Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ធំៗ មិន​គួរ​ដាក់​បន្តុប​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​របស់​ពួកគេ មកលើ​ប្រទេស​ដែល​តូច​ជាង​ខ្លួន​នោះឡើយ ព្រោះ​ប្រទេស​តូចៗ​ទាំងនេះ ក៏​មាន​អធិបតេយ្យភាព​ដែរ​ (វីដេអូ)

spot_img

​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​សុន្ទរកថា ប្រកប​ដោយ​អត្ថន័យ​បំផុត នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ នៅ​បុរី​ញូវយ៉ក ហើយ​ដែល​ទើបនឹង​បញ្ចប់​សុន្ទរកថា នៅវេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​សម្តេច​តេជោ បាន​ថ្លែងថា ជូន​បងប្អូន​ជនរួមជាតិ​ពេលនេះ ខ្ញុំ​កំពុង​អង្គុយ​នៅលើ​កៅអី​កម្ពុជា ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣​។ ថ្ងៃត្រង់​នេះ​ខ្ញុំ​នឹង​ឡើង​ថ្លែង​សុន្ទរកថា និង ពេល​ល្ងាច​ខ្ញុំ​នឹង​ជួប​អគ្គលេខា​អង្គការសហប្រជាជាតិ​។ ពាក្យ​ខ្មែរ​ថា​ដេញទាន់​កុំ​ជាន់​កែង ប៉ុន្តែ​ពួក​បោកប្រាស់​នៅ​កម្ពុជា ពិសេស​ទណ្ឌិត​រត់ចោល​គុក បើ​មិន​ជាន់កែង​មិន​រាងចាល​ទេ​។​
​ឯណា​ទៅ​អាមេរិក​មិន​ឲ្យ​ជាន់ដី​? ឯណា​ទៅ​ដែល​អសនៈ នៅ​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​ព្យូរ​?

ឯណា​ទៅ​ដែល​គេ​មិន​ឲ្យ​ប្រតិភូ​លោក​ហ៊ុន សែន​ចូលរួម​ប្រជុំ​? អ្នក​បោកប្រាស់​គេ​គួរ​ទៅ​រៀន​ថែមទៀត​។ ឯ​អ្នក​ជឿ​គេ​បោក​គួរ​មាន​ការអៀនខ្មាស​ផងដែរ​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើង​ថា ប្រទេស​មហាអំណាច​មួយ​ចំនួន​កំពុង​នឹង​យក បញ្ហា​សិទ្ធិមនុស្ស ធ្វើជា​ខែល​បិទបាំង​មហិច្ឆតា ពិសពុល​របស់​ពួកគេ ក្នុង​ការជ្រៀតជ្រែក​លើ​ការងារ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​។​

​បញ្ហា​សិទ្ធិមនុស្ស និង​ការអនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ ត្រូវបាន​គេ​មើល​ឃើញ​ជា​បញ្ហា​ដ៏​ពេញនិយម របស់​ប្រទេស​លោក​សេរី រួម​ទាំង​អាមេរិក​ផង តែងតែ​យក​ធ្វើ​ជា​លេស ដើម្បី​ធ្វើ​ជា​ទណ្ឌកម្ម ឬ​ឈានដល់​ផ្តួលរំលំ​របប​ដឹកនាំ នៅ​បណ្តា​ប្រទេស​មួយចំនួន​ថែមទៀត​ផង​។ នៅក្នុង​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន ក៏​ដូចគ្នា​ផងដែរ បញ្ហា​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នេះ ក្លាយទៅជា​ចំណោទបញ្ហា​មួយ ដែល​អាមេរិក និង​លោក​សេរី​មួយចំនួនទៀត យក​ធ្វើ​បញ្ហា​វាយប្រហារ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ពី​ក្នុង​ទីស្នាក់ការ​អង្គការសហប្រជាជាតិ ស្ថិត​លើ​ទឹកដី​អាមេរិក​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា បញ្ហា​សិទ្ធិ​មនុស្ស​នា​ពេលបច្ចុប្បន្ន​នេះ បាន​ក្លាយទៅជា បេសកកម្ម​ដើម្បី​បំពាក់​អរិយធម៌ សម្រាប់​ប្រទេស​មាន​អំណាច​មួយចំនួន ឬ ក៏​អាច​និយាយបាន​ថា ជា​និយាម​ប្រតិបត្តិ​ថ្មី​ដែល​គេ​យក​ធ្វើជា​លេស សម្រាប់​លូក​ដៃ​ជ្រៀតជ្រែក​ការងារ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​។​

​សម្តេច​តេជោ បាន​ថ្លែង​បញ្ជាក់​ដូច្នេះ “​ការដាក់ទណ្ឌកម្ម​ជា​ឯកតោ​ភាគី បាន​ក្លាយទៅជា​អាវុធ​ដ៏​ពេញនិយម នៃ​ប្រទេស​មហាអំណាច នៅក្នុង​ការគ្រប់គ្រង​នយោបាយ​អន្តរជាតិ ដែល​ស្ថិតនៅ​ក្រោម​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​។ ទាំងនេះ គឺ​គ្មាន​អ្វី​ក្រៅពី​ការប្រើ​អំណាច ដោយ​កម្រោល​របស់​រដ្ឋ​មួយ ដើម្បី​បន្តុប​ឆន្ទៈ​របស់​ខ្លួន ទៅលើ​រដ្ឋ​អធិបតេយ្យ​ដទៃ​នោះ​ឡើយ​”​។​

​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើង​ថា សម័យកាល​ចក្រពត្តិនិយម និង​អាណានិគមនិយម​សម្រាប់​ពិភពលោក វា​បាន​ក្លាយទៅជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ទៅហើយ​។ ដូច្នេះ​ប្រទេស​ធំៗ មិន​គួរ​ដាក់​បន្តុប​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​របស់​ពួកគេ មកលើ​ប្រទេស​នានា ដែល​តូច​ជាង​ខ្លួន​នោះឡើយ ព្រោះ​ប្រទេស​តូចៗ​ទាំងនេះ ក៏​មាន​អធិបតេយ្យភាព និង​មាន​សេចក្តីប្រាថ្នា​ស្របច្បាប់ ក្នុងការ​រក្សា​នូវ​អត្តសញ្ញាណ​របស់​ខ្លួន​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដែរ​ថា សម័យកាល​បច្ចុប្បន្ននេះ ជា​សម័យកាល​ដែល​ប្រទេស​ទាំងអស់ នៅលើ​ពិភពលោក​ពឹងផ្អែក​គ្នា​ទៅវិញទៅមក ហើយ​ផ្នត់គំនិត​ចាប់បង្ខំ​ដ៏​ចាស់គំរិល​នោះ គួរតែ​ត្រូវបាន​បានបញ្ចប់​។ សម្តេច​តេជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ប្រទេស​តូច ប្រទេស​ធំ ត្រូវតែ​រួមគ្នា​គោរព និង​លើកតម្កើង​វិធាន​នៃ​ច្បាប់​អន្តរ​ចាតិ និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ដែល​ចែង​ពី​ការគោរព​គ្នា និង​មិន​ជ្រៀតជ្រែក​គ្នា​នោះ​ ។

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ទៅកាន់​អង្គការសហប្រជាជាតិ​ថា ព្រោះតែ​មហិច្ឆតា​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា មជ្ឈដ្ឋាន​ខាងក្រៅ​បន្ត​ធ្វើ​ជា​មើល​មិន​ឃើញ​នូវ​គុណភាព និង​សុច្ចរិត​ភាព​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​។ សម្តេច​តេជោ បាន​ប្រាប់​ទៅ​វេទិកា​អន្តរជាតិ​មួយ​នេះ​ថា ការព្យាយាម​មិន​ទទួលស្គាល់​លើ​ការបោះឆ្នោត​នេះ ជា​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ លើ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។​

​នៅ​ចំពោះមុខ​មន្ត្រី​អង្គការសហប្រជាជាតិ និង​មេដឹកនាំ​បណ្តា​ប្រទេស​នានា ដែល​បាន​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការ​សហ​ប្រជា​ជាតិ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើក​បង្ហាញ​ពី​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ធ្វើឡើង​ការ​ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ​ប្រកបដោយ​ភាពល្អប្រសើរ​។​

​សម្តេច​តេជោ បាន​ថ្លែងថា ការបោះឆ្នោត​កន្លងទៅ​មាន​ប្រជាពលរដ្ឋ ចេញ​ទៅ​បោះឆ្នោត​ជិត ៧​លាន​នាក់ ឬ​ស្មើនឹង ៨៣,០២​ភាគរយ នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​សរុប​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​បន្ថែមទៀតថា ប្រជា​ព ល​រដ្ឋ​កម្ពុជា បាន​ចេញ​ទៅ​បោះឆ្នោត និង​បាន​សម្រេច​យក​នូវ​ជម្រើស នយោបាយ​របស់​ពួកគេ​ដោយ​សេរី និង​ដោយ​គ្មាន​ការបង្ខិតបង្ខំ ឬ ការគំរាមកំហែង ឬ​អំពើ​ហិង្សា​ណាមួយ​នោះ​ឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ផង​ដែរ​ថា គណបក្សនយោបាយ​ចំនួន​២០ បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត ដែល​ជា​ការបង្ហាញ​យ៉ាងច្បាស់ នូវ​ភាព​ជា​តំណាង​ស្របច្បាប់ នៃ​ន​យោ​យ​បាយ​ពហុ​និយម និង​ឆ្លុះបញ្ចាំង​នូវ​អ្វី​ដែល​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​រាប់​ម៉ឺន​នាក់ បាន​បរិយាយ​ថា ជា​ដំណើ​រការ​លទ្ធិប្រជាធិបតេយ្យ​ប្រកបដោយ​ស្ថិរភាព​នៅ​កម្ពុជា និង​ជា​ការបោះ​ឆ្នោត​មាន​លក្ខណៈ​សេរី យុត្តិធម៌ និង​អាច​ជឿ​ទុកចិត្តបាន​។ តាមរយៈ​សន្លឹកឆ្នោតរ​បស់​ពួកគេ ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ជា​ថ្មី​ទៀត នូវ​បំណងប្រាថ្នា​ចង់បាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជាប់​មិន​ដាច់​។ ជា​ការពិត​ជម្រើស​ដោយ​សេរី​របស់​ប្រជាជន​កម្ពុជា និង​លទ្ធផល​ប្រកប​ដោយ​ធម្មានុរូប​នៃ​ការបោះឆ្នោត​នេះ មិនមែន​ជា​ប្រធានបទ​ដែល​ត្រូវ​ចោទសួរ ឬ​ពិភាក្សា​ដេញដោល​នោះទេ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏បាន​លើកឡើង​ដែរ​ថា បើទោះបី​ការបោះឆ្នោត​នេះ បាន​ប្រព្រឹត្តទៅ​ក្នុង​ស្ថានភាព​ល្អប្រសើ​រ​យ៉ាងណាក្តី តែ​ក៏​នៅតែ​មាន​មជ្ឈដ្ឋាន​អន្តរជាតិ​មួយ​ចំនួន ដែល​ប៉ុនប៉ង​ជ្រៀតជ្រែក​ការងារ​ផ្ទៃក្នុង​របស់​កម្ពុជា នៅ​តែ​ធ្វើ​ជា​មើលមិនឃើញ នូវ​ភាព​ល្អប្រសើរ​នៃ​ការបោះឆ្នោត​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថា មជ្ឈដ្ឋាន​ខាងក្រៅ​មួយចំនួន ដែល​ចិញ្ចឹម​ជាប់​នូវ​មហិច្ឆតា​ប៉ុនប៉ង​ជ្រៀតជ្រែក ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា នៅ​តែ​ធ្វើ​ជា​មើល​មិន​ឃើញ​នូវ​គុណភាព និង​សុចរិត​ភាព​នៃ​ដំណើរការ​បោះឆ្នោត របស់​យើង​តាមរយៈ​ការចេញ សេចក្តីថ្លែងការណ៍​នានា ប្រឆាំងនឹង ឬ វាយប្រហារ​លើ​លទ្ធផល​បោះឆ្នោត​នេះ ដែល​ទង្វើ​នេះ គឺជា​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ចំពោះ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​៕ ដោយ​ ៖​ កូឡាប​

​ខាងក្រោម​នេះ​ជា​ទិដ្ឋាភាព​ទាំងស្រុង ដែល​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​កម្ពុជា ឡើង​ថ្លែង​សុន្ទ​កថា​នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ​៖

      

 

spot_img
×