Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជង់​ មិន​ដែល​ភ្លេច​កុក​៖​​ គោយន្ដ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ចំនួន​ពីរ​គ្រឿង​ ត្រូវ​បាន​កងកម្លាំង​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ល្បាត​ស្ទាក់​ចាប់​បាន​ នៅ​ពេល​ទៀបភ្លឺ​ ថ្ងៃ​ទី​ ២២​ ខែ​ឧសភា​ ឆ្នាំ​២០២៦​

ខេត្តកំពង់ធំ៖ នៅរសៀល​ថ្ងៃ​ទី​ ២២​ ខែ​ ឧសភា​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ អនុប្រធាន​អចិន្ដ្រៃយ៍​នៃ​គណៈកម្មការ​ការ​ពារ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ខេត្តកំពង់​ធំ​ បាន​ទៅ​ពិនិត្យ​គោយន្ដ​កន្ត្រៃ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ចំនួន​ ០២គ្រឿង ​មាន​បរិមាណ​ឈេី​ប្រមាណ​ ជាង​បួន​ម៉ែត្រ​ត្រីគុណ​ ដែល​ត្រូវ​បាន​កងកម្លាំង​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ល្បាត​ស្ទាក់​ចាប់​បាន​ ក្នុង​ពេល​កំពុង​ដឹក​ជញ្ជួន​ឈើ​ខុស​ច្បាប់​ ចេញ​ពី​តំបន់​ព្រំប្រទល់​ខេត្តកំពង់​ធំ​ និងខេត្ត​ក្រចេះ​ ដោយ​ឆ្លង​កាត់​តំបន់​ព្រះអាទិត្យ​ ស្នាក់​ការ​បរិស្ថាន​ខេត្តកំពង់​ធំ​ នៅ​រំលងអាធ្រាត្រ​ ថ្ងៃ​ទី​២១​ ខែ​ឧសភា​ ហើយ​នៅវេលា ទៀប​ភ្លឺ​ថ្ងៃ​ទី​ ២២​ ខែ​ ឧសភា​ ឆ្នាំ​២០២៦​ បានចូល​ដល់​តំបន់​ព្រៃ​សហគមន៍​អូរ​ដាស់​ស្គរ​ ក្នុង​ឃុំ​មានរិទ្ធិ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ ត្រូវ​បាន​កងកម្លាំង​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ស្ទាក់​ចាប់​បាន​ ។

លោកអនុសេនីយ៍​ទោ​ ឃាន​ តុង​ហ៊ាន់​ នាយទាហាន​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ប្រធាន​ក្រុម​ទី​បញ្ជាការ​ស្រាល​ប្រចាំ​ការ​នៅ​តំបន់​ព្រៃ​សហគមន៍​អូរ​ក្រញូង​ ឃុំមានរិទ្ធិ ​ស្រុកសណ្តាន់ បាន​រាយការណ៍​បញ្ជាក់​ថា​ ដោយ​ទទួល​បាន​ពត៌មាន​ពី​បណ្ដាញ​ សម្ងាត់​នៅ​វេលា​ម៉ោង​ ១០:៣០នាទី​យប់​ ថ្ងៃ​ទី​២១​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ បាន​រាយការណ៍​ថា​ មាន​គោយន្ដ​កន្ត្រៃ​ចំនួន​ ពីរ​គ្រឿង​ បាន​ដឹក​ជញ្ជូន​ឈើ​ជម្រៀក​ពេញ​ៗគោយន្ត ​ចេញ​ដំណើរ​ពី​តំបន់​ព្រំប្រទល់​ខេត្តកំពង់​ធំ​ និង​ខេត្ត​ក្រចេះ​ នឹង​ចូល​ដល់​ទឹក​ដី​ខេត្ត​កំពង់​ធំ​ នៅ​វេលា​រំលងអាធ្រាត្រ​នេះ​ ។ ដោយ​ទទួល​បាន​ពត៌មាន​នេះ​ លោកអនុសេនីយ៍​ទោ​ ឃាន​ តុងហ៊ាន់​ បាន​រាយការណ៍​ និង​សុំ​បញ្ជាពី​ឧត្តមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ អនុ​ប្រធាន​អចិន្ដ្រៃយ៍​ នៃ​គណៈកម្មការ​ ការ​ពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ខេត្តកំពង់​ធំ​ ដេីម្បី​ចល័ត​កម្លាំង​ ចេញ​ត្រៀម​ស្ទាក់​ចាប់​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នេះ​ ។ នៅវេលាម៉ោង ៤​ និង​ ១៥នាទីទៀប​ភ្លឺ​ ថ្ងៃ​ទី​ ២២​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ កងកម្លំាង​បាន​ស្ទាក់​ចាប់​បាន​នៅតំបន់ព្រៃ​សហគមន៍​អូរ​ដាស់​ស្គរ​ ដោយ​ម្ចាស់​គោយន្ដ​បាន​ដោះ​ខ្សែ​ពាន​ និង​យក​ម៉ារវេន​ សម្រាប់​បញ្ឆេះ​ម៉ាស៊ីន​គោយន្ដ​រត់​គេច​ខ្លួន​បាត់​ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ អនុប្រធាន​អចិន្ដ្រៃយ៍​នៃ​គណៈកម្មការ​ការ​ពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ខេត្តកំពង់​ធំ​ បាន​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ ចំពោះ​លោក ​អនុ​សេនីយ៍​ទោ​ ឃាន​ តុង​ហ៊ាន់​ នាយ​ទាហាន​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ដែលបាន​ដឹកនាំ​សកម្មភាព​បង្ក្រាប​បទ​ល្មើស ​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់បាន​យ៉ាង​លំបាក​នៅ​ពេល​នេះ​ ដោយសារជនល្មើសបានប្រេីប្រាស់​គ្រប់​រូបភាព​ និង​បណ្ដាញ​យ៉ាង​ប្រទាក់​ក្រឡា​ ដេីម្បី​ប្រព្រឹត្តិ​បទ​ល្មើស​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​ពេល​នេះ​ តែ​មិន​អាច​គេច​ផុត​ពី​កងកម្លាំង​ ដែល​ខិតខំ​ព្យាយាម​ ដូច​ពាក្យ​ចាស់​លោក​ពោល​ថា​ ជង់​ ដែលមិន​ដែល​ភ្លេច​កុក​ តែថ្ងៃ​នេះ​កុក​ បាន​ជាប់ជង់ហេីយ​ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ប្រគល់​ឈើ​ និង​វត្ថុ​តាង​គោយន្ដ​ចំនួន​ ពីរ​គ្រឿង​ ដែល​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​ទៅ​ស្ថាប័ន​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ ទំរីង​ ស្រុកសណ្តាន់​ ដេីម្បី​បន្តចាត់ការ​តាម​នីតិវិធី​ច្បាប់​ និង​បន្ត​ស្រាវជ្រាវ​ មុខ​សញ្ញា​ជន​ប្រព្រឹត្ត​បទល្មើស​ ដេីម្បីបញ្ជូន​ទៅកាន់​តុលាការ​ផ្តន្ទា​ទោស​តាម​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង​ឡើយ​ ។ ហើយ​នៅ​ក្នុង​ឱកាស​នេះ​ផងដែរ​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ក៍បាន​ប្រគល់​ប្រេង​ឥន្ធនៈ​មួយ​ចំនួន​ ជូន​ដល់​លោក​អនុ​សេនី​យ៍ទោ ​ឃាន​ តុង​ហ៊ាន់​ កងកម្លំាង​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ដេីម្បី​បន្តសកម្មភាព​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ ឲ្យ​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត​ ។រក្សាសិទ្ធដោយ៖សុទ្ធលី

×