នាក់ និង​ធានាបាន​នូវ​សេវា​ក្នុងស្រុក យ៉ាង​ងាយស្រួល​បំផុត ដល់​ម្ចាស់​ប័ណ្ណ UnionPay CardPay និង​ម្ចាស់​អាជីវកម្ម​ផងដែរ​។

​គិត​រហូត​មកដល់​ពេល​បច្ចុប្បន្ននេះ ក្រុមហ៊ុន UnionPay បាន​សហការ​ជា​ដៃគូ ជាង ១៦ ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​អាច​ទទួលយក​ការទូទាត់​ប្រាក់​តាម​ប័ណ្ណ UnionPay និង​ផ្តល់​នូវ​ផលិតផល និង​សេវាកម្ម​បង់ប្រាក់​ជាច្រើន​ទៀត​។ អ្នក​អាច​ចេញ​ប័ណ្ណ UnionPay រួម​មាន​ធនាគារ អេស៊ីលីដា​, ធនាគារ ABA, ធនាគារ​ចិន (​ហុងកុង​) លីមីត​ធី​ត​រាជធានី​ភ្នំពេញ​, ធនាគារ​កម្ពុជា​អាស៊ី​, ធនាគារ​មេគង្គ​កម្ពុជា សាធារណៈ​លីមីត​ធី​ត​, ធនាគារ​កាណាឌីយ៉ា និង​ធនាគារ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ចិន​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​មើល​គេហទំព័រ www.facebook.com/UnionPayKH ៕ ដោយ ​៖ ​កូឡាប

spot_img
×