Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ក្រោម​របប​លន់នល់​

spot_img

​ការរីក​រាលដាល​នៃ​សង្គ្រាម​អាមេរិក​នៅ​ប្រទេស​វៀតណាម​មកលើ​ប្រទេស​កម្ពុជា បាន​នាំមក​នូវ​ការបំផ្លិចបំផ្លាញ​វប្បធម៌​សង្គម​របស់​សហគមន៍​ជនជាតិ​ជាច្រើន​។ ដូច​សម្ដេច​សីហនុ​ដែរ លោក​លន់នល់ (១៩៧០- ១៩៧៥) ចង់ឱ្យមាន​អត្តសញ្ញាណ​តែមួយ​សម្រាប់​ជនជាតិ​ទាំងឡាយ​នៅ​កម្ពុជា ដោយ​លោក​អះអាងថា ក្រុម​ជនជាតិ​ទាំងអស់​នៅ​កម្ពុជា​សុទ្ធតែ​មានពូជ​ពង្ស​ដ៏​ឧត្តុង្គឧត្តម​ពី​ជនជាតិខ្មែរ លើកលែងតែ​ជនជាតិ​ចិន​និង​ជនជាតិ វៀតណាម​តែប៉ុណ្ណោះ​។

​បន្ទាប់ពី​បាន​ឡើងកាន់​អំណាច​អស់​រយៈពេល​ជាច្រើន​ខែ​មក រដ្ឋាភិបាល​លោក​លន់នល់ បាន សម្លាប់​រង្គាល​ជនជាតិ​វៀតណាម​អស់​រាប់ពាន់នាក់ ហើយ​សកម្មភាព​នេះ​ធ្វើឱ្យ​មានការ​ថ្កោលទោស និង​ការភ័យខ្លាច​យ៉ាង ខ្លាំង​ពី​សំណាក់​សហគមន៍​ចិន​នៅ​កម្ពុជា និង​ជនជាតិ​ចិន​នៅ​បរទេស​។ ដើម្បី​ដោះស្រាយ​ជាមួយ​សហគមន៍​ចិន​ទាំងនេះ នៅ​ថ្ងៃទី​១៨​មីនា ឆ្នាំ​១៩៧០ លោក​លន់ នល់ បានធ្វើ​សេចក្តីប្រកាស​ទូទាំងប្រទេស​ចំពោះ​ជនជាតិ​ទាំងឡាយ​ដែល​លោក ចាត់ទុកថា​ជា «​មិត្តភក្ដិ​ដ៏​ជាទី​ស្រឡាញ់​បំផុត​របស់លោក​» ឱ្យ​រស់នៅក្នុង​ភាពស្ងប់ស្ងាត់​។ នៅពេលនោះ​លោក​លន់នល់ ក៏​បានចេញ​សារាចរ​មួយ​ណែនាំ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់​ជួយ​ទប់ស្កាត់​មិន​ឱ្យមាន​សកម្មភាព​ណាមួយ​ដែល​អាច​បង្ក​ឱ្យ មាន​គ្រោះថ្នាក់​ដល់​ជនជាតិ​ចិន (Henry Kamm ឆ្នាំ​១៩៧០)​។

​ទន្ទឹមនឹង​ខិតខំ​ការពារ​ចំពោះ​ជនជាតិ​ចិន លោក​លន់នល់ បាន​បិទ​សាលារៀន​និង​កាសែត​ទាំងអស់ ដោយ​ចោទប្រកាន់ថា ទាំង​ជនជាតិ​ចិន​និង​ជនជាតិ​វៀតណាម​សុទ្ធតែ​អ្នកបង្ក​ឱ្យមាន​ការបាត់​បង់​នូវ​ទំនៀមទម្លាប់​និង​សីលធម៌​រស់នៅ​របស់​ខ្មែរ​បន្តិច​ម្ដងៗ ហើយ​ថា​ជនជាតិ​ទាំងពីរ​នេះ​មានគំនិត​ផ្សព្វផ្សាយ​លទ្ធិ​កុ​ម្មុយ​និ​ស្ត​នៅ​ស្រុក​ខ្មែរ ។​ក្រុម​សមាគមនិស្សិត​ដែលមាន​ទីតាំង ប្រ​វ​តិ្ត​សាសន៍​របស់ខ្លួន​នៅ​លា​លា​រៀន​មួយ ឈ្មោះ​យ៉ូ​កៃ (Yucai School) នៅ​ឃុំ​កោះទាវ ស្រុក​កោះធំ ខេត្តកណ្ដាល បាន​រំលឹក​ឱ្យដឹងពី​ព្រឹត្តិការណ៍​នៃ​ការបិទ​សាលារៀន​ចិន​ដោយ​បង្ខំ​ពី​សំណាក់​រដ្ឋអំណាច​របស់​លោក​លន់នល់ នៅក្នុង​ឆ្នាំ​១៩៧០ ពីព្រោះ​ពួកគេ​យល់ថា ភាសា​ចិន​គឺជា​ភាសា​របស់​ពួក​កុ​ម្មុយ​និ​ស្ត​។​

​នៅពេលដែល​រដ្ឋអំណាច​លន់នល់ ធ្វើ​យុទ្ធនា​ការបង្ក្រាប​អ្នក​ដែលមាន​ភក្តីភាព​ចំពោះ​ខ្មែរក្រហម ពួក​ប៉ូលិស​បាន​ផ្តោត​គោលដៅ​ទៅលើ​អ្នក​ដែលមាន​សែស្រឡាយ​ជា​ជន​ជាតិចិន​។ ជនជាតិ​ចិន​ទាជីវ​ជំនា​ន់ទី​២ ម្នាក់​បាន​រំលឹក​អំពី​ប្រវត្តិ​ដែល​គាត់​ត្រូវបាន​គេ​ចាប់ខ្លួន​នៅ​ខេត្តក្រចេះ ដែលជា​ស្រុកកំណើត​របស់គាត់ ដោយសារតែ «​ខ្ញុំ​ជា​ជនជាតិ​ចិន និយាយ​ភាសា​ខ្មែរ​បានល្អ និង​ជា​អ្នកចេះដឹង​ខ្ពង់ខ្ពស់​។ ដូច្នេះ​ពួកគេ​បាន​សង្ស័យថា​ខ្ញុំ​ជា​អ្នក​ស៊ើបការណ៍​ឱ្យ​ពួក​កុម្មុយនីស្ត​»​។​

​ទោះជា​យ៉ាងណាក៏ដោយ របប​លន់នល់ បាប​បំភ្លេចចោល​នូវ​គោល​គំនិត​ចង់​បង្កើត​ខេ​មរ​យាន​កម្ម​បែប​ថ្មី នៅពេលដែល​ការ វាយប្រហារ​ខាង​ផ្នែក​យោធា​ជាមួយ​ប៉ុលពត កាន់តែ​ធំ​ឡើង​ហើយ​នៅពេលនោះ​លោក​លន់នល់ បាន​អំពាវនាវ​ឱ្យ​ក្រុម​ជនជាតិ​ទាំងឡាយ​ចូលរួម​ក្នុង​ចលនា​កងទ័ព​សាធារណរដ្ឋ​របស់លោក​។ អ្នករកស៊ី​លក់​សាច់ជ្រូក​កូន​ចិន​កាត់​ខ្មែរ​ម្នាក់​មកពី​ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម​បាន​រំលឹក​ឱ្យដឹងថា បន្ទាប់ពី​បាន​ជោគជ័យ​ក្នុងការ​ធ្វើការ​រដ្ឋប្រហា​រល​ន់នល់ បានផ្តល់​អត្តសញ្ញាណប័ណ្ណ​ពិសេស​ដល់​ជនជាតិ​ចិន ហើយ​យកពន្ធ​ពិសេស​មួយ​ពី​ជន​ជាតិចិន​ទាំងនោះ​។ រដ្ឋអំណាច​របស់​លន់​នល់ ក៏បាន​ចាប់​ជន​ជាតិចិន​ឱ្យធ្វើ​ទាហាន​ដែរ​។ ខណៈពេលដែល​ឈ្មោះ​របស់​ជនជាតិ​ចិន​មាន​នៅលើ​តារាង​ប្រចាំថ្ងៃ​របស់​អ្នកផ្តល់ជំនួយ​មូលនិធិ​ក្នុងនាម​ជា​កងកម្លាំង ការពារ​របស់​របប​លន់នល់ និង​ក្នុង​ខណៈពេលដែល​ជន​ជាតិចិន​មួយចំនួន​បាន​ទាញ​ប្រយោជន៍​ពី​ការធ្វើ​ជំនួញ ដោយ​បង្កើត​បណ្ដាញ​រកស៊ី​ក្នុង​ពេលធ្វើ​សង្គ្រាម​នោះ លោក​លន់នល់ មិនបាន​អត់ឱន​ឱ្យ​ជនជាតិ​ចិន​ទាំង​នេះឡើយ​។
​ប្រទេស​ចិន​បាន​គាំទ្រ​សម្ដេច​សីហនុ និង​ចលនា​រណសិរ្ស​បង្រួបបង្រួម​ជាតិ​កម្ពុជា​យ៉ាង​ពេញទំហឹង ហើយ​នៅពេលនោះ​ជនជាតិ​ចិន​និង​ចិន​កាត់​ខ្មែរ​ទាំងឡាយ​មាន​ចលនា​ទាំងឡាយ​បាន​ដើរ​តាម​ចលនា​នេះ​។ ក្រៅពី​ចងសម្ព័ន្ធភាព​ជាមួយ​ស​ម្តេច​សីហនុ ការប្តេជ្ញាចិត្ត​ដើរ​តាម​គំនិត​របស់​ម៉ៅ​សេទុង រួមទាំង​មនោសញ្ចេតនា​របស់ខ្លួន ចង់​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ផង​នោះ កូនសិស្ស​ជាច្រើន​នៅ​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​នានា​បាន​ចូលរួម​ជាមួយនឹង ចលនា​បង្រួបបង្រួម​ជាតិ​នៅតាម​តំបន់​រំដោះ​ទាំងឡាយ​។ ទន្ទឹមនឹង​នោះដែរ ជន​ជាតិចិន​ជាច្រើន​នៅតាម​តំបន់​ដាច់ស្រយាល ក៏បាន​សម្រេចចិត្ត​រត់​ចូល​ព្រៃ​ដើម្បី​កាន់​អាវុធ​តាម​ការអំពាវនាវ​រប​ស់ស​ម្តេច​សីហនុ និង​ចូលរួម​ជាមួយ​ខ្មែរក្រហម​៕
​លី​សា​

spot_img
×