ស្វាយរៀង៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលធ្លក នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានទទួលពាក្យបណ្តឹងពីឈ្មោះ ផាន់ សាម៉ុន ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ប្តឹងចោទទៅលើព្រះសង្ឃព្រះនាមឈ្មោះ ម៉ៅ សុត ព្រះជន្ម ២៦វស្សា គង់នៅវត្តភូមិធំ ស្ថិតនៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ បានលួមលោមរំលោភចៅស្រីឈ្មោះ រ. ល.ត អាយុ ១៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នារហូតបានសម្រេច។
ក្រោយពីបានទទួលព័ត៌មានរួចមកលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក មន្ទីរធម្មការ និងសាសនាខេត្ត អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការ អាចារ្យវត្ត ចុះដល់ទីតាំងកើតហេតុ ព្រមទាំងបានឃាត់ខ្លួនព្រះសង្ឃព្រះនាម ម៉ៅ សុត តាមរយៈការសួរនាំ និងបានឆ្លើយបំភ្លឺថាខ្លួនបានទំនាក់ទំនងតាមរយៈទូរស័ព្ទជាមួយជនរងគ្រោះឈ្មោះ រ. ល.ត. ភេទស្រី អាយុ១៣ឆ្នាំ លួងលោមស្នេហារហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង១០នាទី ក៏បានទំនាក់ទំនងទៀតឱ្យមកក្នុងទីធ្លាវត្តបន្ទាប់មកឱ្យជនរងគ្រោះដើរចូលក្នុងបន្ទប់ (កុដិសឹង) ធ្វើសកម្មភាពរំលោភសេពសន្ថវៈ រហូតបានសម្រេចមួយដង។
បច្ចុប្បន្ន ព្រះសង្ឃត្រូវបានមន្ទីរធម្មការ និងគណៈកម្មការ អាចារ្យវត្ត ចាប់បង្ខំផ្សឹកលាចាកសិក្ខាបទ ដើម្បីប្រគល់ជូនសមត្ថកិច្ច។
អធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឯកភាពឱ្យសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី




