ខេត្តសៀមរាប៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពុទ្ធាភិសេកព្រះបដិមា «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ស្ថិតនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ដែលជាអតីតរង្វង់មូលព្រលានយន្តហោះអន្តរជាតិសៀមរាប។ ពិធីសក្ការៈនេះ ត្រូវបានរៀបចំឡើងដើម្បីបួងសួងសុំសេចក្តីសុខ សន្តិភាព និងភាពត្រជាក់ត្រជុំ ជូនដល់ទឹកដី និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
ពិធីដ៏មហោឡារិកនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ស៊ីណាត លោកជំទាវ ហង់ ភារី អ៊ឹមសិទ្ធី ,លោកជំទាវ ឆាយ ស៊ីណា ជីវកេង ,ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងលោកជំទាវ, ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ, លោកអ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា គៀន ស្រីនៀង, លោកជំទាវ នេត្រ ភូម៉ារី ,លោកជំទាវ អ៊ឹង មុយគាង ព្រមទាំងលោកជំទាវភរិយាថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ និងរដ្ឋបាលខេត្តសៀមរាប បានសហការគ្នារៀបចំពិធីមង្គលបួងសួងសុំយាង «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» ដង្ហែចេញពីទឹកដីខេត្តឧត្ដរមានជ័យ ត្រឡប់មកកាន់ទីតាំងដើមវិញ បន្ទាប់ពីរូបសំណាកនេះត្រូវបានដកចេញ និងជំនួសដោយរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ អំឡុងឆ្នាំ២០១០។ «ព្រះវិស្ណុគង់លើស្ដេចគ្រុឌ» មិនត្រឹមតែជារូបសំណាកសក្ការៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាដួងព្រលឹងវប្បធម៌ដ៏មានឥទ្ធិពល ដែលនាំមកនូវសេចក្តីសុខសន្តិភាព និងភាពត្រជាក់ត្រជុំដល់ទឹកដី និងប្រជារាស្ត្រខ្មែរ តាំងពីសម័យមុនអង្គរ អង្គរ រហូតមកដល់បច្ចុប្បន្ន ដែលយើងតែងសង្កេតឃើញមានរូបចម្លាក់នេះនៅលើហោជាង ផ្តែរ ឬតាមជ្រុងនៃប្រាសាទបុរាណនានា ដូចជានៅប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និងប្រាសាទព្រះខ័នជាដើម។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងថ្វាយព្រះពរជ័យថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ។ ជាមួយគ្នានោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ និងសូមឱ្យប្រទេសជាតិជៀសផុតពីជំងឺឧបទ្រពចង្រៃ គ្រោះធម្មជាតិនានា មានសេដ្ឋកិច្ចរីកចម្រើន និងសម្បូរទៅដោយភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



















