Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​វេង សាខុន​៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការអភិវឌ្ឍ​ប្រទេស​

spot_img

​ភ្នំពេញ ​៖ លោក​រដ្ឋមន្ត្រី​វេង សាខុន សង្ឃឹម​និង​ជឿជាក់ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការអភិវឌ្ឍ​ប្រទេស ឲ្យមាន​ការរីកចម្រើន​បន្ថែម​ទៀត ជា​ពិសេស​ការអភិវឌ្ឍ​សាក​វប្បកម្ម និង​ស្វាយចន្ទី ។​

​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី Carin Salerno នាយក​ទីភ្នាក់ងារ​ស្វីស​ដើម្បី​ការ​អភិវឌ្ឍ​និង​សហប្រតិបត្តិការ (SDC) បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​សន្ទនា​ដៃគូ​វិស័យ​សាធារណៈ និង​ឯកជន​ស្តីពី​ការអភិវឌ្ឍ​សាក​វប្បកម្ម និង​ស្វាយចន្ទី ដែល​ពិធី​នេះ​បាន​រៀបចំ​ប្រារព្វ​នៅ​សណ្ឋាគារ Raffles Le Royal Phnom Penh ។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា គម្រោង CAMBODIA HARVEST II របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) និង​គម្រោង​បន្លែ ផ្លែឈើ​កម្ពុជា (Cambodian Horticulture Project Advancing Income and Nutrition, CHAIN) របស់​ទី​ភ្នាក់​ស្វីស​ដើម្បី​អភិវឌ្ឍ​និង​សហ​ប្រតិបត្តិការ ដែល​បាន​សហការ​យ៉ាង​ល្អប្រសើរ​ក្នុង​ការរៀបចំ​វេទិកា​នេះ​ឡើង ដោយ​មាន​ការចូលរួម​ពី​ស្ថាប័ន​សាធារណៈ វិស័យ​ឯកជន អង្គភាព​ស្រាវជ្រាវ ផ្សព្វផ្សាយ​អប់រំ​កសិកម្ម និង​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន​និង​សហគមន៍​ដើម្បី​ចែក​ពី​រំលែក​បទពិសោធន៍ មេរៀន​ល្អៗ សក្តានុពល​នៃ​អនុវិស័យ​សាកវប្បកម្ម​និង​ដំណាំ​ស្វាយចន្ទី និង​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​ដើម្បី​កំណត់​នូវ​អាទិភាព​នៃ​បញ្ហា​នេះ និង​រិះរក​វិធានការ​ដោះស្រាយ​ប្រកបដោយ​តម្លាភាព ស័ក្តសិ​ទ្ធភាព និង​ទាន់​ពេលវេលា​ស្រប​តាម​ចក្ខុវិស័យ​នៃ​គោលនយោបាយ​លើ​ការអភិវឌ្ឍ​អនុវិស័យ​សាកវប្បកម្ម និង​ស្វាយចន្ទី​នៅ​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជូន​វេទិកា​សន្ទនា​នេះ​ថា ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​ឯកជន​ថ្នាក់ជាតិ​ស្តីពី “​ការអភិវឌ្ឍ​ដំណាំ​សាក​វប្បកម្ម និង​ដំណាំ​ស្វាយចន្ទី​” នាពេលនេះ ពិតជា​បាន​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ក្នុង​ការបង្កើន​ផលិតភាព ពិពិធ​កម្ម ក​សិ​-​ពាណិជ្ជកម្ម និង​ធាតុ​ចូល​សម្រាប់​ជា​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សាក​វប្បកម្ម និង​ដំណាំ​ស្វាយចន្ទី​នាពេល​អនាគត​។ ជាមួយ​កម្មវិធី​នយោ​បាយ​យ៉ាង​ត្រឹមត្រូវ និង​តាមរយៈ​កម្មវិធី​កែទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ សេវាសាធារណៈ និង​ថាមពល គឺជា​បរិយាកាស​​ដ៏​អនុគ្រោះ​សម្រាប់​ការវិនិយោគ និង​ពង្រឹង​ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត “​ភាព​ជា​ដៃគូ​ដ៏​ឈ្លាសវៃ​” រវាង​រាជរដ្ឋាភិបាល​និង​ផ្នែក​ឯកជន ទាំង​នៅក្នុង​ការអភិវឌ្ឍន៍​ទូទៅ​ជា​រួម និង​ទាំង​នៅក្នុង​កិច្ចការ​កែលម្អ​បរិយាកាស​សម្រាប់​ការវិនិយោគ និង​ធុរកិច្ច​នៅ​កម្ពុជា និយាយ​ដោយឡែក​។ ទោះជា​យ៉ាងណា លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់បន្ថែម​ថា ការអភិវឌ្ឍ​អនុវិស័យ​សាក​វប្បកម្ម ដំណាំ​រួមផ្សំ និង​ដំណាំ​ឧស្សា​ហកម្ម​នៅ​មាន​កម្រិត ដូចជា​ផលិតភាព ការស្រាវជ្រាវ​ពូជ​ដំណាំ ការផ្តល់​សេវា​បច្ចេកទេស និង​ការអភិវឌ្ឍ​ខ្សែចង្វាក់​ផ្គត់ផ្គង់ កសិផល​មិនទាន់​ឆ្លើយតបបាន​ទៅនឹង​តម្រូវ​ទីផ្សារ​។ ដោយឡែក​ការប្រើប្រាស់​ដី​កសិកម្ម​មិនទាន់​អស់​សក្តានុពល យន្តការ​នៃ​ការផ្តល់​ព័ត៌មាន​ទីផ្សារ កសិកម្ម​ដោយ​ផ្សារភ្ជាប់ នឹង​ផែនការ​ដាំ​ដុះ​និង​ប្រមូល​ផល ប្រព័ន្ធ​អនាម័យ និង​ភូតគាម​អនាម័យ​នៅ​មិនទាន់​មាន​ភាពរឹងមាំ ការវិនិយោគ​លើ​ការកែច្នៃ និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​គាំទ្រ​ដល់​ការផលិត ការកែច្នៃ និង​ទីផ្សារ​មាន​ភាពខ្វះខាត​។​

​ឈរ​លើ​មូលបញ្ហា​ខាងលើនេះ ក្រសួង​បាននិងកំពុង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា និង​ប្រទេស​ផ្ដល់​ជំនួយ​ដើម្បី​ជួយ​គាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស​ក្នុង​ការចូលរួម​ជំរុញ​លើកកម្ពស់​បង្កើន​ផលិតភាព​ដំណាំ​សាកវប្បកម្ម និង​ដំណាំ​ស្វាយចន្ទី ទាំង​គុណភាព សុវត្ថិភាព​ឲ្យបាន​សម​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ឆ្លើយតប​ទៅ​តាម​តម្រូវការ​ទីផ្សា​រទាំង​ក្នុង និង​ក្រៅ​ប្រទេស​។ ឆ្លៀត​ក្នុង​ឱកាស​ដ៏​មាន​សារៈសំខាន់​នេះ លោក​រដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​ឲ្យ​សមាជិក សមាជិកា​នៃ​អង្គ​វេទិកា​ទាំងមូល​យក​អស់​ប្រាជ្ញា​ស្មារតី​ចំណេះដឹង​និង​បទពិសោធន៍​ល្អៗ ដើម្បី​ធ្វើការ​ពិនិត្យ​ឲ្យបាន​ល្អិតល្អន់ និង​ស៊ីជម្រៅ​លើ​ធាតុ​ចូល​សំខាន់ៗ និង​ជា​ពិសេស​ចំណុច​សំខាន់ៗ​ដែល​ត្រូវ​ពិនិត្យ​ពិចារណា និង​ផ្តល់​យោបល់​ឲ្យបាន​ទូលំទូលាយ​ស៊ីជម្រៅ​នោះគឺ​៖ ទី​១-​ការបន្ត​ពង្រឹង​ប្រព័ន្ធ​អនាម័យ និង​ភូតគាម​អនាម័យ ការវិនិយោគ​បន្ថែម​លើ​មន្ទីរពិសោធន៍​គុណភាព​សម្រាប់​ការនាំចេញ ព្រមទាំង​ជំរុញ​ការផលិត និង​ប្រើប្រាស់​ផលិតផល​កសិកម្ម​ក្នុង​ស្រុក​។ ទី​២-​បន្ត​ជំរុញ​ការរៀបចំ និង​អនុវត្ត ច្បាប់​ស្តីពី​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ និង ច្បាប់​ស្តីពី​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។ ទី​៣-​លើកកម្ពស់​ឧស្សាហកម្ម​កែ​ចៃ្ន តាមរយៈ​ការជំរុញ​ការវិនិយោគ លើ​កសិផល​ដែល​មាន​សក្តានុពល ដូចជា​ស្រូវ ដំ​ទ្បូង​មី ម្រេច ស្វាយ ស្វាយចន្ទី ចេក កៅស៊ូ បន្លែ តាមរយៈ​ការរៀបចំ​យុទ្ធសាស្ត្រ​តាម​មុខ​ដំណាំ​នី​មួយៗ​។ ទី​៤- បន្ត​ជំរុញ​ការ​ដាំ​បន្លែ​គ្រប់​ប្រភេទ​ជំនួស​ឱ្យ​ការ​នាំចូល និង​សម្របសម្រួល​ការរៀបចំ​បង្កើត​ទីផ្សារ​បោះ​ដុំ និង​ចែកចាយ​បន្លែ ដែល​មាន​ស្តង់ដារ និង​អនាម័យ​ខ្ពស់​។​

ឆ្លៀត​ក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នេះ លោក​រដ្ឋមន្ត្រី​ជា​ថ្មី​ម្តងទៀត​បាន​ថ្លែងអំណរគុណ ជូន​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក តាមរយៈ​ទីភ្នាក់ងារ​សហ​រដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) បាន​រៀបចំ​គម្រោង​គាំទ្រ​ដល់​វិស័យ​វារីវប្បកម្ម​ដែលមាន ថវិកា​សរុប​ប្រមាណ​ជាង ២៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×