Tuesday, May 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ៖ ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព និងចីរភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ សន្ដិសុខថាមពល និរន្តរភាពបរិស្ថាន

នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គ និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំសម្របសម្រួលស្ដីពីការរៀបចំផែនការអាងទន្លេដែលមានភាពធន់សម្រាប់ក្រុមអាងទន្លេសាប នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម និងតាមរយៈប្រព័ន្ធវីដេអូ ដោយមានវត្តមានអញ្ជើញចូលរួមពីលោក Lance Gore អ្នកឯកទេសជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គ អាជ្ញាធទន្លេសាប តំណាងទីប្រឹក្សាគម្រោង និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) ជាពិសេស ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព និងចីរភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ សន្ដិសុខថាមពល និរន្តរភាពបរិស្ថាន និងភាពធន់នឹងអាកាសធាតុ សំដៅឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ជាប្រទេសដែលមានចំណូលខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា ផែនការមេនេះមិនមែនគ្រាន់តែជាលំហាត់បច្ចេកទេសនោះទេ ប៉ុន្តែគឺជាស្ពានយុទ្ធសាស្ត្រមួយទៅកាន់អនាគតរបស់ប្រទេសកម្ពុជា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេល ២០ ទៅ ៣០ ឆ្នាំខាងមុខ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ឱ្យបន្តគាំទ្រដល់ការអភិវឌ្ឍ និងការអនុវត្តផែនការមេស្តីពីទឹកនៅពេលការរៀបចំបានបញ្ចប់ ដើម្បីធានាបាននូវសន្តិសុខទឹកសម្រាប់មនុស្សជំនាន់ក្រោយៗទៀត និងបានស្នើឱ្យធ្វើការផ្លាស់ប្ដូរឱ្យលើសពីការផ្តល់ហិរញ្ញប្បទានបែបប្រពៃណី ទៅជាដៃគូសហការជាយុទ្ធសាស្ត្រ តាមរយៈការសម្របសម្រួល និងការធ្វើឱ្យស៊ីសង្វាក់គ្នា ការអភិវឌ្ឍមូលដ្ឋានទិន្នន័យ និងការអភិវឌ្ឍធនធានមនុស្សនិងសមត្ថភាពស្ថាប័ន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×