នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម មេសុត អើសចាន់ (Mesut Özcan) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋតួកគីយ៉េប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រដោយអបអរសាទរំពោះឯកឧត្តមអគ្គរដ្ឋទូតរបស់តួកគីថ្មីដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោបានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺបញ្ជាក់អំពីការផ្ដល់តម្លៃចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី។សម្ដេចសង្ឃឹមថា វត្តមានរបស់ឯកឧត្តមក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតនឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងតួកគីឱ្យកាន់តែរីកចម្រើនបន្តទៀត។
ឯកឧត្តមអគ្គរដ្ឋទូតតួកគីបានលើកឡើងថា ជាកិត្តិយសណាស់ដែលឯកឧត្តមបានមានឱកាសជួបនិងជូនសារតាំងចំពោះសម្ដេចតេជោដែលជាប្រមុខរដ្ឋស្តីទីនៅពេលនេះ ហើយក្នុងតួនាទីរបស់ឯកឧត្តមជាឯកអគ្គរដ្ឋទូតថ្មីឯកឧត្តមនឹងខិតខំប្រឹងប្រែងនៅក្នុងការធ្វើយ៉ាងណាពង្រឹងនូវទំនាក់ទំនងឱ្យកាន់តែល្អរវាងកម្ពុជា និងតួកគី ហើយឯកឧត្តមបានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីពូនជ្រុំបន្ថែមនៅទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ។
សម្ដេចតេជោបានអរគុណនិងពេញចិត្តចំពោះការ
ប្ដេជ្ញាចិត្តរបស់ឯកឧត្តមអគ្គរដ្ឋទូតថ្មីក្នុងការលើកកម្ពស់ ទំនាក់ទំនងរវាងកម្ពុជា និងតួកគី។
សម្ដេចតេជោបានពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងនៅក្នុងក្របខ័ណ្ឌនៃស្ថាប័ននីតិប្រតិបត្តិក្របខ័ណ្ឌនីតិបញ្ញត្តិ ដែលប្រទេសទាំងពីរបានធ្វើមកជាមួយគ្នា ហើយនាពេលកន្លងមកប្រទេសទាំងពីរមានជើងហោះហើរជាមួយគ្នា និងក៏មានស្ថានទូតនៅក្នុងប្រទេសនីមួយៗទៀតផង ដែលទាំងនេះ
បង្ហាញយ៉ាងច្បាស់អំពីការផ្ដល់តម្លៃនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី។ សម្ដេចតេជោក៏បានអរគុណចំពោះតួកគីដែលកន្លងមកបានចូលរួមចំណែកក្នុងការជួយដល់កម្ពុជាជាពិសេសគឺការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ហើយភាគីទាំងពីរនៅមានសក្កានុពលជាច្រើនទៀតដែលត្រូវពង្រឹងបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឱ្យកិច្ច
សហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យឯកឧត្តមអគ្គរដ្ឋទូតតួកគីថ្មីទទួលជោគជ័យនៅក្នុងបេសកកម្មនៅក្នុងប្រទេសកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















